ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ចិន ៖ ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​បាន​បន្ត​ធ្លាក់​ចុះ​នៅ​ក្នុង​ខែកុម្ភៈ ខណៈ​តម្រូវការ​សកល​បាន​ធ្លាក់​ចុះ​ខ្សោយ និង​បម្រែបម្រួល​តាម​រដូវ​កាល ។ នេះ​បើ​តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​ពន្ធគយ​បាន​ឲ្យ​ដឹង ។

វិស័យ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​២០,៦% ស្មើនឹង ៨២១,៧​ប៊ី​លាន​យន់ (១២៦​ប៊ី​លាន​ដុល្លារ​) បើ​ធៀប​នឹង​ខែ​មុន និង​ធ្លាក់​ចុះ​៦,៦% នៅ​ខែមករា​។ ចំណែក​ការ​នាំ​ចូល​វិញ​មាន​អត្រា​៨% ស្មើនឹង​៦១២,២​ប៊ី​លាន​យន់ ពោល​គឺ​បាន​រើប​ឡើង​វិញ ដែល​មាន​អត្រា​១៤,៤% កាលពី​ខែ​មុន ។

ជា​លទ្ធផល ផល​លើស​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​កាលពី​ខែកុម្ភៈ មាន​ទឹកប្រាក់​ចំនួន​២០៩,៤​ប៊ី​លាន​យន់ ដែល​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ធៀប​នឹង​ខែមករា គឺ​មាន​ផល​លើស​ចំនួន​៤០៦,២​ប៊ី​លាន​យន់ ដែល​នេះ​គួរ​អរគុណ​ដល់​ការ​នាំ​ចូល​ច្រើន​ជាង​ការ​នាំ​ចេញ ។

លោក Liu Ligang ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ធនាគារ​អូស្ត្រាលី និង​ណូ​វែ​ល​សេ​ឡង់ បានឱ្យ​ដឹង​ថា ៖ « ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​របស់​ចិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ចុះ​ខ្សោយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សកល ។ ទិន្នន័យ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ចិន​បាន​ធ្លាក់​ចុះ​ដោយសារ​តែ​ពិធី​បុណ្យចូលឆ្នាំ​ចិន ហើយ​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ធ្លាក់​ចុះ​១២,៦% នៅ​ក្នុង​ខែមករា និង​ខែកុម្ភៈ ដែល​បញ្ជាក់​ថា សេដ្ឋកិច្ច​ចិន​កាន់តែ​មាន​ភាព​ដុនដាប​ទៅ » ។

យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​ឲ្យ​ដឹង​ថា ចិន​រំពឹង​ថា តម្រូវការ​សេដ្ឋកិច្ច​សកល​នឹង​ធ្លាក់ ចុះ​ខ្សោយ ដែល​បណ្តាល​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ខ្លួន​ពិបាក​នឹង​មាន​ស្ថិរភាព ។ ហេតុនេះ​ហើយ​បានជា​ការ​ផ្តួចផ្តើម​នៃ​គោលនយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ គួរតែ​ជា​ដំណោះស្រាយ​ចម្បង​បំផុត ។

ក្នុង​នោះ​ដែរ រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ពី​គោលដៅ​កំណើន​ពាណិជ្ជកម្ម​ជាក់លាក់​ណាមួយ​ឡើយ​នៅ​ឆ្នាំ​នេះ ដោយ​គ្រាន់តែ​និយាយ​ថា កំណើន​ពាណិជ្ជកម្ម​របស់​ចិន គួរតែ​ល្អ​ប្រសើរ​ជាង​សេដ្ឋកិច្ច​សកល​ជា​មធ្យម ៕