ក្រុមហ៊ុន​ចិន​ជីក​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅក្នុង​ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចិន​មួយ​កំពុង​ជីក​កកាយ​រុករក​រ៉ែ​មាស​ដោយ​មិនទាន់​មានច្បាប់​អនុញ្ញាត​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ហើយ​បង្ហូរ​កាកសំណល់​សារធាតុ​គីមី​ចូលទៅក្នុង​ទឹកអូរ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ប្រហែល​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​ចិន ទើប​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។

​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ត្រូវបាន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​សង្ស័យថា ជា​អ្នកទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ក្រុមហ៊ុន​ចិន​ទើប​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​នោះ ជីក​កកាយ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​តាម​អំពើ​ចិត្ត​។ ជាក់ស្តែង​ថៅកែ​ជនជាតិ​ចិន​និង​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ចិន​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុមហ៊ុន​កំពុង​រត់ការ​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ហើយ​ថា​ការរុករក​នៅពេលនេះ​គ្រាន់តែ​ជាការ​សាកល្បង​ប៉ុណ្ណោះ​។ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​មូល​ដ្នា​ន​ក្នុង​ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ចិន​នោះ​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​រួចជាស្រេច​ទៅហើយ បើទោះបី​មិនទាន់​មានច្បាប់​អនុញ្ញាត​ពី​មន្ទីរ​និង​ក្រសួង​ពាក់ព័ន្ធ​យ៉ាងណាក៏ដោយ​។​

​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង បាន​លើកឡើងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ទេនោះ គឺ​ក្រុមហ៊ុន​ចិន​មិន​អាចធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ស្រុក​ភ្នំព្រឹក​យ៉ាង​អនាធិបតេយ្យ​ដូច​សព្វថ្ងៃ​នោះឡើយ​។ ហេតុនេះហើយ​ទើប​លោក អ៊ា​ន មាឃ ព្យាយាម​ដោះសា​ថា​លោក​បានប្រគល់​ឲ្យ​អាជ្ញាធរ​ស្រុក​ជា​អ្នកមើល​ខុសត្រូវ និង​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ពិនិត្យមើល​ការសាកល្បង​រុក​រ៉ែ​មាស​នោះ​។ ក៏ប៉ុន្តែ​ជាក់ស្តែង​លោក អ៊ា​ន មាឃ គឺជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​បំផ្លាញ​រ៉ែ​មាស​ក្នុងស្រុក​ភ្នំព្រឹក ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​លោក សួន គឿន អភិបាលស្រុក​ភ្នំព្រឹក ក៏​អាច​ជាប់​ពាក់ព័ន្ធ​នៅ​ពីក្រោយ​បទល្មើស​ដែរ​។ អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន​នៅ​ស្រុក​ភ្នំព្រឹក បង្ហូរ​សារធាតុ​គីមី​ចូល​ទឹកអូរ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ទម្លាយ​ព័ត៌មាន​មួយ​នេះ​ជា​សាធារណៈ ដើម្បី​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​បានដឹង ហើយ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​៕

1aas3 frt54 1aas2