អង្គការ​សង្គម​ស៊ីវិល ទទួលស្គាល់ថា នៅ​ថ្នាក់មូលដ្ឋាន នៅតែ​មិនទាន់មាន​តុល្យភាព​ស្បៀង​

ភ្នំពេញ: អង្គការ​សង្គម​ស៊ីវិល ទទួលស្គាល់ថា នៅ​ថ្នាក់មូលដ្ឋាន នៅតែ​មិនទាន់មាន​តុល្យភាព​ស្បៀង (​ខ្វះ​ស្បៀង​) នៅឡើយ ជាពិសេស​បញ្ហា​ទាំងនោះ​តែងតែ​កើតឡើង​ចំពោះ​កសិករ​តូចតាច ក្រុម​កសិករ​ដែល​គ្មាន​ដីធ្លី និង​កសិករ​ជនជាតិដើម​ភាគតិច​ដែល​រស់នៅ​ដោយ​ពឹង​ផ្អែកទៅលើ​ធនធានធម្មជាតិ​។​

​វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី​៦ ក្រោម​ប្រធានបទ​
“​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​កសិកម្ម​” រាជធានី​ភ្នំពេញ ថ្ងៃទី​៩ ខែមីនា​ឆ្នាំ​២០១៦ លោកស្រី  គង់ តូ​ស​ត់​សមាជិក​គណៈកម្មាធិការ​គ្រប់គ្រង​វេទិកា​នៃ​អង្គការ​មិនមែន រដ្ឋាភិបាល ស្តីពី​កម្ពុជា បាន​ឲ្យ​ដឹងថា វិស័យ​កសិកម្ម​បា​នប​ង្កើ​ត​នូវ​ផលិតផល​ក្នុងស្រុក​សរុប ៣២ ភាគរយ និង​បានផ្តល់​ការងារ​ប្រហែល ៨០​ភាគរយ​នៃ​កម្លាំង​ពលកម្ម​របស់​ប្រទេស​។ វិស័យនេះ​ត្រូវបាន​គ្របដណ្តប់​ដោយ​កសិករ​ខ្នាតតូច ដែល​ត្រូវបាន​ចូលរួម​យ៉ាងសំខាន់​នៅក្នុង​ផលិតកម្ម​គ្រួសារ​។ លើសពីនេះ​ទៀត ភាគច្រើន​នៃ​អ្នកធ្វើការ​នៅក្នុង​វិស័យ​កសិកម្ម គឺជា​សមាជិក​ក្រុមគ្រួសារ​ខ្លួនឯង ដែល​ធ្វើការ​ដោយ​គ្មាន​ប្រាក់ខែ និង ធ្វើ​ការងារ​នៅលើ​ដីស្រែ​គ្រួសារ​។

 យ៉ាងណាមិញ សម្រាប់​ប្រទេស​កម្ពុជា​ដែល​កសិកម្ម​នៅមាន​លក្ខណៈ​ជា​កសិកម្ម​គ្រួសារ​នៅឡើយ​នោះ ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ​សេដ្ឋកិច្ចពិភពលោក និង​ក្នុង​តំបន់​ត្រូវបាន​គេ​មើលឃើញថា ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ ។ ការពង្រឹង​សិទ្ធិអំណាច​កសិករ​ខ្នាតតូច គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​សម្រាប់​ចូលរួម​ក្នុង​ការបង្កើន​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

​ទឹក គឺ​តែងតែ​ជា​បញ្ហា​ប្រឈម​ដ៏​រសើប​ចំពោះ​ផលិតកម្ម​របស់​កសិក​រ​ខ្នាតតូច​។ បន្ថែម​លើសពីនេះ​ផងដែរ ជីវភាព​រស់នៅ​របស់​ក្រុមគ្រួសារ​កសិករ ដែល​ប្រកបការងារ​កសិដ្ឋាន​ខ្នាតតូច​នេះ ភាគច្រើន គឺ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ដែល​ពឹង​អាស្រ័យ​លើទឹក​ភ្លៀង (Rainfed-agriculture)​។ បច្ចុប្បន្ននេះ ប្រជាកសិករ​ភាគច្រើន​នៅតែ​ប្រកបការងារ​កសិកម្ម​ក្នុង​រដូវវស្សា ដែល​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ទិន្នផល​ដំណាំ​ទាប​។

