ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទយកកាំបិត ភ្ជង់ក គំរាមយកលុយ

ភ្នំពេញ ៖ នគរបាលព្រហ្ម ខណ្ឌច្បារអំពៅ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ ច្បារអំពៅ២ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលយកកូនកាំបិត ភ្ជង់ក គំរាមវាយយកលុយ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ៤និង៥០នាទីទៀបភ្លឺ នៅចំណុច មុខផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

អធិការរងលោក ម៉ៅ សឿត បានអោយដឹងថា ជនរងគ្រោះឈ្មោះ យ៉ាត ស្រីដា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ២ ភូមិទួលរការ សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យឈ្មោះ សូ ម៉ាប់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ ។

លោកអធិការរងបន្តថា មុនពេលកើតហេតុជនរងគ្រោះបានអង្គុយរងចាំម៉ូតូឌុប នៅមុខផ្ទះកើតហេតុ ខាងលើ ស្រាប់តែជនសង្ស័យដើរមកចាប់គ្រៀកកជនរង គ្រោះ រួចប្រតាយប្រតប់គ្នា ជនសង្ស័យក៏អុក ជនរងគ្រោះមួយជង្គង់ចំពោះបណ្តាលអោយចុក ហើយជនសង្ស័យធ្លាក់កូនកាំបិតកៃមួយទៅដី រួច ហើយឆែកយកលុយជនរងគ្រោះ អស់១១០០០០រៀលរួចរត់គេចខ្លួន ពេលនោះជនរងគ្រោះក៏បាន រើសកូន កាំបិតកៃយកមកប្រគល់អោយសមត្ថកិច្ចធ្វើជាវត្ថុតាង ។ លុះដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៦ វេលាមោ៉ង២ និង៣០នាទីរំលងអាធ្រាត្រ ដោយជនសង្ស័យកំពុងនៅភូមិដើមចាន់១ សង្កាត់ច្បារ អំពៅ២ ខណ្ឌច្បារអំពៅ ក៏ធ្វើការឃាត់ខ្លួន និងដកហូតបានកូនកាំបិតមួយដើមទៀតនាំយក មកប៉ុស្តិ៍ធ្វើការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការ បន្ត៕

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទយកកាំបិត ភ្ជង់ក គំរាមយកលុយ