ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១០ មីនា បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ខ្លី​២​គ្រាប់​ទៅ​កាន់​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ខាងកើត​របស់​ខ្លួន ដែល​នាំ​ឱ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ក្នុង​តំបន់ បន្ទាប់​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

យោង​តាម​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​ថា មី​ស៊ី​ល​ទាំង​២​គ្រាប់​នេះ​ត្រូវ​បាន​បាញ់​ចេញ​នា​ព្រឹក​ថ្ងៃ​ទី​១០ មីនា វេលា​ម៉ោង​៥​និង​២០​នាទី​ម៉ោង​ក្នុងស្រុក ហើយ​មី​ស៊ី​ល​នីមួយ​ៗ​ហោះ​ក្នុង​ចម្ងាយ​៥០០​គីឡូម៉ែត្រ មុន​ពេល​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ជប៉ុន​ក្នុង​ដែនទឹក​នៃ​កំពង់​ផែ WONSAN របស់​កូរ៉េ​ខាងជើង ។

ការ​សាកល្បង​មី​ស៊ី​ល​រយៈ​ខ្លី​តែង​ធ្វើ​ជា​ញឹកញាប់​ដោយ​របប​លោក​គី​ម ជុង​អ៊ុ​ន ដែល​កាន់តែ​ឯកោ​ដោយសារ​បញ្ហា​នុយក្លេអ៊ែរ ។ កាលពី​ស​ប្តា​ហ៍​មុន កូរ៉េ​ខាងជើង​បាន​បាញ់​រួច​ហើយ​នូវ​កាំជ្រួច​រយៈ​ខ្លី​៦​គ្រាប់ ទៅ​កាន់​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ខាងកើត​របស់​ខ្លួន​ជា​ប្រតិកម្ម​តប​ចំពោះ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ដែល​បន្ថែម​ទម្ងន់​យ៉ាង​ខ្លាំង​ដល់​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​ប្រទេស​នេះ ។

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បាន​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ​បន្ទាប់​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​ចុង​ក្រោយ​របស់​របប​កុំ​មុ​យ​នី​ស្ត​នេះ ៕