សាលាក្ដី​ខ្មែរក្រហម​បន្ត​សួរ​ដេញដោល​សាក្សី​ពី​ការ​សម្លាប់​ជនជាតិ​ចាម

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា បាន​សួរ​ដេញ​ដោល​សាក្សី​មួយ​រូប​មក​ពី​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ អំពី​ការ​ឃើញ​ហេតុការណ៍​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ទាក់ទង​ហេតុការណ៍​សម្លាប់​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម។

សាក្សី សឡេះ អះម៉ាត់ ហៅ វ៉ាន់ ម៉ាត់ ជា​សាក្សី​មួយ​រួប​ក្នុង​ចំណោម​សាក្សី​ដទៃ​ទៀត ដែល​អង្គ​ជំនុំជម្រះ​សាលា​ដំបូង បាន​កោះ​ហៅ​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​អង្គ​សវនាការ​ទាក់ទង​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​ចាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

នៅ​ក្នុង​សវនាការ​ថ្ងៃ​ទី​៨ ខែ​មីនា នេះ លោក វ៉ាន់ ម៉ាត់ ដែល​នៅ​ក្នុង​របប​ខ្មែរក្រហម មាន​អាយុ​ប្រមាណ ១៧​ឆ្នាំ ហើយ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ជីនីក ស្រុក​ក្រូចឆ្មារ នោះ បាន​រៀបរាប់​ថា ខ្មែរ​ក្រហម​មិន​ត្រឹមតែ​សម្លាប់​ថ្នាក់ដឹកនាំ និង​ជនជាតិ​ចាម ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​បំផ្លាញ​វប្បធម៌ សាសនា​ឥស្លាម​របស់​ជនជាតិ​ចាម ទៀត​ផង។

ទាំង​សហ​ព្រះរាជអាជ្ញា​ជាតិ និង​អន្តរជាតិ បាន​សួរ​ដេញដោល​លោក វ៉ាន់ ម៉ាត់ ដោយ​តម្រូវ​ឲ្យ​លោក​ស្បថស្បែ​នៅ​ចំពោះ​មុខ​គម្ពីរ​គួរ​អាន ដើម្បី​ឲ្យ​សាក្សី​រួប​នេះ និយាយ​ពី​អ្វី​ដែល​លោក​បាន​ដឹង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពិសេស​គឺ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​ចាម និង​ការ​បះបោរ​របស់​ជនជាតិ​ចាម ប្រឆាំង​នឹង​ខ្មែរក្រហម ដូចជា​នៅ​ភូមិ​កោះផល និង​នៅ​ភូមិ​ទ្រា ជាដើម៖ «»។

នៅ​ក្នុង​សវនាការ​សំណុំរឿង ០០២ វគ្គ ២ នៅ​ថ្ងៃ​ទី​៩ ខែ​មីនា នេះ ជនជាប់ចោទ នួន ជា មិន​បាន​ចូលរួម​នោះ​ទេ ដោយសារ​លោក​មាន​បញ្ហា​សុខភាព។ អង្គ​ជំនុំជម្រះ​សាលាដំបូង​នៅ​ពេល​នេះ កំពុង​ធ្វើ​សវនាការ​ពិនិត្យ​ដេញដោល​លើ​ភស្តុតាង និង​សួរ​ដេញ​ដោល​សាក្សី​ប្រឆាំង​នឹង​លោក នួន ជា និង​ជនជាប់ចោទ ខៀវ សំផន ទាក់ទង​នឹង​ការ​សម្លាប់​ជនជាតិ​ភាគ​តិច​ចាម និង​វៀតណាម។

នៅ​ក្នុង​របប​ខ្មែរក្រហម ខ្មែរ​ក្រហម​រឹតត្បិត និង​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​ចាម ប្រតិបត្តិ​សាសនា​ឡើយ។ ការ​រឹតត្បិត និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​នេះ បាន​ជំរុញ​ឲ្យ​ជនជាតិ​ចាម រស់​នៅ​ភូមិ​មួយ​ចំនួន​តាម​ដង​ទន្លេ​មេគង្គ ខែត្រ​កំពង់ចាម បច្ចុប្បន្ន​ខែត្រ​ត្បូងឃ្មុំ នោះ ងើប​បះបោរ​ប្រឆាំង​នឹង​ខ្មែរក្រហម ដូចជា​នៅ​ភូមិ​កោះផល ស្វាយឃ្លាំង និង​ភូមិ​ទ្រា ជាដើម។

ឯកសារ​ស្រាវជ្រាវ​របស់​លោក​នាយករង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក អេង កុងថាយ បាន​សរសេរ​ថា ជនជាតិ​ចាម នៅ​ភូមិ​កោះផល បាន​ងើប​បះបោរ​ប្រឆាំង​នឹង​ខ្មែរក្រហម​មុន​គេ។ បន្ទាប់​មក​ទៀត ជនជាតិ​ចាម នៅ​ភូមិ​ស្វាយឃ្លាំង ងើប​ឡើង​បះបោរ​ត​ទល់​នឹង​ការ​ធ្វើ​បាប​របស់​ខ្មែរ​ក្រហម​ទៀត។

ទាំង​នៅ​ក្នុង​ឯកសារ​ស្រាវជ្រាវ​នេះ និង​ការ​អះអាង​របស់​សាក្សី វ៉ាន់ ម៉ាត់ នៅ​ក្នុង​អង្គ​សវនាការ​បាន​លើក​ឡើង​ដូចគ្នា​ថា ក្រោយ​ពី​ជនជាតិ​ចាម បាន​ងើប​បះបោរ​នោះ គឺ​ខ្មែរក្រហម​មាន​ផែនការ​កម្ទេច​ជនជាតិ​ចាម បំផ្លាញ​គម្ពីរ​គួរ​អាន និង​ចាប់​មេដឹកនាំ​នៅ​ក្នុង​ភូមិ​ទាំង​នោះ​យក​ទៅ​សម្លាប់​ចោល។

រី​ឯកសារ​ស្រាវជ្រាវ​លើ​ជនជាតិ​ចាម របស់​លោក អ៊ីសា អូស្មាន វិញ បង្ហាញ​ថា ប្រជាពលរដ្ឋ​ចាម នៅ​ភូមិ​កោះផល នៅ​ក្នុង​ឆ្នាំ​១៩៧៥ មាន​ចំនួន ១.៨៦៤​នាក់ តែ​នៅ​ឆ្នាំ​១៩៧៩ នៅ​សល់​តែ ១៨០​នាក់។

ជនជាតិ​ចាម នៅ​ភូមិ​ស្វាយឃ្លាំង នៅ​ឆ្នាំ​មុន​របប​ខ្មែរ​ក្រហម​ឆ្នាំ​១៩៧៥ មាន ១.២៤០​គ្រួសារ ក្រោយ​របប​ខ្មែរ​ក្រហម​នៅ​សល់ ១២០​គ្រួសារ។ លោក អ៊ីសា អូស្មាន អះអាង​ថា ជនជាតិ​ចាម ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់​នៅ​ទូទាំង​ប្រទេស​មាន​ជាង ៤​សែន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។