បទល្មើស​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​កែច្នៃ​តាម​ទូក និង​រថយន្ត​តូចៗ​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​

វិធានការ​របស់​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវបាន​មជ្ឈដ្ឋាន​នានា​វាយតម្លៃថា មិនទាន់មាន​ប្រសិទ្ធភាព​គួរ​ឲ្យ​កត់សម្គាល់​នោះទេ ព្រោះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តក្រចេះ នៅតែ​បន្ត​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ​ត្រូវបាន​ស្ងប់ស្ងាត់​ក្នុងខណៈដែល​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បើក​ប្រតិបត្តិ​ការបង្ក្រាប​ប៉ុន្តែ​បទល្មើស​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​កែច្នៃ តាម​ទូក និង​តាម​រថយន្ត​តូចៗ​នៅតែ​កើតឡើង​ដូច​មុន​ដដែល​។ ពេលខ្លះ​ឈ្មួញ​មួយចំនួន​ហ៊ាន​ប្រឈមមុខ​ជាមួយ​សមត្ថកិច្ច​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​នៅពេលដែល​សមត្ថកិច្ច​ប​ង្ក្រា​ប​សកម្មភាព​ដឹកឈើ​របស់​ពួកគេ​។

​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ចូលទៅ​ត្រួតពិនិត្យ​ទូក​ដឹកឈើ​៤​គ្រឿង​ដែល​ដឹកឈើ​ចេញពី​តំបន់​ផ្នែក​ខាងលើ​នៃ​ស្រុក​សំបូរ ខេត្តក្រចេះ បណ្ដែត​តាម​ទន្លេមេគង្គ​មកដល់​មុខ​ទី​រួម​ខេត្តក្រចេះ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ក្រុម​ឈ្មួញ​ដឹកឈើ​តាម​ទូក​ជាច្រើន​នាក់​បាននាំគ្នា​កាន់ដំបង និង​ពូថៅ​គ្រប់​ដៃ​ហាក់ដូចជា​ចង់​គំរាមកំហែង​បង្ក្រាប​សមត្ថកិច្ច​ទៅវិញ​។ ប្រការនេះ​បង្ហាញថា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​មិន​ញញើត​ជាមួយ​សមត្ថកិច្ច​នោះទេ ដោយសារតែ​កន្លងមក​សមត្ថកិច្ច​ជំរិត​យកលុយ​ពី​ពួកគេ ហើយ​បែរជា​បង្ក្រាប​ពួកគេ​យក​ស្នាដៃ​ទៅវិញ​។

ប្រភពពី​សមត្ថកិច្ច​ចូលរួម​បង្ក្រាប​ទូក​ដឹកឈើ​៤​គ្រឿង​នៅក្នុង​ទន្លេ​មុខ​ទី​រួម​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ក្នុង​មួយ​ទូកៗ​មាន​ឈើ​ប្រហែល​ជាង​១០​ម៉ែត្រគូប ហើយ​ពេល​សមត្ថកិច្ច​ស្ទាក់​ឃាត់​ឈ្មួញ​ឈើ​ឈ្មោះ តា​ម៉ាន ជា​ខ្មែរឥស្លាម​រស់នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង​កម្មករ​ជាច្រើន​នាក់​បាននាំគ្នា​កាន់ដំបង និង​ពូថៅ​ចង់​គំរាម​សមត្ថកិច្ច​ទៅវិញ​។ ជាងនេះទៅទៀត​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៦ ក៏មាន​ករណី​ក្រុម​អ្នកដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង​៨​គ្រឿង​ដែលជា​ឈើ​ជន្លង់ម្រេច​ធ្វើ​សកម្មភាព​ព្រួត​វាយ​លើ​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​ម្នាក់​ឲ្យ​រងរបួស​ផងដែរ​។ ប៉ុន្តែ​កម្លាំង​កងរាជអាវុធហត្ថ​ដែលមាន​គ្នា​៩​នាក់​បាន​ស្ទាក់ចាប់​រថយន្ត​សាំ​យ៉ុង​នោះ នៅ​ក្បាលស្ពាន​កា​ប៉ូ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះ​។

​តាមរយៈ​សកម្មភាព​ដូច​រៀបរាប់​ខាងលើនេះ​មានន័យថា បទល្មើស​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តក្រចេះ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ដូច្នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ មន្ត្រីរាជការ​ក្នុង​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថា ដោយសារតែ​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ទើប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​នេះ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ ប្រសិនបើ​លោក ទ្រី សុភ័ក្ត្រ និង​បក្ខពួក​មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃ​នោះ គឺ​ឈ្មួញ​មិន​ហ៊ាន​ដឹកឈើ​តាម​គោយន្ត​កែច្នៃ តាម​ទូក និង​តាម​ថ​យន្ត​សាំ​យ៉ុង​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នេះឡើយ​៕

252525លោក ឆេង​ គឹមសុន អគ្គនាយករដ្ឋបាលព្រៃឈើ