PNN ​ទទួល​បាន​សិទ្ធិ​ចាក់​បញ្ចាំង​ផ្ដាច់​មុខ​រឿង​ភាគ​របស់ ​TVB

ស្ថានីយ​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​នៅ​កម្ពុជា PNN បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​រយៈ​ពេល​វែង​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ល្បី​​បំផុត​របស់​ទី​ក្រុង​ហុងកុង TVB ដោយ​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​ភាគ​ចិន​ថ្មីៗ​របស់ TVB។

 

កិច្ច​ព្រម​ព្រៀង​ថ្មី​រវាង​ភាគីទាំង​ពីរ គឺ​មាន​តម្លៃ​ដល់​ទៅ​ជាង​មួយ​លាន​ដុល្លារ​អាមេរិក ដែល​អនុញ្ញាត​ឲ្យ​ស្ថា​នីយ​ទូរទស្សន៍ PNN តែ​មួយ​គត់​មាន​សិទ្ធិ​ចាក់​ផ្សាយ​គ្រប់​ខ្សែ​ភាពយន្ត​ភាគ​ចិន​ថ្មីៗ និង​ចុង​ក្រោយ​បង្អស់​របស់ TVB លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​ប្រទេស​កម្ពុជា។

 

PNN ​នឹង​ចាប់​ផ្តើម​ចាក់​ផ្សាយ​ខ្សែ​ភាព​យន្ត​ភាគ​ដំបូង​របស់ TVB ចាប់​ពីថ្ងៃទី​២៨ ខែ​មេសា​នេះ​ត​ទៅ។

 

លោក Glen Felgate អគ្គ​នាយក​ស្ថានីយ​ទូរទស្សន៍ PNN គូស​បញ្ជាក់​ថា គ្រប់​ខ្សែ​ភាពយន្ត​ភាគ​របស់​ស្ថានីយ​ទូរទស្សន៍ TVB គឺ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពីសំណាក់​ទស្សនិក​ជន​កម្ពុជា ជា​ហេតុ​ផល​ដែល PNN រីក​រាយ​សហការ​ជាមួយ​ពួក​គេ។

 

លោក​អះ​អាង​ថា សម្រាប់​ពេល​នេះ PNN កំពុង​មាន​ខ្សែ​ភាពយន្ត​ភាគ​ល្អៗ​ជា​ច្រើន​ក្នុង​ដៃ ដូច​ជា​ខ្សែ​ភាព​យន្ត​ភាគ​ថៃ និង​ខ្សែ​ភាព​យន្ត​ភាគ​ចិន​ជា​ដើម ប៉ុន្តែ​លោក​សង្ឃឹម​ថា ឆាប់ៗ​នេះ PNN នឹង​មា​នខ្សែ​ភាពយន្ត​ភាគ​ផលិត​ក្នុង​ស្រុក​ល្អៗ​ជា​ច្រើន​ទៀត​ដូច​គ្នា។

 

ឯ​​អ្នក​គ្រប់​គ្រង​ផ្នែក​ពាណិជ្ជ​កម្ម​អន្តរជាតិ​របស់ TVB ​លោក Anthony Ho បាន​សម្តែង​ភាព​រីក​រាយ​ជា​ខ្លាំង​ដោយ​លើក​ឡើង​ថា ស្ថានីយ​ទូរទស្សន៍ TVB ពិត​ជា​មាន​ក្តី​សោមនស្ស ដែល​ពលរដ្ឋ​កម្ពុជា​នៅ​តែ​បន្ត​គាំទ្រ​សមិទ្ធផល​ភាពយន្ត​ភាគ​របស់​ខ្លួន ហើយ​ក្រុម​ការងារ​លោក​ក៏​រំភើប​ដូច​គ្នា​ដែល​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ថ្មី​បំផុត​នៅ​កម្ពុជា។

 

PNN នឹង​ចាក់​ផ្សាយ​ខ្សែ​ភាព​យន្ត​ភាគ​ចិន​ថ្មីៗ និង​ចុង​ក្រោយ​បង្អស់​របស់​ទូរទស្សន៍ TVB  ៥ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ គឺ​ចាប់​ពី​ថ្ងៃចន្ទ ​ដល់​ថ្ងៃ​សុក្រ ​ពីម៉ោង​ ១១ ដល់​ម៉ោង ១២ថ្ងៃ​ត្រង់ និង​ម៉ោង ៦ ដល់​ម៉ោង ៧​យប់។

 

ភាពយន្ត​ភាគ​ដំបូង​បង្អស់​របស់ TVB ដែល​នឹង​​ចាក់​​ផ្សាយ​ក្នុង​ពេល​ឆាប់ៗ​នេះ លើ​កញ្ចក់​ទូរទស្សន៍ PNN ជា​ខ្សែ​​ភាពយន្ត​មួយ​កំពុង​តែ​ចាក់​បញ្ចាំង និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​ប្រទេស​ចិន​ គឺ​រឿង «រាជ​ពេទ្យ​រជ្ជកាល​ឈីង​​ចុង​ក្រោយ»​​ ឬ «The Last Healer In Forbidden City» ដែល​លាត​ត្រដាង​រឿងរ៉ាវ​កើត​ឡើង​ក្នុង​រាជ​វាំង​នៃ​បុព្វបុរស​ចិន រៀប​រាប់​ពី​គ្រូពេទ្យ​រាជវាំង​មួយ​រូប​ដែល​ធ្លាក់​ចូល​ក្នុង​ការ​សង្ស័យ​ធ្វើ​ឃាត​អធិរាជ​ចិន​នៅ​ពេល​នោះ។

 
PNN ​ទទួល​បាន​សិទ្ធិ​ចាក់​បញ្ចាំង​ផ្ដាច់​មុខ​រឿង​ភាគ​របស់ ​TVB

 

ជាមួយ​នឹង​កិច្ច​ព្រម​ព្រៀង​នេះ TVB ក៏​នឹង​ផ្តល់​ឲ្យ PNN កម្មវិធី​កំប្លែង​ ភាពយន្ត​ឯកសារ ក៏​ដូច​ជា​កម្មវិធី​ល្បីៗ​ពោរពេញ​ដោយ​អត្ថ​ប្រយោជន៍ និង​ចំណេះ​ដឹង​ជា​ច្រើន​ទៀត ដើម្បី​ចាក់​ផ្សាយ​ពេញ​មួយ​ឆ្នាំ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម