ឧកញ៉ា សឹង សំអុល នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​

​សកម្មជន​ព្រៃឈើ​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ថ្មីៗ ឧកញ៉ា សឹង សំអុល ដែលជា​មេ​ឈ្មួញ​រកស៊ី​ដ៏​ល្បីឈ្មោះ​នោះ នៅតែ​អាច​ដឹកឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ​ទៅ​លក់​នៅ​ស្រុក​យួន និង​ជ្រែ​តាម​ដេប៉ូ​ឈើ​នានា​នៅឡើយ ។ សេចក្តីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​មេមត់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ និង​លោក ចាន់ សុផាត មេ​គយ​ស្រុក​មេមត់ គឺជា​អ្នក​បើកដៃ​ឲ្យ​ឧកញ៉ា សឹង សំអុល ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​តែម្តង​។

​ការឃុបឃិត​ពី​សមត្ថកិច្ច​តាម​ដងផ្លូវ​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ​ផងដែរ ទើប​ឧកញ៉ា សឹង សំអុល បន្ត​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​គ្មាន​ឧបសគ្គ​អ្វី​ទាំងអស់ នេះ​ជាការ​បញ្ជាក់​របស់​ប្រជា​ពល​ដ្ឋ​ស្រុក​មេ​ត់​។ ប្រភព​ដដែល​បាន​រិះគន់ថា​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​មានតែ​ឈ្មួញ​មាន​ឥទ្ធិពល​ដូច​ឧកញ៉ា សឹង សំអុល ប៉ុណ្ណោះ ដែល​អាចធ្វើ​ទៅរួច ព្រោះ​ឈ្មួញ​ធម្មតា​មិនអាច​ចរចា​ត្រូវ​ជាមួយ​មន្ត្រី​ជំនាញ​បានឡើយ​។​

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ក្នុង​មួយ​យប់ៗ​ឧកញ៉ា សឹង សំអុល ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​មេមត់ ទៅ​លក់​នៅ​ស្រុក​យួន​ប្រមាណ​ពី​៥០​ទៅ​៦០​គ្រឿង ជាពិសេស​នៅវេលា​ទៀបភ្លឺ​។ ច្រក​ដែល​ឧកញ៉ា សឹង សំអុល ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​មានដូចជា ច្រក​ទន្លេ​ចាម ច្រក​ចាន់​មូល ច្រក​កោះ​ថ្ម ច្រក​ដូនរ័ត្ន និង​ច្រក​បឹង​ជ្រោង​ជាដើម ដោយមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​។​

ឈ្មួញ​ឈើ​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​ឧកញ៉ា សឹង សំអុល អាច​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដូច​សព្វថ្ងៃនេះ គឺមាន​ការ​បើកដៃ​ឃុបឃិត​ពី​សមត្ថកិច្ច​ច្រើន​ស្ថាប័ន ហើយ​ត្រូវ​ចំណាយលុយ​យ៉ាងច្រើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រថយន្ត​យី​ឌុប​១​គ្រឿង​មុនពេល​ដឹកឈើ​ទៅដល់​ស្រុក​យួន គឺ​ត្រូវ​ចំណាយ​សរុប​មិន​ក្រោម​១៦០០០​ដុល្លារ ហើយ​មន្ត្រី​អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត​ត្បូងឃ្មុំ សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ដែល​ធ្វើ​ឲ្យ​យុទ្ធនា​ការបង្ក្រាប​ព្រៃឈើ​គ្មាន​ប្រសិទ្ធភាព​នោះទេ​៕

11830181_1628777834057871_236893173_n