សង្ស័យ​ទាហាន​បាញ់​សម្លាប់​ខ្ទីង​ដ៏​កម្រ​ពន្លះសាច់​ហាលងៀត

សង្ស័យ​ទាហាន​បាញ់​សម្លាប់​ខ្ទីង​ដ៏​កម្រ​ពន្លះសាច់​ហាលងៀត

ខេត្តមណ្ឌលគិរី ៖ ខ្ទីង​១​ក្បាល ត្រូវ​បាន​គេ​សម្លាប់​វះ​យក​សាច់​ប្រឡាក់​ហាល​ថ្មី​ៗ​ក្នុង​ព្រៃ​ឬ​ស្សី​មួយ​កន្លែង ដែល​កោះសន្តិភាព​បានឃើញ​ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​៩ មីនា នេះ ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​ដាក់​ការ​សង្ស័យ​ថា ជា​ការ​បាញ់​សម្លាប់​ដោយ​កាំភ្លើង ។ 

លោក ឡុ​ង ប៊ុ​ង ប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី​បាន ប្រាប់​ឱ្យ​ដឹង​ថា លោក​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​សត្វ​កម្រ​នេះ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​យក​សាច់​ជា​អាហារ​បែប​នេះ ក្នុង​ករណី​នេះ​ត្រូវ​បាន​មន្ត្រី​ព្រៃ​ការពារ​មណ្ឌលគិរី​ដាក់​ការ​សង្ស័យ​ថា ការ​បាញ់​សម្លាប់សត្វ​កម្រ​នេះ គឺ​ក្រុម​យោធា​ក្នុង​កងអនុសេនាធំ​ទី​៣ ឬ​ហៅ​ថា​គ​៣ ក្នុងស្រុក​កោះ​ញែក​ជា​អ្នក​បាញ់ប្រហារ ។ បំណែក​សាច់សត្វ​ខ្ទីង​នោះ មាន​ទាំង​ក្បាល ទាំង​គ្រឿងក្នុង និង​សាច់ ត្រូវ​បាន​គេ​ប្រឡាក់​ហាល​ព្រោងព្រាត​នៅ​ក្បែរ​កន្លែង​ដែល​ក្រុម​យោធា ក្នុង​កងអនុសេនាធំ​ទី​៣​ស្នាក់​នៅ មាន​ចម្ងាយ​ពី​កន្លែង​យោធា​ស្នាក់​នៅ និង​កន្លែង​ដែល​ហាល​សាច់សត្វ​ខ្ទីង​នោះ ត្រឹមតែ​៨៥​ម៉ែត្រ​ពី​គ្នា​ប៉ុណ្ណោះ ។

ប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី​សន្និដ្ឋាន​បាន​ថា ករណី​សម្លាប់សត្វ​ខ្ទីង​នេះ មិនមែន​ក្រុម​ព្រានព្រៃ​ចិត្តឫស្យា ចិត្ត​ចោរព្រៃ​ជា​អ្នក​សម្លាប់​នោះ​ទ ព្រោះ​នៅ​ចំណុច​នោះ​មាន​តែ​យោធា​យាមកាម​ឈរជើង​តែ​ប៉ុណ្ណោះ ។ ដូច្នេះ​មិន​អាច​មាន​ជន​ណា​ថ្លើមខ្មៅ ថ្លើម​ក្រិន​ហ៊ាន​បាញ់​សម្លាប់សត្វ​ខ្ទីង​នោះ យក​សាច់​ទៅ​ហាល​នៅ​ក្បែរ​កន្លែង​យោធា​ស្នាក់​នៅ​បាន​ទេ ។ លោក​បន្ត​ថា មនុស្ស​ដែល​ស្នាក់​នៅ​ទីតាំង​ដែល​មាន​ហាល​បំណែក​សាច់សត្វ​ខ្ទីង​នោះ​ចំនួន​៥​នាក់ ទី​១-​ឈ្មោះ អ៊ុ​ក សា​រុន ទី​២-​ឈ្មោះ សុខ មក​រា ទី​៣-​ឈ្មោះ ឯក សំពៅ អ្នក​ទាំង​៣​ជា​មន្ត្រី​យោធា មាន​កាំភ្លើង​អាកា មាន​គ្រាប់​ស្ពាយ​ពេញ​ដើមទ្រូង ។ ទី​៤-​ឈ្មោះ ចេក ទី​៥-​ឈ្មោះ លាង អ្នក​ទាំង​២​ជា​ពលរដ្ឋ​ក្នុងភូមិ ស្រែ​ហ៊ុយ ។

លោក មូល ផាត ប្រធាន​អង្គការ​WWF​ប្រចាំ​ខេត្តមណ្ឌលគិរី បាន​ថ្លែងប្រាប់​ឱ្យ​ដឹង​ដែរ​ថា ការ​បាញ់​សម្លាប់សត្វ​ខ្ទីង ដែល​ជា​ប្រភេទ​សត្វ​កម្រ​នៅ​មណ្ឌលគិរី គឺ​កំពុង​ឈាន​ទៅ​រក​ការ​បាត់បង់​សត្វព្រៃ​បណ្តើរ​ៗ​ហើយ ។ លោក​បាន​អំពាវនាវ​ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទូ​ទាំង​ខេត្ត​ជួយ​បង្កើន​វិធានការ​ក្នុង​ការ​ជួយ​ទប់ស្កាត់​ដល់​មន្ត្រី​កងកម្លាំង ក្នុង​អង្គភាព​មួយ​ចំនួន​ដែល​កំពុង​ប្រើប្រាស់​អាវុធ​ក្នុង​ការ​បាញ់​សម្លាប់​សត្វព្រៃ​ដ៏​កម្រ​ទាំងនេះ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​ផង ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បានឱ្យ​ដឹង​ថា ក្នុង​ករណី​មានការ​បាញ់​សម្លាប់សត្វ​ខ្ទីង​ខាងលើ​នេះ លោក​និង​ស្នើ​ឱ្យ​ប្រធាន​អង្គភាព​ដែល​មាន​ប្រដាប់​អាវុធ​ទូ​ទាំង​ខេត្តមណ្ឌលគិរី ធ្វើ​យ៉ាងណា​ជួយ​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ នឹង​ការ​បាញ់​សម្លាប់សត្វ​ខ្ទីង​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

ក្រុម​អ្នកវិភាគ​និយាយ​ថា ចាំបាច់​អី​ស្រាវជ្រាវ​... ភ័ស្តុតាង​ជាក់ស្តែង​មាន​ក្នុង​រូបថត​កោះសន្តិភាព​នេះ​អស់ហើយ ។ បើ​ចង់​ចាប់​មក​ផ្តន្ទាទោស​ងាយ​ដូច​បក​ចេក ។ សង្ស័យ​មិន​ធ្វើ សង្ស័យ​ស្ងៀម​ជាង​ស្រដី​... សង្ស័យ​បាន​ត្រឹមតែ​ថា​... ហេ​! ហេ​!