ការស្រាវជ្រាវ បាន​រកឃើញ​ជំរុំ​សម្ដេចព្រះ​ស៊ីវ​ត្ថា​

ភ្នំពេញ: ​គួរ​រំលឹក​ប្រវត្តិសាស្ដ្រ​ដែលមាន​ចំណុច​សំខាន់ៗ ទាក់ទង​និង​ព្រឹត្តិការណ៍​ព្រះអង្គម្ចាស់​ស៊ី​វុត្ថា​៖ ព្រះ​អង្គឌួង ព្រះជន្ម​៥២​ឆ្នាំ ទើប​ស្ដេច​ទ្រង់​បាន​ឡើង​សោយរាជ​សម្បត្តិ (​គ​.​ស ១៨៤៧ - ១៨៦០) ទ្រង់​សោយរាជ​បាន​១៣​ឆ្នាំ ទ្រង់​ស្ដេច​ចូល​ទីវ​ង្គ​ត់ នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែតុលា ឆ្នាំ​១៨៦០​។ ក្នុង​រាជ​ព្រះ​អង្គឌួង ប្រទេស​ខ្មែរ​ស្ថិតនៅក្រោម​ឥទ្ធិពល នៃ​ការគ្រប់គ្រង​របស់​សៀម បុត្រា​ទាំង​៣​របស់​ព្រះអង្គ​ត្រូវ​ស្ដេច​សៀម ចាប់​ឃាត់ទុក​នៅ​បាងកក (​នរោត្តម​/​ស៊ី​សុ​វ​ត្តិ​/​ស៊ី​វុត្ថា​)​។

​យោងតាម​ពង្សាវតា នៃ​ប្រទេស​កម្ពុជា (​បោះពុម្ព លើក​ទី​១ ដោយ​រោង​ពុម្ព​ព្រះបរមរាជវាំង ភ្នំពេញ គ​.​ស ១៩៥២) ព្រះ​អង្គឌួង ស្ដេច​មាន​រាជបុត្រា​៣​ព្រះអង្គ ដែល​មកពី​មាតា​ទីទៃ ១/ ព្រះអង្គ​រាជា​វ​តី (​ដល់​បាន​រាជ​ព្រះនាម​ជា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម បាន​ឡើង​គ្រង​រាជ​ពី គ​.​ស ១៨៦០ ដល់ ១៩០៤), ២/ ព្រះអង្គ​សិរី​សុ​វ​ត្តិ (​ដល់​បាន​រាជ​ព្រះនាម​ជា​ព្រះបាទ​សម្ដេចព្រះ​ស៊ី​សុ​វ​ត្តិ បាន​ឡើង​គ្រង​រាជ​ពី គ​.​ស ១៩០០ ដល់ ១៩២៧)  និង​ទី​៣/ ព្រះអង្គ​វៃ​វត្ថា ឬ​ស៊ី​វុត្ថា (​សិរី​វុត្ថា​?) មិនបាន​ទទួល​សោយរាជ​ទេ​។ សាស្ដ្រាចារ្យ​ស៊ន សំណាង មានប្រសាសន៍ថា ព្រះអង្គម្ចាស់​ស៊ី​វុត្ថា ទំនង​មាន​ព្រះនាម​ដើម​ថា សិរី​វុត្ថា ព្រោះ​ក្នុង​រជ្ជកាល​ព្រះបាទ​អង្គឌួង រាជបុត្រ​ទាំងបី​នោះ​នៅ​សិក្សា​រៀនសូត្រ និង​ស្នាក់នៅ​ស្រុក​សៀម ភាសា​សៀម​មិនអាច​ប្រកប ឬ​អាន​ពាក្យ​«​សិរី​» បានក៍​បន្សល់​ពាក្យ​ថា «​ស៊ី​» ជំនួស​វិញ (​សិរី​សុ​វ​ត្តិ ទៅជា​ស៊ី​សុ​វ​ត្តិ​, សិរី​វុត្ថា ទៅជា​ស៊ី​វុត្ថា ដូចគ្នា​នឹង​ពាក្យ​សិរីសោភ័ណ ទៅជា​ស៊ីសុផុន​)​។

 ព្រះ​អង្គឌួង ស្ដេច​ចូល​ទីវ​ង្គ​ត់ ស្ដេច​សៀម​ក៏បាន​អនុញ្ញាត​ឲ្យ​បុត្រ​សម្ដេចព្រះ​នរោត្តម មក​ចូលរួម​ព្រះ​ពិធីបុណ្យ​ព្រះរាជ​សព បន្ទាប់ពី​ពិធី​នោះ សេនាបតី​នាម៉ឺន​សព្វ​មុខមន្ត្រី ព្រា​ហ្ម​អាចារ្យ ព្រះរាជ​វង្សា បាន​ប្រជុំគ្នា​សម្រេច​ផ្ដល់​ឲ្យ សម្ដេចព្រះ​នរោត្តម បាន​ឡើង​គ្រង​រាជ​។ បន្ទាប់ពី​ត្រឡប់​មកដល់​ព្រះ​នគរ ព្រះបាទ​សម្ដេចព្រះ​នរោត្តម បាន​ផ្ញើរ​សារលិខិត​ទៅ​ថ្វាយ​ស្ដេច​សៀម រៀបរាប់​អំពី​ការលំបាក​ផ្សេងៗ​របស់​ប្រទេស ស្ដេច​សៀម​ក៏​ចាត់​ឲ្យ​មេទ័ព និង​សម្ដេចព្រះ​ស៊ី​វុត្ថា (​ព្រះអនុជ​) មកជួយ​ជ្រោមជ្រែង​ប្រុង​ការងារ ដោយ​នាំយក​ជាមួយ​នូវ​អំណោយ​មួយចំនួន​ថ្វាយ​នៅ​វាំង​សារពើ​យុ​ធ ក្រុង​ឧ​ត្តុ​ង​។ (​សូមបញ្ជាក់ថា​៖ សម្ដេចព្រះ​នរោត្តម (​ជា​ព្រះរាម​) និង​សម្ដេចព្រះ​ស៊ី​វុត្ថា (​ព្រះអនុជ​) មិនសូវ​ចុះសម្រុង ក្នុង​ការរស់នៅ​ជាមួយគ្នា​ឡើយ​)​។

​សម្ដេចព្រះ​ស៊ី​វុត្ថា នៅពេល​ត្រឡប់​មកដល់​ក្រុង​កម្ពុជា បាន​ស្នាក់​នៅក្នុង​ដំណាក់​ជាមួយ​ព្រះអនុជ​មួយទៀត​ព្រះនាម​ព្រះអង្គម្ចាស់​សិរី​វង្ស​។ សម្ដេចព្រះ​ស៊ី​វុត្ថា និង​ព្រះអង្គម្ចាស់​សិរី​វង្ស មិន​ចុះសម្រុង​និង សម្ដេចព្រះ​នរោត្តម ជា​ព្រះរាម ហើយ​បានមក​គង់​ក្រសាល​នៅ​ភ្នំពេញ មក​ទាក់ទង​គប់​នឹង​ស្នង​សូ នៅ​ខេត្ត​បាភ្នំ​ធ្វើការ​បះបោរ​។ សម្ដេចព្រះ​នរោត្តម ជា​ព្រះរាម បាន​ឲ្យ​មន្ត្រី​យោធា ចាប់​ស្នង​សូ នោះមក​ជំនុំ​ជំ​រះ តែ​ស្នង​សូ រត់​ទៅ​ជ្រក​ក្នុង​ដំណាក់​សម្ដេចព្រះ​ស៊ី​វុត្ថា នៅ​ក្រុង​ឧ​ត្តុ​ង្គ​នោះ​។

​សម្ដេចព្រះ​នរោត្តម ក៏​បញ្ជារ​ឲ្យ​តាម​ចាប់​ស្នង​សូ នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​១៨៦១ ការប្រយុទ្ធ​គ្នា​ដោយ​បាញ់កាំភ្លើង​ក៏​កើតមាន​នៅក្នុង​វាំង​ក្រុង​ឧ​ត្តុ​ង្គ នា​ដំណាក់​សម្ដេចព្រះ​ស៊ី​វុត្ថា និង​ព្រះអង្គម្ចាស់​សិរី​វង្ស បណ្ដាល​ឲ្យ​ស្លាប់​ខាង​ព្រះ​ស៊ី​វុត្ថា​៨​នាក់​។ សម្ដេចព្រះ​ស៊ី​វុត្ថា និង​ព្រះអង្គម្ចាស់​សិរី​វង្ស ក៏​ជិះសេះ​រត់ចេញ​ពី​ក្រុង​ឧ​ត្តុ​ង ចាប់ពី​ថ្ងៃនោះ​រៀងមក ហើយ​ព្រះអង្គ​ទាំងពីរ​បាន​ភៀស​ព្រះកាយ ទៅ​ករ​ជា​កម្លាំង​នៅ​សៀមរាប បាត់ដំបង កំពង់ចាម ទន្លេ​បិទ និង​បាភ្នំ ជាដើម​។ ចលនា​ដេញចាប់​សម្ដេចព្រះ​ស៊ី​វុត្ថា ព្រះអង្គម្ចាស់​សិរី​វង្ស និង​ស្នង​សូ មាន​ច្រើន​កន្លែង ក៏ប៉ុន្តែ​ក៏មាន​ចលនា​គាំទ្ររ​ច្រើន​ផងដែរ​។

​នៅ​ចុងឆ្នាំ​១៨៦១ ព្រះ​ចៅ​ក្រុង​សៀម​ចម​ក្លាវ បាន​សរសេរ​សំបុត្រ​បង្ខំ​ឲ្យ សម្ដេចព្រះ​នរោត្តម និង​សម្ដេចព្រះ​ស៊ី​វុត្ថា ចូលទៅ​ក្រុង​ទេព (​បាងកក​) ហើយ​បាន​ព្រឹក្សា​អំពី​សង្គ្រាម​នៅ​ស្រុក​ខ្មែរ ដោយ​ឲ្យ​សម្ដេចព្រះ​នរោត្តម ដឹកនាំ​ទ័ព​សៀម​ខ្មែរ តាមផ្លូវ​សមុទ្រ​ចូលមក​ខេត្តកំពត​។ សម្ដេចព្រះ​នរោត្តម បាន​ដឹកនាំ​ទ័ព​សៀម​ខ្មែរ មក​បង្ក្រាប​ការបះបោរ ដូចជា​អាចារ្យ​ស្វា ពោ​កំបោ និង​សូ នៅ​ស្រុក​ខ្មែរ​ឲ្យ​បាន​រាបទាប​វិញ តែ​សម្ដេចព្រះ​ស៊ី​វុត្ថា សៀម​ឃាត់​នៅ​ក្រុង​បាងកក​។

​នៅ​ថ្ងៃ ១១ សីហា ១៨៦៣ ព្រះបាទ​នរោត្តម​បាន​ចុះ​ព្រះ​ហ​ស្ថ​លេខា​លើ​សន្ធិសញ្ញា​មួយ​ដែល​ទទួលស្គាល់​អាណាព្យាបាល​បារាំង​លើ​ព្រះរាជាណាចក្រ​របស់​ទ្រង់​។
​លុះដល់​ក្នុង​ឆ្នាំ​១៨៧០ សម្ដេចព្រះ​ស៊ី​វុត្ថា បាន​លេចមុខ​ម្ដងទៀត​លុកលុយ​ខេត្តកំពង់ធំ ប្រាថ្នា​យក​ខេត្ត​នេះ​គ្រប់គ្រង ប៉ុន្តែ​ទ័ព​ហ្លួង និង​ទ័ពបារាំង​ខ្លះ លើក​ទៅ​វាយ​ខ្ចាត់ខ្ចាយ​អស់ ហើយ​សម្ដេចព្រះ​ស៊ី​វុត្ថា ភៀស​ព្រះកាយ​ទៅ​គង់នៅ​ផ្នែក​ខាងជើង​ខេត្ត​សំបូរ (​សំបូរ កំពង់ធំ​) ត្រើយ​ខាងលិច​ទន្លេមេគង្គ ហៅថា​ភូមិ «​គ្រាក់​», រំចេក និង​ពោធិ​រោង​។

​យោងតាម​សៀវភៅ Monographie de la Province de Kratié, Saigon 1908 បាន​ឲ្យ​ដឹងថា​៖ បារាំង​បានដឹងថា សម្ដេចព្រះ​ស៊ី​វុត្ថា មិនមែនជា​មនុស្ស​គ្រោះថ្នាក់​ទេ តែ​បារាំង​មិនដឹងថា សម្ដេចព្រះ​ស៊ី​វុត្ថា​អាច​បញ្ចុះ​ប​ញ្ជូ​ល មនុស្ស​ជាច្រើន​មក​ដើម្បី​ប្រយុទ្ធ​នឹង​បារាំង​ឬ​យ៉ាងណាទេ ដោយ​សម្ដេចព្រះ​ស៊ី​វុត្ថា មក​ចូល​នៅ​តំបន់ កំពង់ធំ និង​ក្រចេះ គឺ​ក្រោម​ការ​គាំពារ​ពី​ស្ដេច​សៀម​។ នៅ​សំបូរ (​ក្រចេះ​) នា​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៨៨៥ ក្នុង​រសៀល​នោះ​លោក​មេក្រុម Bertel (​មេកង​បារាំង​)​បាន​ត្រឡប់​មកពី​ការិយាល័យ តេ​ឡេ​ក្រាម ផ្ញើ​សារ​មក​ក្រចេះ​។

