ក្រសួងសុខាភិបាល ទទួលស្គាល់ថា ការផ្តល់សេវា ជំងឺមិនឆ្លង ទឹកនោមផ្អែម និងមហារីក នៅមានកម្រិត

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៥កន្លងទៅ នៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈ ទូទាំងប្រទេស បានទទួលពិនិត្យ ព្យាបាល ជំងឺទឹកនោមផ្អែម ពិគ្រោះ និងសម្រាក ព្យាបាល មានចំនួន ២៩.៧៣០នាក់ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល ទទួលស្គាល់ថា ការផ្តល់សេវាជំងឺ មិនឆ្លងពិសេស ជំងឺទឹកនោមផ្អែម នៅតាមមណ្ឌល សុខភាព នៅមានកម្រិត នៅឡើយ។

ទាក់ទងជំងឺមិនឆ្លងនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធី បិទសន្និបាតប្រចាំឆ្នាំ លើកទី៣៧ ដើម្បីបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅ សម្រាប់ ឆ្នាំ២០១៦ របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចបានសម្តែង ពីក្តីបារម្ភចំពោះការ ផ្ទុះឡើងនៃជំងឺមិនឆ្លង ដែលមានដូចជា ជំងឺបេះដូង ទឹកនោមផ្អែម លើសឈាមជាដើម ដែលជំងឺទាំងនេះ បានក្លាយជាបញ្ហា គំរាមកំហែងមួយ ដល់សុខមាលភាព ប្រជាពលរដ្ឋ កម្ពុជា។ ដើម្បីទប់ស្កាត់ជំងឺមិន ឆ្លងទាំងនេះ គឺទាមទារ ចាំបាច់ ត្រូវការប្រែនិង សម្រួលស្ថាប័ន និងក្នុងការឆ្លើយតប ទៅបញ្ហាទាំងនេះ។

របាយការណ៍របស់ ក្រសួងសុខាភិបាល ដែលបានបង្ហាញ នៅថ្ងៃទី១០ មិនានេះ បានឲ្យដឹងថា វិធីប្រយុទ្ធ ជំងឺមិនឆ្លង និងបញ្ហាសុខភាព សាធារណៈ គឺបានផ្តល់សេវា ជំងឺមិនឆ្លងនៅ តាមមណ្ឌល សុខភាព នៅមានកម្រិត នៅឡើយ។ សេវាព្យាបាល ជំងឺទឹកនោមផ្អែម មិនទាន់ដំណើរការ នៅគ្រប់មន្ទីរពេទ្យ បង្អែកទូទាំង ប្រទេសនៅឡើយទេ។ ឯសេវាស្រាវជ្រាវ ធ្វើរោគវិនិច្ឆ័យ និងផ្តល់ការព្យាបាល និងថែទាំអ្នក ជំងឺមហារីក នៅមន្ទីរពេទ្យ បង្អែកក៏នៅមាន កម្រិតដូចគ្នាដែរ។ យ៉ាងណាក៏ដោយ មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ត្រូវបានបំពាក់ ដោយឧបករណ៍ ព្យាបាលជំងឺមហារីក និងមន្ទីរពេទ្យ កាលម៉ែត ក៏កំពុងសាងសង មជ្ឈមណ្ឌល ជំងឺមហារីកផងដែរ។

ទោះបីជាដូច្នោះក្តី ក្នុងឆ្នាំ២០១៥ នៅតាមមូលដ្ឋាន សុខាភិបាល សាធារណៈ ទូទាំងប្រទេសបាន ទទួល ពិនិត្យព្យាបាល ជំងឺដូចជា ជំងឺទឹកនោមផ្អែម ពិគ្រោះ និងសម្រាក ព្យាបាលមាន ចំនួន២៩.៧៣០នាក់ ជំងឺមហារីក គ្រប់សណ្ឋានដែល សំរាកពេទ្យមាន ចំនួន៣.០៣៩នាក់ ជំងឺបេះដូង សរសៃឈាម មានចំនួន ២០.៧៩៤នាក់ និងការវះកាត់ ជំងឺភ្នែកបាន ចំនួន ៤៤.១៦៦ករណី ក្នុងនោះវះកាត់ ជំងឺភ្នែកឡើងបាយ បានចំនួន៣០.២៧៩ករណី៕