ចែ​០២ នាំ​ប្រេងសាំង​គេចពន្ធ​ចូល​តាម​ច្រក​តំបន់​ទំនប់រលក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ស្ទឹងហាវ និង​តំបន់​ទំនប់រលក បាន​ឲ្យ​ដឹងថា​ក្រោយពេល​លោក កែវ សុខ​ឃាង ត្រូវបាន​ផ្លាស់ប្ដូ​តំណែង​ពី​មេ​គយ​ចល័ត គឺ​អ្នកស្រី កែវ ទូច ហៅ​ចែ​០២ ក៏បាន​ផ្អាក​សកម្មភាព​នាំចូល​ប្រេងសាំង​គេចពន្ធ​តាម​ច្រក​កំពង់ផែ​ស្ទឹងហាវ មួយ​រយៈពេល​ផងដែរ​។ ប៉ុន្តែ​ឥឡូវនេះ​អ្នកស្រី កែវ ទូច ហៅ​ចែ​០២ បានមក​ប្រក​បរបរ​នាំចូល​ប្រេងសាំង​គេចពន្ធ​វិញ​ហើយ ដោយមាន​ការឃុបឃិត​ពី​សំណាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​នៅលើ​ផ្ទៃសមុទ្រ និង​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា បទល្មើស​នាំចូល​ប្រេងសាំង​គេចពន្ធ​របស់​ចែ​០២ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនត្រូវ​មើលរំលង​នោះទេ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទំនប់រលក​បាន​ឲ្យ​ដឹងថា សកម្មភាព​នាំចូល​ប្រេងសាំង​គេចពន្ធ​របស់​ចែ​ទូច គឺ​ផ្ទេរ​ចេញពី​ទូក​សៀម​នៅ​ចំណុច​លំហរ​សមុទ្រ​ជិត​កោះ​ស្ដេច ហើយ​មក​ឡើង​នៅ​ផែ​តំបន់​ទំនប់រលក​។ ដោយសារ​មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​សមត្ថកិច្ច​គ​យ​ទើប​គ្មាន​នរណា​បង្ក្រាប​បទល្មើស​នាំចូល​ប្រេងសាំង​គេចពន្ធ​របស់​ចែ​ទូច ហៅ​ចែ​០២ នោះទេ​។ អាចនិយាយបាន​ថា​ចែ​ទូច មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​សម្រាប់​នាំចូល​ប្រេងសាំង​គេចពន្ធ​ទើប​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ឡើងៗ​។

​ប្រភពពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ប្រេងសាំង​គេចពន្ធ​របស់​ចែ​០២ ត្រូវបាន​ដឹកយក​ទៅ​ចែកចាយ​នៅក្នុង​ខេត្ត​ព្រះសីហនុ ខេត្តកំពង់ស្ពឺ និង​ខេត្តកំពត​ផងដែរ ជាហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​។ សមត្ថកិច្ច​នៅលើ​ដងផ្លូវ​ពី​គ្រប់​ស្ថាប័ន​តែងតែ​ជួយ​សម្របសម្រួល​រាល់​សកម្មភាព​នាំចូល​ប្រេងសាំង​គេចពន្ធ​របស់​ចែ​០២ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ មានន័យថា​បទល្មើស​ដែល​ចែ​ទូច​ប្រព្រឹត្ត គឺជា​ប្រភព​ចំណូល​របស់​សមត្ថកិច្ច​ពុករលួយ​។ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​សម​ត្ថ​កិច្ច​ដែល​បើកដៃ​ឲ្យ​ចែ​ទូច ហៅ​ចែ​០២ នាំចូល​ប្រេងសាំង​គេចពន្ធ​ពី​សៀម​ផងដែរ ព្រោះ​បើ​គ្មាន​ការ​បើកដៃ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ចែ​ទូច​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ ដោយ​អាច​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​៕

chanroth-aug-04លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
tea-vichet2-500x281