២០១៥ស្រ្តីជាង ៣០ម៉ឺននាក់ សម្រាលកូន បែបធម្មជាតិ និងស្រ្តីជាង១ម៉ឺននាក់ សម្រាលដោយវះកាត់

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៥ ស្រ្តីជាង៣០ម៉ឺននាក់ បានសម្រាលកូន តាមបែបធម្មជាតិ  និងស្រ្តីជាង១៥០០០នាក់ បានសម្រាល ដោយវះកាត់ ដែលចំនួនស្រ្តី សម្រាលកូនដោយ ធម្មជាតិកើនឡើង ពី៧៩,៨ភាគរយ ឆ្នាំ២០១៤ ទៅ៨០,៣៥ភាគរយ នៅឆ្នាំ២០១៥ រីឯសម្រាលកូនដោយវិធី វះកាត់មានចំនួន ១៥.៧៤៨នាក់ ឬ៥,២៦ភាគរយ នៃចំនួនសម្រាលសរុប នៅមូលដ្ឋានសុខាភិបាល។

តាមរបាយការណ៍ សង្ខេបស្តីពី វឌ្ឍនភាពវិស័យ សុខាភិបាលឆ្នាំ២០១៥ ដែលចេញដោយក្រសួង សុខាភិបាល នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បានបង្ហាញថា  ៩៣ភាគរយ នៃស្រ្តី មានគភ៌បានទទួល ការពិនិត្យថែទាំមុនសម្រាលលើកទី២។ ការពិនិត្យថែទាំគភ៌មុនសម្រាលលើសពី៤ដង បានកើនពី៥៨ភាគរយ នៅឆ្នាំ២០១៤  ទៅ៧២ភាគរយនៅឆ្នាំ២០១៥។
ក្នុងនោះស្រ្តី៧៣ភាគរយ បានទទួលជីវជាតិដែក អាស៊ីត ហ្វូលិក៩០គ្រាប់ និងស្រ្តីក្រោយសម្រាល៦២ភាគរយ បានទទួលជីវជាតិដែក៤២គ្រាប់។ ដោយឡែក ស្រ្តីមានគភ៌៣២០.១៥១នាក់ បានសម្រាលកូន ក្នុងនោះមាន២៩៩.៥៩៧នាក់ បានសម្រាលនៅមូលដ្ឋាន-សុខាភិបាលសាធារណៈ ដោយកើនឡើងពី៧៩,៨ភាគរយ នៅឆ្នាំ២០១៤ទៅ៨០,៣៥ភាគរយ នៅឆ្នាំ២០១៥។

រីឯការសម្រាល ដោយវិធីវះកាត់ មានចំនួន១៥.៧៤៨នាក់ ឬ៥,២៦ភាគរយ នៃចំនួន សម្រាលសរុបនៅ មូលដ្ឋានសុខាភិបាល។ ដោយឡែកកុមាអាយុពី ៦-៥៩ខែ ចំនួន២.១២៦.១០៦ នាក់បានទទួលជីវជាតិអាពីរដូស ក្នុងរយៈពេល១២ខែ ក្នុងជុំទី១ ចំនួន៧៥ភាគរយ និងជុំទី២ មាន៨៨ភាគរយ ដើម្បីបង្ការជំងឺពិការភ្នែក និងការឆ្លងរោគផ្សេងៗ។

របាយការណ៍សង្ខេបដដែលបន្តថា អត្រាប្រើប្រាស់ មធ្យោបាយពន្យាកំណើតទំនើប ណាមួយ ដោយស្ត្រីដែលរៀបការអាយុចាប់ពី១៥-៤៩ឆ្នាំ៤១ភាគរយ នៃស្រ្តីស្ថិតក្នុងវ័យ បន្តពូជសរុប២.០៨៤.៩៣២នាក់ ដែលផ្តល់ដោយមូលដ្ឋាន សុខាភិបាលសាធារណៈ  ចំនួន៧១៥.៥៩៦នាក់ ឬស្មើនឹង៣៣,១៨ភាគរយ ដោយភ្នាក់ងារចែកចាយ មធ្យោបាយពន្យាកំណើតតាមសហគមន៍ និងសេវាឯកជន។ចំពោះអត្រាគ្រប់ដណ្តប់នៃការ ផ្តល់វ៉ាក់សាំងលើកុមារក្រោយមួយឆ្នាំ រក្សាបាននូវអត្រាប្រមា ណ៩ ២ភាគរយ នៅឆ្នាំ២០១៥។ ការចម្លងតាមតំបន់នៃវីរុសជំងឺកញ្ច្រិស បានកាត់ផ្តាច់ទាំងស្រុងនៅប្រទេសកម្ពុជា។

របាយការណ៍បានបញ្ជាក់ថា តាមកម្មវិធីសុខភាពបន្តពូជ មាតា ទារក កុមារ និងអាហារូបត្ថម្ភ តាមរយៈការកែ លម្អសូចនាករនៃការផ្តល់សេវា ខុសភាពបន្តពូជ មាតាទារក និងកុមារ គឺមានវឌ្ឍនភារឹងមាំដែលបានរួមចំណែក យ៉ាងធំធេងដល់ការកាត់បន្ថយ មរណមាតា និងកុមារ។

ដោយឡែក កកត្តាដែលធ្វើឱ្យ អត្រាមរណមាតា ថយចុះដែរនោះ ដោយសារតែក្រសួងសុខាភិបាល បានបង្កើនចំនួនឆ្មបនៅទូទាំងប្រទេស ជាពិសេសនៅតំបន់ជនបទ ដាច់ស្រយាល ដែលកាលពីមុនមិនមានឆ្មប តែឥឡូវមានឆ្មបយ៉ាងហោចណាស់ពីរនាក់ក្នុងមណ្ឌលសុខភាពមួយ៕

២០១៥ស្រ្តីជាង ៣០ម៉ឺននាក់ សម្រាលកូន បែបធម្មជាតិ  និងស្រ្តីជាង១ម៉ឺននាក់ សម្រាលដោយវះកាត់