​ជាមួយគ្នានេះ​ផងដែរ កសិករ​ខ្នាតតូច​រាប់លាន​នាក់​បាននិងកំពុង​ប្រឈម​បញ្ហា​និង​ការខ្វះ​មូលធន និង​អត្រា​ការប្រាក់​ខ្ពស់​។ ទោះបីជា​វិស័យ​កសិកម្ម​ត្រូវបាន​បន្ត​អភិវឌ្ឍ​បច្ចេកវិទ្យា​និង​យុទ្ធសាស្ត្រ​ថ្មី​បែប​ទំនើប ដើម្បី​ជួយ​បង្កើន​ផលិតភាព​ដល់​កសិករ​ក្នុង​ការដាំដុះ​ស្បៀងអាហារ​កាន់តែច្រើន ក៏​កសិករ​ខ្នាតតូច​នៅតែ​ប្រឈម  ដើម្បី​វិនិយោគ​លើ​កសិដ្ឋាន​របស់ខ្លួន ដូចជា​ការជ្រើសរើស​ពូជ​ដែលមាន​គុណភាព ជី និង​ការទទួលបាន​វគ្គប​ណ្តុះ​បណ្តាល​ផ្នែក​បច្ចេកទេស សហគ្រិនភាព​ទីផ្សារ​។​ល​។  ការផ្តល់​ហិរញ្ញវត្ថុ គឺជា​ការចាំបាច់​ដើម្បី​ជួយ​កសិករ​ឲ្យ​ទទួលបាន​នូវ​ធាតុ​ចូល​កសិកម្ម និង​បច្ចេកទេស​សមស្រប ដើម្បី​បង្កើន​ផលិតភាព​ផលិត​។
​ការអន្តរាគមន៍​ទីផ្សា​រ​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ចម្បង​របស់​កសិករ ជាពិសេស កសិករ​ខ្នាតតូច​ជា​ស្ត្រី ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគាត់​នៅតែ​ប្រឈម​និង​ភាពក្រីក្រ​។ អត្រា​នៃ​ភាពក្រីក្រ​តិចជាង ៤.០០០ រៀល ក្នុង​មួយថ្ងៃ ធ្វើ​ឲ្យ​កសិករ​ខ្នាតតូច​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​នូវ​ធាតុ​ចូល​កសិកម្ម (Agriculture inputs) ឬ ការវិនិយោគ​ទៅលើ​បច្ចេកទេស​កសិកម្ម ជា​លទ្ធផល ធ្វើ​ឲ្យ​ផលិតផល​ក្នុងស្រុក និង​ផលិតភាព​ការងារ​នៅមានកម្រិត​ទាប ដែល​មិនអាច​ឡើង​ខ្ពស់​ពី​កម្រិត​អត្រា​នៃ​ភាពក្រីក្រ​។
​    ​
​រាជរដ្ឋាភិបាល​ត្រូវ​ចាត់ទុក​កសិករ​ខ្នាតតូច ជា​សហគ្រិន​ខ្នាតតូច​ដែល​វិនិយោគ​លើ​ការងារ​កសិកម្ម ដោយ​លើកកម្ពស់​និង​គាំទ្រ​ពួកគាត់​ឲ្យ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ទីផ្សារ​កសិផល តាមរយៈ​ការពង្រឹង​និង​លើកកម្ពស់​ការអនុវត្ត​កសិកម្ម​ល្អ (Good Agricultural Practices) ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ផ្សព្វផ្សាយ​កសិកម្ម ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា បន្ត​ពង្រឹងសមត្ថភាព​សហគម​ន៍​កសិករ ពង្រឹង​ការអនុវត្ត​គោលនយោបាយ​យេនឌ័រ​ក្នុង​វិស័យ​កសិកម្ម និង​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​សមាហរណកម្ម​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន ជាដើម ។​ល​។​