​លោក Bertel បាន​ជួប​បាឡាត់ មាស  (Méas) ដែល​ធ្វើដំណើរ​ទៅកាន់​បន្ទាយទ័ព ដើម្បី​រាយការណ៍​ប្រាប់ថា «​ក្រុម​បះបោរ ដែល​ដឹកនាំ​ដោយ​សម្ដេចព្រះ​ស៊ី​វុត្ថា បាន​កំពុងធ្វើដំណើរ​មកកាន់​សំបូរ ហើយ​ប្រជាជន​ដែល នៅ​ភូមិ​ជាប់ៗ​សំបូរ នោះ​កំពុង​រត់​ច្រួលច្របល់ ប៉ុន្តែ​ពួកគេ​មិនទាន់​ដឹង​ជា​ទៅណា​»​។ អ្នកបះបោរ បាន​ដុត​បន្ទាយ​បារាំង​យប់នោះ ហើយ​បាន​បាញ់សម្លាប់ លោក​មេកង​បារាំង​ឈ្មោះ Bellanger ។  ពួក​បះបោរ​នោះ​ដឹកនាំ​ដោយ​សម្ដេចព្រះ​ស៊ី​វុត្ថា ដែលមាន​មេកង​កែវ​(Kév) ជា​មេកង​ធំ ពួកគេ​មាន​កាំភ្លើង​៤៣ ដើម កាំភ្លើងខ្លី​១ និង​ដាវ លំពែង មាន​រំសេវ​តិចតួច​។

​ជាធម្មតា​ការ​ត្រឡប់​មកជា​លើក​ទី​ពីរ របស់​សម្ដេចព្រះ​ស៊ី​វុត្ថា គឺមាន​សៀម​នៅ​ពីក្រោយ ឲ្យ​សម្ដេចព្រះ​ស៊ី​វុត្ថា ប្រឆាំង​និង​បារាំង ហើយ​ម្យ៉ាងវិញទៀត សម្ដេចព្រះ​ស៊ី​វុត្ថា មានឱកាស​ចង់​វាយបក សម្ដេចព្រះ​នរោត្តម​ផង​។
​មូលដ្ឋាន​តស៊ូ​របស់​ព្រះអង្គ​គឺ​នៅជាប់​នឹង​តំបន់ភ្នំ​ជី ដែល​ជិត​និង​ខេត្ត​ម្លូព្រៃ និង​ខេត្ត​ទ​ន្លរ​ពៅ ដែល​សៀម​បាន​កាន់កាប់ ត្រើយ​ខាងលិច​ទន្លេមេគង្គ ទីនោះ​ហៅថា​ភូមិ «​គ្រាក់​»​។ តើ​អ្វី​ទៅជា​ភូមិ​គ្រាក់​? មូលហេតុ​អ្វី​បានជា​ភូមិ​គ្រាក់ ជា​មូលដ្ឋាន ឬ​ជា​ព្រះរាជដំណាក់​របស់​សម្ដេច​ព្រះ​ស៊ី​វុត្ថា​?

​កាលពី​ថ្ងៃទី​៤ ខែ​មិនា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ​សាស្ដ្រាចារ្យ​បណ្ឌិត ធុ​យ ចាន់​ធួន និង​លោក​សាស្ដ្រាចារ្យ ម៉ៅ ឈាង​ឡេង បានធ្វើ​ដំណើរ​រុករក​មួយ​នៅ​ភាគ​កណ្ដាល​ប្រទេស​កម្ពុជា ក្នុង​ចន្លោះ​ខេត្តកំពង់ធំ និង​ខេត្តក្រចេះ នា​ភាគ​ខាង​ឧ​ត្ត​រ ក្នុង​តំបន់​ព្រៃ​ឡង់​ភាគខាងត្បូង និង​ក្នុងភូមិ​សាស្ដ្រ​ភ្នំ​ជី នៃ​ស្រុក​សំបូរ និង​ស្រុក​សណ្ដាន់​។ ដំណើរ​ស្រាវជ្រាវ​នេះ​ក្នុង​គោលបំណង​ស្វែងយល់​អំពី​ចលនា​តស៊ូ របស់​ព្រះអង្គម្ចាស់​ស៊ីវ​ត្ថា ដើម្បី​បណ្ដេញ​បារាំង​ក្នុងសម័យ​អាណានិគម​ន៍​។ ដើម្បី​ទៅដល់​តំបន់​តស៊ូ​គ្រាក់​នោះ យើង​ត្រូវ​ធ្វើដំណើរ​តាម​ខេត្តកំពង់ធំ មក​ក្រុង​បុរាណ​សំបូរ​ព្រៃ​គុគ រួច​បន្ត​តាម​សាលាស្រុក​ប្រាសាទ​សំបូរ ឆ្ពោះទៅ​ស្រុក​សណ្ដាន់​តាមផ្លូវ​ជាតិ​ខ្លះ និង​ផ្លូវលំ​ខ្លះ (​ផ្លូវ​ពិបាក​ធ្វើដំណើរ​)​។​

​ការធ្វើដំណើរ​បន្ត​ចេញពី​ទីរួមស្រុក​សណ្ដាន់ កាត់​តាម​ឃុំ​មាន​រិ​ទ្ធ (​តំបន់​ព្រៃ​ឡង់​), ឃុំ​ទម្រីង (​តំបន់​ចំការកៅស៊ូ​) និង​បន្ត​រហូតដល់​ឃុំ​សុចិត្រ ស្ថិតនៅ​ភាគ​ខាងលិច​ភ្នំ​ជី​។ ឃុំ​សុចិត្រ មាន​ភូមិ​ឈ្មោះ​ពោធិ​រោង​, ភូមិ​រំចេក និង​ភូមិ​ក្រាំង យោងតាម​ឯកសារ​បារាំង​សរសេរថា សំណាក់​របស់​ព្រះអង្គ​ស៊ី​វុត្ថា នៅ​ក្រាក់ (Krak) នៅ​រំចេក ជិត​ព្រំដែន​ក្បែរ​ពោ​រូង​។ សាស្ដ្រាចារ្យ​បណ្ឌិត ធុ​យ ចាន់​ធួន បាន​ព្យាយាម​សួរ​ពត៌មាន​អំពី​អ្នកភូមិ​រក​ដំណាក់ ឬ​សំណាក់​ស្ដេច​ស៊ី​វុត្ថា​។ តែ​មិនបាន​ផល​សោះ​មិនមាន​ន​ណា​ដឹង​អំពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៅ​តំបន់​នោះឡើយ​។

​បន្ទាប់ពី​ការព្យាយាម​សម្ភាសន៍​ជាមួយ​អ្នកភូមិ​ជាច្រើន​នាក់ បណ្ឌិត ធុ​យ ចាន់​ធួន ក៏បាន​ជួប​លោកតា​ចាស់​ម្នាក់​ឈ្មោះ ម៉ែន ឈិន កើត​នៅក្នុង​ឆ្នាំ​១៩២៧ នៅ​ភូមិ​ពោធិ​រោង​។ លោកតា​បាន​ចងចាំ​ខ្លះៗ​អំពី​ប្រវត្តិ​នៅក្នុង​ភូមិ​នេះ ដែល​ឪពុក​របស់​លោកតា​បាន​ដំណាល​ប្រាប់​កាលពី​ក្មេង​៖ នៅ​ភូមិ​ពោធិ​រោង​នេះ​មាន​កូនចៅ​ស្នង​អន នៅរស់​ខ្លះ​នៅឡើយ​។ ស្នង​អន​នោះ​គឺជា​ស្នង​បន្ត​ពី​ព្រះ​ស៊ី​វុត្ថា ដែល​បាន​សុគត​ទៅហើយ​គេ​ហែរ​សព​យកទៅ​ស្រុក​សៀម​ទៅ ក្នុង​ឆ្នាំ​១៨៩១​។

