ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោកជុំ សុន្ទរី ​អ្នក​នាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានឱ្យ​​ដឹង​​ថា ស្ថាន​​អគ្គ​​កុង​ស៊ុល​កម្ពុជាប្រចាំ​​ទីក្រុង​​ហូ​ជី​​មី​ញ ប្រទេស​វៀតណាម ​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច​ទីក្រុង​ហូ​ជី​មី​ញ រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​​ខ្មែរ​ចំនួន​២៣​នាក់ ក្នុង​នោះ​មនុស្ស​ចាស់​​៧​នាក់ ​ស្ដ្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​​១​នាក់ និង​កុមារ​១៦​នាក់ ដែល​បាន​ចូល​ទៅ​​ប្រកប​​របប​​លក់​ឆ្នោត​ខុសច្បាប់​​នៅ​ទីក្រុង​ហូ​ជី​មី​ញ ។

​លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​​ទាំង​២៣​នាក់​នេះ មានស្រុក​កំណើត​នៅ​ស្រុក​​ច​ន្ទ្រា និង​នៅ​ស្រុក​កំពង់​រោទិ៍ ខេត្តស្វាយរៀង នឹង​​ត្រឡប់​មក​កម្ពុជា​វិញ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​​នេះ នា​ស​ប្តា​ហ៍​ទី​៣ ​ខែមីនា ​ឆ្នាំ​២០១៦ តាម​ច្រក​អន្តរជាតិ​បា​វិត ។

លោក​ជុំ សុន្ទរី បាន​រំលឹក​ថា ក្នុង​​កិច្ចប្រជុំ​ជាមួយ​ឯកអគ្គរាជ​ទូត និង​អគ្គ​កុងស៊ុល​កម្ពុជា​​ប្រចាំ​នៅ​បរទេស​នៅ​ទីស្ដីការ​ក្រសួងការបរ​ទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ កាលពី​ថ្ងៃ​ទី​៣០ ​មករា ឆ្នាំ​២០១៦ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ណែនាំ​ជា​ថ្មី​ម្ដងទៀត ឱ្យ​​ស្ថាន​តំណាង​កម្ពុជា​ទាំង​អស់​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្លាំង ក្នុង​ការ​ជួយ​ដល់​ពលករ​-​ពល​ការិនី និង​ពលរដ្ឋ​កម្ពុជា ដែល​បាន​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់ ។