ឯកឧត្តមពេជ សោភ័ន សម្ពោធដាក់ឲ្យ ដំណើរការមជ្ឈមណ្ឌលការងារ ខេត្តកំពង់ធំ

កំពង់ធំ៖ ថ្លែងបើកសម្ពោធដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលការងារខេត្តកំពង់ធំ ដែលមានទីតាំងស្ថិត ​ក្នុង​មជ្ឈមណ្ឌល បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជា​ជីវៈ​ ខេត្តកំពង់ធំ ឯកឧត្តមពេជ សោភ័ន​ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល មានប្រសាសន៍ ថាមជ្ឈមណ្ឌលការងារនេះ គឺជាមជ្ឈមណ្ឌលការងារទី៣​ ដែលត្រូវបាន​បង្កើត​​ឡើងក្រោមកិច្ច​សហការរវាង ទីភ្នាក់ងារផ្តល់សេវាការងារ សាធារណៈ​ស៊ុយអែត និងទីភ្នាក់ងារជាតិមុខរបរ និងការងារ(​NEA) ក្នុងគម្រោងគាំទ្រការអភិវឌ្ឍជំនាញនិងការងារសម្រាប់ យុវជននៅកម្ពុជា ដែលផ្តល់​ហិរញ្ញប្បទានដោយ​ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍ អន្តរជាតិស៊ុយអែត (SIDA) ហើយក៏ជាមជ្ឈមណ្ឌលការងារទី៩ ដែលNEA បានដាក់​ឱ្យ​ដំណើរការ ក្នុងកិច្ចខិតខំ ពង្រីកការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារឱ្យបាន​ទូលំទូ​លាយ និងឆាប់រហ័ស ជូនប្រជាពលរដ្ឋទូទាំងប្រទេស។

ឯកឧត្តមពេជ សោភ័ន សម្ពោធដាក់ឲ្យ ដំណើរការមជ្ឈមណ្ឌលការងារ ខេត្តកំពង់ធំ

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសាន៏បន្តថា ការបង្កើតឡើងនូវមជ្ឈមណ្ឌលការងារ គឺជាការបង្កើតឱ្យ​មាន​ឡើង នូវទីផ្សារមួយ សម្រាប់ការដោះដូរកម្លាំង ពលកម្មដោយងាយស្រួលរវាង អ្នកផ្គត់ផ្គង់កម្លាំងពលកម្ម គឺអ្នក​​ស្វែងរកការងារ និងអ្នកត្រូវការកម្លាំងពលកម្ម គឺនិយោជក  ដែលមានលក្ខណៈដូចគ្នាទៅនឹង ​ទីផ្សារសម្រាប់ផលិតផល និងសេវាដទៃទៀតដែរ។ លើសពីនេះ ការបង្កើតនូវទីផ្សារនេះឡើង ដែលមានគោលដៅបែងចែក ព័ត៌មានអំពីឱកាសការងារជូន ប្រជាពលរដ្ឋឱ្យបានទូ​លំទូលាយ និងស្មើភាពគ្នា គឺការចូលរួមចំណែក លើកកម្ពស់សមធម៌ក្នុង​សង្គម ដោយសារការទទួលបានការងារធ្វើ គឺនាំទៅដល់ការទទួល បាននូវប្រាក់ចំណូល។ ដូច្នេះការខិតខំ របស់រាជរដ្ឋាភិបាល ក្នុងការបែងចែកព័ត៌មានអំពីឱកាស ការងារឱ្យបានស្មើៗគ្នា គឺជាការខិតខំសំដៅទៅបែងចែកទ្រព្យ សម្បត្តិជូនប្រជាពលរដ្ឋ ឱ្យបានស្មើគ្នា។