​ព្រះរាជដំណាក់​របស់​ព្រះអង្គ​ស៊ី​វុត្ថា គឺ​នៅ​ភូមិ​រំចេក ឯណោះ​។ លោកតា​បាន​នាំ​ក្រុម​ស្រាវជ្រាវ​យើង​ទៅ​មើល​ទី​ព្រះរាជដំណាក់​នោះ គឺ​នៅ​ភាគខាងត្បូង​ភូមិ​ពោធិ​រោង​ប្រហែល​៣​គីឡូម៉ែត្រ នោះ​គឺ​ភូមិ​រំចេក ដោយ​យើង​បានធ្វើ​ដំណើរ​ដល់​ភូមិ​រំចេក តែ​ត្រូវ​ដើរកាត់​វាលស្រែ​ប្រហែល​៥០០​ម៉ែត្រ ទៅខាង​កើត​ភូមិ​នេះ ទៅ​កន្លែង​ភូមិ​ចាស់​ដែលជា​ដំណាក់​ព្រះអង្គ​ស៊ី​វុត្ថា​។

​ដំណាក់​នេះ​ស្ថិតក្នុង​ប្រព័ន្ធ​ភូមិសាស្ត្រ GPS ដែល​ក្រុម​ស្រាវជ្រាវ​យើង​បាន​កត់ត្រា ព្រះរាជដំណាក់​មិនមាន​អ្វី​សេះសល់​ក្រៅ ពី​កំពែង​ដី ដើម​ឬ​ស្សី​ព័ទ្ធ​លើ​កំពែង និង​ដើម​រុក្ខជាតិ​ហូប​ផ្លែ​ខ្លះ ដូចជា​ស្វាយ និង​ត្នោត​។ ដំណាក់​នេះ​មាន​ស្រះ​ទឹកធំៗ​ចំនួន​២​នៅ​អម​ច្រកចូល បែរ​ទៅ​ទិស​ខាងជើង និង​មាន​ស្ទឹង​នៅ​ព័ទ្ធ​ពីក្រោយ​។ កំពែង​ដី​ពីរ​ជាន់ កំពែង​ខាងក្រៅ​ប្រហែលជា​៣០០​ម៉ែត្រ​បួន​ជ្រុង និង​កំពែង​ខាងក្នុង​ប្រហែល​១០០​ម៉ែត្រ​បួន​ជ្រុង កំពែង​ក្នុងនោះ​មានកំ​ពស់ដី​ប្រហែល​១,៥០​ម៉ែត្រ ដែល​នៅសល់​បច្ចុប្បន្ន ហើយ​ដើម​ឬ​ស្សី​ដាំ​នៅលើ​កំពែង​នោះ ស្រដៀង​គ្នា​និង​ដើម​ឬ​ស្សី​ដាំ​នៅ​ក្រុង​លង្វែក​ដែរ​។
​អ្នកភូមិ​បានបង្ហាញ​បុរាណវត្ថុ​មានតម្លៃ​មួយចំនួន​ដល់​ក្រុម​អ្នកស្រាវជ្រាវ​យើង សូមបញ្ជាក់ថា​៖ បន្ទាយ ឬ​ដំណាក់​សម្ដេចព្រះ​ស៊ី​វិត្ថា តាំងនៅ​តំបន់​ដាច់​ស្រា​យ៉ា​ល នា​ជើងភ្នំ​ជី ជា​កន្លែង​ប្រជុំជន ប្រវត្តិសាស្ដ្រ​នៃ​ការជីក​មាស របស់​អ្នកស្រុក​ក្នុង​តំបន់​ខេត្តក្រចេះ កំពង់ធំ ព្រះវិហារ និង​ស្ទឹងត្រែង (​ព្រមទាំង​អតីត​ខេត្ត​ម្លូព្រៃ និង​ទន្លេរពៅ​ផងដែរ​) ដែលជា​ដំបន់​សំបូរ​ធនធាន​ច្រើន​ប្រភេទ ទាំង​រ៉ែ​មាស រ៉ែ​ដែក ការផលិត​ដែក និង​សត្វព្រៃ​ផងដែរ​។

