ក្រសួង សុខាភិបាល បង្ហាញភាព ជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង ជំងឺឆ្លងនានា

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបង្ហាញពី ភាពជោគជ័យ ក្នុងការសម្រេចបាន នូវសូចនាករ គោលដៅ សហវត្សលើការ ប្រយុទ្ធប្រឆាំង និងជំងឺឆ្លងនានា ដែលមានដូចជា ជំងឺអេដស៍ គ្រុនចាញ់ និងរបេងមុនការកំណត់ ការគ្រប់ដណ្តប់ នៃសេវាបង្ការ និងគុណភាពនៃការព្យាបាលថែទាំ អ្នកជំងឺអេដស៍ របេង និងអ្នកកើតជំងឺគ្រុនចាញ់ កាន់តែប្រសើរឡើង។

នេះបើតាមរបាយការណ៍ សង្ខេបស្តីពី វឌ្ឍនភាពវិស័យសុខាភិបាលឆ្នាំ២០១៥ ដែលចេញដោយក្រសួងសុខាភិបាល នៅថ្ងៃព្រហស្សតិ៍ ទី១០ ខែមិនា ឆ្នាំ២០១៦។របាយការណ៍ បានបង្ហាញទៀតថា អត្រានៃការព្យាបាល ដោយប្រើឱសថប្រឆាំងមេរោគអេដស៍ បានកើនលើសពី៩០ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ជំ ងឺអេសដ៍ឆ្នាំ២០១៥ ហើយអត្រារស់រានមានជីវិត ក្រោយការព្យាបាល១២ខែ ខ្ពស់លើសពី៩០ភាគរយ។ ដោយឡែក ការព្យាបាលជំងឺរបេង ជាសះស្បើយ មានការកើនឡើងខ្ពស់ លើសពី៩០ភាគរយ។ ការព្យាបាលតាមវិធីសាស្រ្តសង្កេតផ្ទាល់ (ដូតស៍) បានអនុវត្តគ្រប់មូលដ្ឋាន សុខាភិបាល និងពង្រីកនៅតាម សហគមន៍ផងដែរ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានស្រាវជ្រាវជំងឺរបេង បានចំនួន៣៧.០០០ករណី ក្នុងនោះកុមារ ៤២នាក់ បានស្លាប់។

ដោយឡែកក្រុមឆ្លើយតបរហ័ស និងការផ្ទុះឡើងនៃជំងឺឆ្លង បានដំណើរការតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ស្រុកមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ហើយក្រុមការងារ អន្តរក្រសួងទាក់ទងនឹងជំងឺឆ្លងពីសត្វ មកមនុស្សកំពុងដំណើរការយ៉ាងសកម្មផងដែរ។
តាមរបាយការណ៍ សង្ខេបស្តីពី វឌ្ឍនភាពវិស័យសុខាភិបាលឆ្នាំ២០១៥ របស់ក្រសួងសុខាភិបាល បានបញ្ចាក់ទៀតថា ចំពោះការងារត្រួតពិនិត្យ នៅតាមច្រកទ្វារ ព្រំដែនត្រូវបាន ពង្រឹងជាប្រចាំដោយបានត្រួតពិនិត្យនាវា សាឡាងចេញចូល បានចំនួន៥.៩០៥៤គ្រឿង នាវិក-និយោជិកចេញចូលបាន ចំនួន១០៧.៨៤ ៥នាក់ ដោយឡែកអ្នកដំណើរ ចេញចូលតាមច្រកនាវា មានចំនួន៧៤២.៣៧នាក់ និងអ្នកដំណើរ ចេញចូលតាមអាកាសយានដ្ឋានអន្តរជាតិ និងច្រកផ្សេងៗទៀតមាន ចំនួន២២៧៤.៣៦២នាក់។

ក្រសួងសុខាភិបាល មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ក្នុងការកសាងសមត្ថភាពស្នូល ដែលជាកត្តាតម្រូវការនៃ និយតកម្មសុខភាពអន្តរជាតិ មានជាអាទិ៍ការ តាមដានជំងឺឆ្លង ជំងឺឆ្លងពីសត្វមកមនុស្ស និងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។ ប៉ុន្តែបញ្ហានេះប្រឈមនៅតែមាន ដូចជាសមត្ថភាពស្នូលផ្នែកមន្ទីរពិសោធន៍ និងប្រព័ន្ធត្រួតពិនិត្យតាមដានភាពសុំា និងឱសថដោយពពួកមីក្រុប ប្រព័ន្ធគ្រប់គ្រងគុណភាព មន្ទីរពិសោធន៍ និងពង្រឹងសុវត្ថិភាព ជីវសាស្រ្ត មន្ទីរពិសោធន៍ ការត្រៀមរៀបចំទុកជាមុន និងឧប្បតិវហេតុផ្នែកគីមី និងវិទ្យុសាស្រ្តជាដើម៕

ក្រសួង សុខាភិបាល បង្ហាញភាព ជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង ជំងឺឆ្លងនានា