CNRP នឹងពិភាក្សាអនុម័ត វិធានការផ្ទៃក្នុង បក្សនាថ្ងៃទី២២ មីនា

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ CNRP លោក យ៉ែម បុញ្ញាឫទ្ធិ បានអះអាងថា ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ នឹងរៀបចំពិភាក្សា អនុម័តវិធានផ្ទៃក្នុងបក្ស នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ខាងមុខ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ លោក យ៉ែម បុញ្ញាឫទ្ធិ បានឲ្យដឹងថា សារនយោបាយ គោលនយោបាយ ក៏នឹងត្រូវបានពិភាក្សា កំណត់បន្ថែម នៅពេលធ្វើសន្និបាត ក្រុមប្រឹក្សាជាតិលើកទី២ ដែលនឹងប្រារព្ធធ្វើ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះដែរ។

លោកបានសរសេរថា គណបក្សសង្រ្គោះជាតិ កំពុងធ្វើវិមជ្ឈការ អំណាចជូនដល់ថ្នាក់ ដឹកនាំមូលដ្ឋាន ភូមិឃុំ ក្រុងស្រុកខណ្ឌ រាជធានីខេត្ត ក្នុងការកសាងរៀប ចំរចនាសម័្ពន្ធ ការទទួលខុសត្រូវផ្ទាល់ ការសិក្សាស្រាវជ្រាវ ចងក្រង ពីបញ្ហាប្រឈម និងមតិយោបល់ដំណោះស្រាយ តាមមូលដ្ឋានភូមិឃុំ ដោយផ្ទាល់ ដែលទាំងនេះ ត្រូវបានគណបក្ស សង្រ្គោះជាតិយល់ឃើញថា គឺជាការសិក្សាពីបរិបថសង្គមពិត មិនថាជនបទ ឬទីក្រុង ឬតំបន់ដាច់ស្រយាល។

លោកបានសរសេរបន្ថែមថា "វិធានផ្ទៃក្នុងក្រុមតំណាង រាស្រ្តគណបក្សសង្រ្គោះជាតិ នឹងរៀបចំពិភាក្សាអនុម័ត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ខាងមុខ "។

សូមបញ្ជាក់ថា បើទោះបីជាប្រធានស្តីទី គណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា កំពុងមានរឿងអាស្រូវ ស្នេហាខ្លះក៏ដោយ តែបក្សសង្គ្រោះជាតិ នៅតែបន្តចុះទៅជួប ថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន ចលនាយុវជន និងចលនាស្ត្រី របស់គណបក្សនៅបណ្តាខេត្ត ក្រុងចំនួន០៥ក្នុង ខែមីនានេះផងដែរ៕