​ឯកសារ​បារាំង​បាន​បញ្ជាក់ថា សម្ដេចព្រះ​ស៊ី​វុត្ថា មាន​ព្រះរាជដំណាក់​យ៉ាង​ស្តុកស្ដម្ភ សំបូរ​របស់របរ​ផ្សេងៗ​ជាច្រើន​នៅក្នុង​ដំណាក់​នោះ​។ សព្វថ្ងៃនេះ​ក្រុម​ស្រាវជ្រាវ​យើង​មិនឃើញ​មាន​ដំណាក់​ហ្លួង​ទៀតឡើយ យើង​ឃើញតែ​ខឿន នៃ​ព្រះរាជដំណាក់​តែប៉ុណ្ណោះ​។ អ្នកស្រុក​បានបង្ហាញ​បុរាណវត្ថុ ដល់​ក្រុម​ស្រាវជ្រាវ​យើង​មួយចំនួន ដែរ​នាំ​ឲ្យ​ក្រុម​ស្រាវជ្រាវ​យើង​សន្និដ្ឋានថា​៖ ព្រះរាជដំណាក់​ត្រូវបាន​បំ​ផ្ល​ញ​ដោយ​សង្គ្រាម ច្រើន​ជំនាន់ ប៉ុន្តែ​បុរាណវត្ថុ​អាច​នៅ​កប់​ក្នុង​បរិវេណ​ដំណាក់ ឬ​នៅតាម​ស្រះ​បុរាណ​នៅ​ជុំវិញ​ដំណាក់​នោះ​។ ការសិក្សា​ស្រាវជ្រាវ​ត្រូវ​គូស​ផែនទី និង​ស្រាវជ្រាវ​ឲ្យ​ស៊ី​ច​ម្រៅ​ថែមទៀត​ដើម្បី​កំណត់​អភិរក្ស​បុរាណ​ស្ថាន​ដែលជា​ដំណាក់​ចាស់​នេះ​។ អាជ្ញាធរ​ដែនដី ត្រូវការពារ​កុំ​ឲ្យ​មានកា​រលួយ​ជីក​កកាយ​រុករក​បុរាណវត្ថុ​ពី​ឈ្មួញ​ទុច្ចរិត​។​

​របគគំហើញ​នៃ​ទីតាំង​ភស្ដុតាង​ដំណាក់​សម្ដេចព្រះ​ស៊ី​វុត្ថា ជា​សក្ខីកម្ម​បញ្ជាក់​ពី​ប្រវត្តិសាស្ដ្រ​ពិត​របស់​សង្គម​ខ្មែរ​នា​សតវត្ស​ទី​១៩៕

ការស្រាវជ្រាវ បាន​រកឃើញ​ជំរុំ​សម្ដេចព្រះ​ស៊ីវ​ត្ថា​

កិច្ចសម្ភាសន៍​ជាមួយ​លោកតា ម៉ែន ឈិន នៅ​ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ (​ម៉ៅ ឈាង​ឡេង ៥ មិនា ២០១៦)​

ការស្រាវជ្រាវ បាន​រកឃើញ​ជំរុំ​សម្ដេចព្រះ​ស៊ីវ​ត្ថា​

កំពែង​ដំណាក់​សម្ដេចព្រះ​ស៊ី​វុត្ថា នៅ​ភូមិ​រំចេក ឃុំ​សុចិត្រ ស្រុក​សន្ដាន់ ខេត្តកំពង់ធំ នា​ឆ្នាំ​១៨៧០ (​អតីត​តំបន់​ក្រាក់ ស្រុក​សំបូរ ខេត្ត​អា​សន្ទុក​) (​ធុ​យ ចាន់​ធួន ៥ មិនា ២០១៦)​
ការស្រាវជ្រាវ បាន​រកឃើញ​ជំរុំ​សម្ដេចព្រះ​ស៊ីវ​ត្ថា​

គូ​ទឹក ព័ទ្ធជុំវិញ ដំណាក់​សម្ដេចព្រះ​ស៊ី​វុត្ថា នៅ​ភូមិ​រំចេក ឃុំ​សុចិត្រ ស្រុក​សន្ដាន់ ខេត្តកំពង់ធំ នា​ឆ្នាំ​១៨៧០ (​អតីត​តំបន់​ក្រាក់ ស្រុក​សំបូរ ខេត្ត​អា​សន្ទុក​) (​ធុ​យ ចាន់​ធួន ៥ មិនា ២០១៦)​

ការស្រាវជ្រាវ បាន​រកឃើញ​ជំរុំ​សម្ដេចព្រះ​ស៊ីវ​ត្ថា​

ដំណាំ​ហូប​ផ្លែ ដែល​មាននៅ​ជុំវិញ​ព្រះរាជដំណាក់ ក្រាក់ ឬ​រំចេក (​ធុ​យ ចាន់​ធួន ៥ មិនា ២០១៦)​