ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្តាល ៖ ​បុរស​ម្នាក់​​​​ឈរ​មើល​គេ​រាំ​ធុងបាស់​សុខៗ​ ស្រាប់​តែ​​​មាន​​ជន​ដៃ​ដល់​​លួច​​កាប់​​ពី​ក្រោយ​​ត្រូវ​​ចំ​ក្បាល​ចំនួន​៤​កាំបិត​​ ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ដោយ​មិនដឹង​មូលហេតុ ​​ត្រូវ​​បាន​​សមត្ថកិច្ច​បញ្ជូន​​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផ្សារ​គគីរ ​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទីយប់​​ថ្ងៃ​ទី​៩​ ខែ​មី​នា ​ឆ្នាំ​២០១៦​ ​ស្ថិតនៅ​​​ក្នុង​ភូមិធំ​ ​ឃុំ​​ធំ​ ​ស្រុក​កៀន​ស្វាយ​​ ។​

ជន​រង​គ្រោះ ​ឈ្មោះ​ សំ ផានិត​ ​​អាយុ​២៧​​ឆ្នាំ ​​ជា​​កម្មករ​សំណង់​ មាន​ទីលំនៅ​ភូមិ​យក​បាត្រ​ សង្កាត់​ក្បាលកោះ​ ខ​ណ្ឌ​​ច្បារ​អំពៅ ​រាជ​ធានី​​ភ្នំពេញ​ ​​រង​របួសធ្ងន់​​​ ។ ​ចំណែក​​ ​ជន​ដៃ​ដល់ ​ត្រូវ​បាន​គេ​ស្គាល់ ឈ្មោះ ​ទិ​ត ធី​វ៉ា​ន់​ ភេទ​ប្រុស​ អាយុ​២៩​​ឆ្នាំ​ ​មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​​ឃុំ​កើតហេតុ​​ខាង​លើ បាន​រត់គេច​ខ្លួន​បាត់ ​។

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​មក​ឈរ​មើល​គេ​រាំ​ធុងបាស់នៅ​ក្នុង​ពិធីបុណ្យ​ជូន​លោកយាយ​ចុង​ភូមិ​​​ភូមិ​ធំ​ លុះដល់​វេលា​ម៉ោង​កើត​ហេតុ​​ខាងលើ​ ស្រាប់តែ​​ជន​​​ដៃ​ដល់​​​​​​លួច​​កាប់​ជន​រង​គ្រោះ​ពីក្រោយ​ចំ​ក្បាល​ចំនួន​៤​កាំបិត​ ដោយ​​ពុំ​​ដឹងមក​ពី​​មូល​ហេតុ​​អ្វី​ពិត​ប្រាកដ​នោះ​ទេ ​។

ទោះ​បី​ជា​យ៉ាងណាក្តី ​ជន​ស​ង្ស័យ​​ដែល​រត់​គេច​ខ្លួន​នោះ ​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​​រួចហើយ ​និង​បាន​​​និង​កំពុង​​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​​ច្បាប់​ ៕ ​