ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ​៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ ​បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម ​(Facebook) ​មានខ្លឹមសារខ្លីទំាងស្រុងថា ​​"ថ្ងៃសៅរ៍ និងថ្ងៃ អាទិត្យ​ខាងមុខ ខ្ញុំនឹង​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​​ទស្សនកិច្ចការងារ​​នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ​ទស្សនកិច្ចនេះនឹងផ្តោត​សំខាន់ពិភាក្សាលើ​ការពង្រឹងទំនាក់ទំនង​ទ្វេភាគីដែល​នឹងផ្តល់ផល​ប្រយោជន៌សំរាប់​ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ។"

គួរបញ្ជាក់ថា​ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនិង​សហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ​តាមការអញ្ជើញរបស់លោក ថងស៊ីង ថំាម៉ាវង្ស ​នាយករដ្ឋមន្រ្តីឡាវ ​សម្តេចតេជោ ហ៊ុន សែន នឹងដឹកនំា​គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញទៅទស្សន​កិច្ចការងារនៅប្រទេសឡាវ​ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ មីនា ២០១៦ ។

សេចក្តីជូនព័ត៌មាន​ដដែលបានបញ្ជាក់ទៀតថា​ គណៈប្រតិភូអមដំណើររួមមាន សម្តេចវិបុលសេនាភក្តី ​សាយ ឈុំ ប្រធានព្រឹទ្ឋសភា​ លោកឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង ​រដ្ឋមន្រ្តីក្រសួង​ការ​បរទេសនិងសហប្រតិបត្តិការអន្តរជាតិ​ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន​ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ​លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ​រដ្ឋមន្រ្តីក្រសួងការពារជាតិ ​និងសមាជិក​ដទៃទៀតនៃរាជរដ្ឋាភិបាល ​។ អំឡុងពេលទស្សនកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នឹងជួបពិភាក្សាទ្វេភាគីជាមួយ​លោកនាយករដ្ឋមន្រ្តីឡាវ ថងស៊ីង ថំាម៉ាវង្ស ៕