​លោក​បណ្ឌិត តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា (NGOF) បាន​មានប្រសាសន៍ថា ស្ត្រី​ក្នុង​គ្រួសារ​តែងតែបាន​បំពេញ​តួនាទី​ដ៏​សំខាន់ នៅក្នុង​សង្គម​កម្ពុជា​។ ក្រៅពី​កិច្ចការ​ផ្ទះ ស្ត្រី​គឺជា​កម្លាំង​ចម្បង​នៅក្នុង​ការធ្វើការងារ​ក​សិ​កម្ម​ដើម្បី​ទ្រទ្រង់​គ្រួសារ​របស់​ពួកគាត់​។​“​កិច្ចប្រឹងប្រែង​ដ៏​សំខាន់​របស់​ពួកគាត់ មិនគួរ​ត្រូវ​មើលរំលង​ឡើយ​។ លោក​បាន​បន្ថែមថា “​ក្នុងខណៈ​ពេលដែល​ស្ត្រី​គឺជា​អាទិភាព និង​ភោគទ្រព្យ ជាមួយគ្នា​នោះ​ពួកគេ​ត្រូវការ ការ​ជំនួយ​គាំទ្រ​ពី​សំណាក់ អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល ទៅលើ​ការផ្តល់​សមធម៌ ឱកាស និង​បច្ចេកវិទ្យា​កសិកម្ម ដែល​ពួកគាត់​ពុំមាន​លទ្ធភាព​អាចធ្វើ​បាន​”​។​
 “​ក្នុងនាម​ជា​ស្ត្រី​កសិករ​ឆ្នើម​មួយរូប​ក្នុងចំណោម​ស្ត្រី​កសិករ​ឆ្នើម​ទាំងអស់​ដែល​ត្រូវបាន​ជ្រើសរើស នាង​ខ្ញុំ​មើលឃើញថា​តើ​ព្រឹត្តិការណ៍​នេះ​មាន​សារសំខាន់​ណាស់​ចំពោះ​យើង និង​ការងារ​នៅ​កសិដ្ឋាន​” លោកស្រី សុង ចាន់​ដៃ ដែលជា​កសិករ​ស្ត្រី​ឆ្នើម​មកពី ឃុំ​ហ៊ុន​ស្ទឹង ខេត្តស្ទឹងត្រែង​។ “​វេទិកា​នេះ មិន​ត្រឹមតែ​ជួយ​យើង​នៅក្នុង​ការរក​ដំណោះស្រាយ​ទៅលើ​បញ្ហា​កសិកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ឱកាស​ដើម្បី​ផ្សព្វផ្សាយ​ពី​កិច្ចការងារ​នារី​ជូន​ដល់​សាធារណជន​ផងដែរ​។ ស្ត្រី​គឺជា​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​ស្មើគ្នា​ជាមួយនឹង​បុរស ដូច្នេះ​ស្ត្រី សម​ទទួលបាន​ការគោរព និង​ប្រាក់ចំណូល​សម្រាប់​ការងារ​ដូចគ្នា​ទៅនឹង​បុរស ដោយ​មិន​គិតថា​ការងារ​នោះ​គឺជា​ការងារ​កសិកម្ម ឬ​ការងារ​ផ្ទះ​ឡើយ​”​។
​គោលដៅ​ចម្បង​នៃ​របៀបវារៈ​នៅក្នុង​វេទិកា​នេះ គឺ​បញ្ហា​ប្រឈម​ទាំងបី​ដែល​កសិករ​បានកំណត់ រួមមាន ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម ប្រព័ន្ធធារាសាស្ត្រ និង​ការវិនិយោគ​លើ​ការងារ​កសិកម្ម​។ ស្ថាប័ន ក្រសួង តំណាង​ខាង​វិស័យ​ឯកជន និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ចូល​រួមគ្នា​ជាមួយ​កសិករ​ដើម្បី​រិះរក​ដំណោះស្រាយ និង​យុទ្ធសាស្ត្រ​នានា​នៅក្នុង​ការរៀបចំ​ផែនការ​សកម្មភាព​បន្ថែមទៀត​។​
​វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី​៦ ត្រូវបាន​រៀបចំឡើង​បន្ទាប់ពី ដំណើរការ​វេទិកា​កសិក​រ​ថ្នាក់ក្រោម​ជាតិ​ក្នុង​ប្រាំ​តំបន់ ដែល​នៅ​ក្នុងនោះ កសិករ​ស្ត្រី​ចំនួន ១០០ នាក់​ក្នុងចំណោម​កសិករ​ចំនួន ៧៥០ នាក់ ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​កសិករ​ស្រី្ត​ឆ្នើម​ដោយ​ក្រុម​កសិករ​របស់​ពួកគាត់​។ នៅក្នុង​វេទិកា​កសិករ​លើក​ទី ៦ នេះ កសិករ​ស្ត្រី​ចំនួន ៤៨ នាក់​ក្នុងចំណោម​កសិករ​ស្ត្រី​ឆ្នើម​ទាំង ១០០ នាក់ ដែល​បាន​ចូលរួម​វេទិកា​នេះ​នៅ​រាជធានី​ភ្នំពេញ នឹង​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​តំណាង​របស់​ពួកគាត់​សម្រាប់​ការងារ​បន្ត​នាពេល​អនាគត​៕

អង្គការ​សង្គម​ស៊ីវិល ទទួលស្គាល់ថា នៅ​ថ្នាក់មូលដ្ឋាន នៅតែ​មិនទាន់មាន​តុល្យភាព​ស្បៀង​

អង្គការ​សង្គម​ស៊ីវិល ទទួលស្គាល់ថា នៅ​ថ្នាក់មូលដ្ឋាន នៅតែ​មិនទាន់មាន​តុល្យភាព​ស្បៀង​

អង្គការ​សង្គម​ស៊ីវិល ទទួលស្គាល់ថា នៅ​ថ្នាក់មូលដ្ឋាន នៅតែ​មិនទាន់មាន​តុល្យភាព​ស្បៀង​