Cambodian Tiger អាចជម្រះបញ្ជី ភ្នំពេញក្រោនបានអត់ ស្អែកនេះ?

ភ្នំពេញ៖ ថ្វីត្បិតកម្មវិធីប្រកួត លីកកំពូលកម្ពុជា ត្រូវសម្រាក ប៉ុន្ដែនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ស្អែកនេះ ក្រុមជើងខ្លាំង Cambodian Tiger នឹងធ្វើការប្រកួតកម្ដៅ សាច់ដុំជាមួយក្រុមការពារ តំណែងជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន នៅលើទីលានកីឡដ្ឋានវេស្ទើន ។ ចាំមើល តើក្រុម Cambodian Tiger អាចសងសឹកភ្នំពេញក្រោន បានសម្រេចទេ?

សូមរំឮកថា ក្រុម Cambodian Tiger និងភ្នំពេញក្រោន ធ្លាប់ជួបគ្នាម្ដងរួចមកហើយ នៅក្នុងជំនួបបើកឆាក លីកកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៦នេះ នៅកីឡដ្ឋាន RSN ដែលលទ្ធផលពេលនោះ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានយកឈ្នះដោយលទ្ធផល ៣-១ ខណៈកីឡាករ Booysen Shane ធ្វើបាន Hat-Trick ៣គ្រាប់ម្នាក់ឯង ។

អាស្រ័យហេតុនេះ នៅក្នុងជំនួបមិត្តភាពថ្ងៃស្អែក អ្នកគាំទ្ររំពឹងថានឹង ល្អមើលជាមិនខាន ព្រោះក្រុមទាំងពីរ សុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ដើម្បីបង្កើនប្រជាប្រិយភាព ។ ម្យ៉ាងវិញទៀត ក្រុម Cambodian Tiger ក៏ត្រូវសងសឹកភ្នំពេញក្រោន ដើម្បីស្ដារមុខមាត់ខ្លួនវិញដែរ ។

ជាពិសេសទៀតនោះ គឺសម្រាប់ការប្រកួតបើក ឆាកលីកកំពូលកម្ពុជា រដូវកាលថ្មី ៣សប្ដាហ៍កន្លងទៅ ក្រុមជើងខ្លាំងទាំងពីរ ធ្វើមិនបានលទ្ធផលល្អប៉ុន្មានទេ ដោយ ៣ប្រកួតរបស់ភ្នំពេញក្រោន រកបាន ៤ពិន្ទុ រីឯ ៣ប្រកួតរបស់ក្រុម Cambodian Tiger ទើបឈ្នះ ១ប្រកួតរកបាន ៣ពិន្ទុប៉ុណ្ណោះ ។

ដូច្នេះក្រុមទាំងពីរ នឹងប្រកួតស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ដើម្បីត្រៀមការប្រកួតបន្ដ ដែលគ្រោងនឹងចាប់ផ្ដើម នៅដើមខែមេសាខាងមុខ ៕

Cambodian Tiger អាចជម្រះបញ្ជី ភ្នំពេញក្រោនបានអត់ ស្អែកនេះ?

Cambodian Tiger អាចជម្រះបញ្ជី ភ្នំពេញក្រោនបានអត់ ស្អែកនេះ?