ប្រជាពលរដ្ឋ​តាមដាន​ចំណាត់ការ​ទៅលើ​ក្រុម​ឈ្មួញ​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​បំផ្លាញ​ព្រៃឈើ​

ក្នុង​ប្រតិបត្តិការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មួយ​រយៈពេល​កន្លងទៅ​នេះ​បាន​រកឃើញ​ឈើ​រាប់ម៉ឺន​ម៉ែត្រគូប​នៅក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ព្រមទាំង​ធ្វើ​ពាក្យបណ្ដឹង​ដាក់​ទៅ​តុលាការ​ប្រឆាំង​ឈ្មួញ​ជាច្រើន​នាក់​ផងដែរ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​វិធានការ​ទៅលើ​ក្រុម​ឈ្មួញ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បំផ្លាញ​ព្រៃឈើ ជាពិសេស​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​កាប់​ឈើ​ខុសច្បាប់​។ លើស​នេះ​ទៅទៀត​ប្រជាពលរដ្ឋ​ទូទៅ​អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​ទៅលើ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយចំនួន​ដែល​ដុត​ឈើ​ចោល​ដើម្បី​បំផ្លាញ​ភស្តុតាង​។

​ប្រភពពី​មន្ត្រី​ដែលជា​សមាជិក​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ឲ្យ​ដឹងថា មាន​ក្រុមហ៊ុន​ចំនួន​៥​ដែល​បាន​ស្តុក​ឈើ​ខុសច្បាប់ ហើយ​កំពុង​ប្រឈម​នឹង​ពាក្យបណ្ដឹង​ទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ ក្រុមហ៊ុន​ទាំង​៥​នោះ​រួមមាន ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ក្រុមហ៊ុន​ដាយ​ថា​ន់ ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ និង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​។ មន្ត្រី​សង្គម​ស៊ីវិល​និង​សកម្មជន​ព្រៃឈើ​សង្ឃឹមថា តុលាការ​នឹង​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ម្ចាស់​ក្រុមហ៊ុន​ទាំង​៥​ខាងលើនេះ​ជាមិនខាន​។

តាម​របាយការណ៍​រប​ស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ មាន​ឈើ​ខុសច្បាប់​ចំនួន​៤៣៨៤,៧១៤​ម៉ែត្រគូប ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ មាន​ឈើ​ខុសច្បាប់​ជាង​១​ម៉ឺន​ម៉ែត្រគូប និង​ឈើ​ស្របច្បាប់​៧០០​ម៉ែត្រគូប ក្រុមហ៊ុន​ដាយ​ថា​ន់ មាន​ឈើ​ខុសច្បាប់​ជាង​១​ម៉ឺន​ម៉ែត្រគូប ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន មាន​ឈើ​ខុសច្បាប់​ជាង​១០០០​ម៉ែត្រគូប និង​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ មាន​ឈើ​ខុសច្បាប់​ជិត​១​ម៉ឺន​ម៉ែត្រគូប​។ តាម​តួលេខ​នេះ​គឺ​ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ​ត្រូវ​ប្រឈមមុខ​ក្នុង​តុលា​ការចៀស​មិន​ផុត​ឡើយ ព្រោះ​ទង្វើ​ខុសច្បាប់​របស់​ពួកគេ​មាន​សភាព​ធ្ងន់ធ្ងរ​។

មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់ថា បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច ព្រៃ​ការពារ និង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ខេត្តមណ្ឌលគិរី គឺមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ព្រមទាំង​មន្ត្រី​បរិស្ថាន​ផងដែរ​។ ដូច្នេះ​ទន្ទឹមនឹង​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលា​ការប្ដឹង​ក្រុមហ៊ុន​ដែលជា​ប់​ពាក់ព័ន្ធ​បទល្មើស​បំផ្លាញ​ព្រៃឈើ គឺ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​ចាត់វិធានការ​ទៅលើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ ទើប​មាន​តម្លាភាព​ពិតប្រាកដ​។ ជាពិសេស​អតីត​អភិបាលខេត្ត​មណ្ឌលគិរី លោក អេង ប៊ុន​ហ៊ាង និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី លោក វង់ សុក្រ​សិរី ត្រូវបាន​មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​ព្រៃឈើ​ចោទប្រកាន់ថា ជា​មេខ្លោង​បំផ្លាញ​ព្រៃឈើ​ធំ​បំផុត​នៅក្នុង​ខេត្ត​នេះ​៕

419f7ce1-2560-4e9e-9bdd-6abecb246a87 1e083d51-2b25-4bc3-86bd-207147852831 11f8c91d-d514-47b8-83f4-de1b6bd0167f 47a78997-e9ad-49c8-985f-f379d1ef5825