ល្បែងស៊ីសង​ក្នុង​ទឹកដី​ខណ្ឌចំការមន ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​

​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន ថ្មីៗ​នេះ​ត្រូវ​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ពី​រឿងអាស្រូវ​អំពើពុករលួយ​បក្ខពួកនិយម ហើយ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ក្នុង​មូលដ្ឋាន​របស់ខ្លួន​នោះទេ​។ ហេតុនេះហើយ​ទើប​ល្បែងស៊ីសង​ក៏ដូចជា​អំពើចោរកម្ម លួច​ឆក់​ប្លន់ និង​បទល្មើស​ផ្សេងៗ​រាលដាល​យ៉ាងខ្លាំង​ក្នុង​ខណ្ឌចំការមន បញ្ហា​នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់លោក យិន សាន នោះឡើយ​។ បើ​មិន​ដូច្នេះ​ទេ​បទល្មើស​ផ្សេងៗ​ជាពិសេស​ល្បែងស៊ីសង និង​អំពើចោរកម្ម​រាលដាល​ក្នុង​ទឹកដី​ខណ្ឌចំការមន កាន់តែខ្លាំង​ជាមិនខាន​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន បាន​ឲ្យ​ដឹងថា ទីតាំង​កីឡា​ស្នុ​ក​ឃើ អិន អេស ស៊ី នៅផ្ទះ​លេខ​១០២ ផ្លូវ​លេខ​៩៥ សង្កាត់​បឹងត្របែក ជាទី​តាំង​ដែលមាន​ច្បាប់​អនុញ្ញាត​ប៉ុន្តែ​ម្ចាស់​ទីតាំង​នេះ បាន​បង្កប់​ល្បែងស៊ីសង​វង់​អាប៉ោង​យ៉ាង​ធំ​ដោយ​ក្នុង​មួយថ្ងៃៗ​មាន​អ្នក​លេខ​ភ្នាល់​ចាញ់ឈ្នះ​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មិនមែន​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​ទេ​ដែល​ចូលទៅ​លេខ​អាប៉ោង​នៅក្នុង​ទីតាំង​ស្នុ​ក​ឃើ​នោះ គឺ​មន្ត្រី​ធំៗ​និង​សមត្ថកិច្ច​មួយចំនួន​ក៏​ចូល​ទៅលេង​យ៉ាង​រីករាយ​ដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​អ្នក​ដែល​ធ្លាប់​ចូល​លេង​អាប៉ោង​បាន​បង្ហើប​ថា វង់​អាប៉ោង​ដ៏​ធំ​មាន​មន្ត្រីនគរបាល​ពាក់​ផ្កាយ​២​ម្នាក់​គឺជា​ខ្នងបង្អែក ទើប​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ចុះទៅ​បង្ក្រាប​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​និង​បង្ក្រាប​ជាបន្ទាន់ ព្រោះ​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន បាន​ឆ្លើយ​ដោះសា​ថា​មិនដឹង​រឿង​កន្លែង​ស្នុ​ក​ឃើ​នៅផ្ទះ​លេខ​១០២ ផ្លូវ​លេខ​៩៥ សង្កាត់​បឹងត្របែក មាន​បង្កប់​ល្បែង​អាប៉ោង​នោះទេ​។ ប្រជាពលរដ្ឋ​នៅក្បែរ​នោះបាន​ឲ្យ​ដឹងថា សូម្បីតែ​មន្ត្រីនគរបាល​ដែល​ពាក់​ផ្កាយ​នៅលើ​ស្មា​ក៏មាន​មុខ​ទៅលេង​អាប៉ោង​យ៉ាង​គគ្រឹកគគ្រេង​ដែរ ដោយសារតែ​នគរបាល​ប៉ុស្តិ៍​និង​នគរបាល​ខណ្ឌ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នកលេង​ល្បែង​អាប៉ោង​ភាគច្រើន​ជិះ​រថយន្ត​ទំនើបៗ ជា​អ្នករកស៊ី មន្ត្រីរាជការ សមត្ថកិច្ច​ទៅសម្ងំ​លេង​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​ដោយ​គ្មាន​ការរំខាន​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​។ ហេតុនេះហើយ​ទើប​នៅក្នុង​ទឹកដី​ខណ្ឌចំការមន បច្ចុប្បន្ន​ពោរពេញ​ទៅដោយ​ល្បែងស៊ីសង​និង​អំពើចោរកម្ម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម​៕

Pic15លោក យិន សាន អធិការនគរបាលខណ្ឌចំការមន​