ពលរដ្ឋខ្មែរ២៣នាក់ ដែលចូលទៅ លក់ឆ្នោតខុសច្បាប់ នៅវៀតណាម ត្រូវបញ្ជូនមក កម្ពុជាវិញ ក្រោយពីមាន កិច្ចសហការ រវាងភាគី កម្ពុជា-វៀតណាម

ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំទីក្រុងហូជីមីញ ប្រទេសវៀតណាម បានសហការជាមួយ មន្ទីរសង្គមកិច្ចទីក្រុងហូជីមីញ រៀបចំមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរចំនួន ២៣នាក់ ដែលបានចូលទៅ ប្រកបរបរលក់ឆ្នោត ខុសច្បាប់នៅទីក្រុងហូជីមិញ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជា។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ពលរដ្ឋខ្មែរចំនួន២៣នាក់ នោះ រួមមានមនុស្សចាស់ ៧នាក់ ស្រ្ដីមានផ្ទៃពោះគ្រប់ខែ ១នាក់ និងកុមារ ១៦នាក់ នាក់ទំាងនោះ មានស្រុកកំណើត នៅស្រុកចន្ទ្រា និងនៅស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង នឹងត្រឡប់មកកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ នាសប្តាហ៍ទី៣ ខែមីនា ឆ្នាំ ២០១៦ តាមច្រកអន្តរជាតិបាវិត។

លោក ជុំ សុន្ទរី បានបញ្ជាក់បន្ថែមទៀតថា ក្នុងកិច្ចប្រជុំជាមួយ ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅបរទេស នៅទីស្ដីការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានណែនាំជាថ្មីម្ដងទៀត អោយស្ថានតំណាងកម្ពុជាទាំងអស់ យកចិត្តទុកដាក់អោយបានខ្លាំង ក្នុងការជួយដល់ ពលករ-ពលការិនី និងពលរដ្ឋកម្ពុជា ដែលបានទៅធ្វើការនៅក្រៅប្រទេស ទាំងស្របច្បាប់ និងមិនស្របច្បាប់៕