ឯកឧត្តម ពេជ សោភ័នមានប្រសាសន៍ លើកឡើងបន្តថា សេវាការងារនិងប្រព័ន្ធព័ត៌មានទីផ្សារមានមុខងារយ៉ាង សំខាន់ ក្នុងការចូលរួមចំណែក អនុវត្តសម្រេចជោគជ័យ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការជួយធ្វើឱ្យ ភាគីពាក់ព័ន្ធក្នុងទីផ្សារការងារ ពិសេស អ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំ បណ្តុះបណ្តាល អាចទទួលព័ត៌មាន​ឆាប់រហ័សនិង ពេញលេញពីគ្នាទៅវិញទៅមក ដែលកត្តានេះ ជួយធ្វើឱ្យប្រសើឡើង នូវដំណើរការ និងភាពងាយបត់បែននៃទីផ្សារការងារ។​ ភាពងាយបត់បែននៃ ទីផ្សារការងារ គឺជាកត្តាយ៉ាងសំខាន់សម្រាប់ការវិភាជន៍កម្លាំង ពលកម្មដោយរលូន ដោយគ្មានពន្យាពេលភាពគ្មានការងារធ្វើ និងកាត់បន្ថយ  ផលិតភាព។ ប្រសិនបើ គ្មានព័ត៌មានអំពីតម្រូវការជ្រើសរើស កម្លាំងពលកម្ម ប្រជាពលរដ្ឋស្វែងរកការងារ នឹងគ្មានការងារធ្វើ, ហើយប្រសិនបើគ្មានព័ត៌មានអំពីអាជីព ប្រជាពលរដ្ឋអាចធ្វើការ ជ្រើសរើស​អាជីព ដែលគ្មានតម្រូវការកម្លាំងពលកម្ម។ ប្រសិនបើ ប្រជាពលរដ្ឋកាន់តែ​ច្រើន ឡើង​ទទួលបានការងារធ្វើ ចំណូលរបស់អ្នកទាំងនោះ នឹងកើនឡើង ដែលនាំឱ្យកម្រិតជីវភាពក្នុង សង្គមទាំងមូល ក៏កើនឡើងដែរ, ហើយប្រសិនបើប្រជាពលរដ្ឋធ្វើការសម្រេចចិត្តត្រឹមត្រូវ កាន់តែច្រើនឡើង និយោជកនឹងកាន់តែអាច ជ្រើសកម្លាំងពលកម្មតាមអ្វីដែលត្រូវការ ដែលកត្តានេះនាំឱ្យ    ផលិតភាពក៏ កាន់តែមានការកើនឡើងដែរ។

នាឪកាសនោះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋស្វែងរកការងារ សិស្សានុសិស្ស និស្សិត យុវជនដទៃទៀត និងនិយោជកទាំងអស់ ធ្វើការប្រើប្រាស់ និងទាញយកប្រយោជន៍ឱ្យ អស់សក្តានុពលពី​កញ្ចប់សេវាដែល ផ្តល់ជូនដោយ មជ្ឈមណ្ឌលការងារខេត្តកំពង់ធំនេះ ដូចជា សេវា​ចុះឈ្មោះជួយស្វែង ​រកការងារ សេវាផ្សព្វផ្សាយព័ត៌មាន​ជ្រើសរើសកម្លាំងពលកម្ម សេវា ការផ្គូផ្គងការងារ សេវាការប្រឹក្សាយោបល់​អំពីអាជីព វិជ្ជាជីវៈនិងការងារ ព្រមទាំងព័ត៌មាន ទីផ្សារការងារផ្សេងទៀត។

ឯកឧត្តមពេជ សោភ័ន សម្ពោធដាក់ឲ្យ ដំណើរការមជ្ឈមណ្ឌលការងារ ខេត្តកំពង់ធំ
ឯកឧត្តមពេជ សោភ័ន សម្ពោធដាក់ឲ្យ ដំណើរការមជ្ឈមណ្ឌលការងារ ខេត្តកំពង់ធំ
ឯកឧត្តមពេជ សោភ័ន សម្ពោធដាក់ឲ្យ ដំណើរការមជ្ឈមណ្ឌលការងារ ខេត្តកំពង់ធំ
ឯកឧត្តមពេជ សោភ័ន សម្ពោធដាក់ឲ្យ ដំណើរការមជ្ឈមណ្ឌលការងារ ខេត្តកំពង់ធំ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត