ពលរដ្ឋ​ស្រុក​ឯកភ្នំ​ព្រួយ​បារម្ភ​ពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប

ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កំពុង​ព្រួយ​បារម្ភ​ពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​រនាម ឬ​ហៅ​ថា​ព្រៃ​លិច​ទឹក នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ធ្វើ​ឲ្យ​ហិនហោច​ព្រៃ​ឈើ​នៅ​ពេល​ខាង​មុខ។ ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់​ពី​អ្នក​ស្រុក​ប្រទះ​ឃើញ​ភ្លើង​ឆេះ​ព្រៃ​កើត​ឡើង​ស្ទើរ​រៀង​រាល់​ថ្ងៃ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ពុំ​ទាន់​មាន​វិធានការ​ទប់ស្កាត់​នៅ​ឡើយ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ គឺ​លោក រ៉ាវី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ មីនា ថា ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ភូមិ​កោះវែង នៃ​ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ប្រមាណ ៣​ថ្ងៃ​ហើយ នៅ​មិន​ទាន់​រលត់​នៅ​ឡើយ ដោយ​ពុំ​ដឹង​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ។ លោក​ព្រួយ​បារម្ភ​ក្រែង​ភ្លើង​ឆេះ​ព្រៃ​រាល​ដាល​កាន់​តែ​ធំ​ឡើង ហើយ​ធ្វើ​ឲ្យ​ហិនហោច​អស់​ព្រៃ​គ្មាន​សល់៖ «ភ្លើង​ឆេះ​ព្រៃ ២​ឆ្នាំ​មក​នេះ គឺ​ឆេះ​ខ្លាំង​តែ​ម្ដង។ ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ធនធាន​ត្រី​កាន់​តែ​ខ្លាំង​ទៅ ដោយសារ​តែ​ភ្លើង​ឆេះ​ព្រៃ​ធ្វើ​ឲ្យ​គ្មាន​ទី​ជម្រក​ត្រី»

បន្ថែម​ពី​លើ​នេះ លោក រ៉ាវី អះអាង​ថា ក៏​មាន​ភ្លើង​ឆេះ​នៅ​ចំណុច​ហេវ នៃ​ភូមិ​បាក់ព្រា ឃុំ​ព្រៃចាស់ ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​ពុំ​មាន​អាជ្ញាធរ​ណា​មាន​វិធានការ​ទប់ស្កាត់​នោះ​ទេ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ជំទប់​ទី​២ នៃ​ឃុំ​ព្រៃចាស់ លោក អ៊ូ ចាន់ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ព្រៃ​រនាម​នៅ​តំបន់​ខ្លះ​ក្នុង​ឃុំ​ព្រៃចាស់ ពិត​ជា​មាន​ភ្លើង​ឆេះ​ប្រាកដ​មែន។ លោក​អះអាង​ថា កន្លង​មក អាជ្ញាធរ​ឃុំ​បាន​សហការ​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​ដែល​ប្រចាំ​ការ​ក្នុង​មូលដ្ឋាន ទៅ​ជួយ​ពន្លត់​ភ្លើង​ជា​បន្តបន្ទាប់​មក​ដែរ តែ​មិន​ទទួល​បាន​លទ្ធផល ពីព្រោះ​លោក​ថា​ខ្វះ​ឧបករណ៍​ដឹក​ជញ្ជូន​ទឹក​ពន្លត់​អគ្គីភ័យ៖ «ខ្ញុំ​សោកស្ដាយ​ព្រៃ​ឈើ​ណាស់​ដែរ ប៉ុន្តែ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច បើ​យើង​អត់​មាន​ទឹក​ទៅ​ជួយ​ពន្លត់​ភ្លើង​ឲ្យ​រលត់​បាន»

មន្ត្រី​សម្រប​សម្រួល​នៃ​សហគមន៍​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ និង​ជលផល​ប្រចាំ​តំបន់​ជុំវិញ​បឹង​ទន្លេសាប អ្នកស្រី នូ សារឹម កត់​សម្គាល់​ថា មាន​កត្តា​ជាច្រើន​ដែល​នាំ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​រនាម ដោយ​មួយ​ផ្នែក​បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​ខ្លះ​ចូល​ទៅ​រក​ឃ្មុំ​ក្នុង​ព្រៃ ហើយ​បោះ​គប់​ភ្លើង​ចោល​ដោយ​មិន​បាន​ពន្លត់​ឲ្យ​បាន​ត្រឹមត្រូវ និង​ពលរដ្ឋ​ខ្លះ​ទៀត​ទុក​ភ្នក់​ភ្លើង​ចោល​ដោយ​ពុំ​បាន​ពន្លត់ ជាដើម។ អ្នកស្រី​ពន្យល់​ថា ភ្លើង​ឆេះ​ព្រៃ​រនាម បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទី​ជម្រក​ត្រី​ពង​នៅ​រដូវ​វស្សា និង​ធ្វើ​ឲ្យ​បាត់បង់​ធនធាន​ជីវចម្រុះ​ក្នុង​ទឹក៖ «ទី​មួយ សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​ប្រុង​ប្រយ័ត​ទាំងអស់​គ្នា ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ និង​ទី​២ សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ការពារ​ព្រៃ​ឈើ​ឲ្យ​បាន​តឹងតែង​បំផុត»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ទាំង​ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ពុំ​ទាន់​បញ្ជាក់​ពី​ចំនួន​ផ្ទៃដី​ដែល​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​ស្រុក​ឯកភ្នំ ក្នុង​ឆ្នាំ​២០១៦ នេះ មាន​ប៉ុន្មាន​នៅ​ឡើយ​ទេ។

របាយការណ៍​ឃុំ​ព្រៃចាស់ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៥ ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​នេះ​ប្រមាណ ១​ពាន់​ហិកតារ។ អាជ្ញាធរ​ឃុំ​ព្រៃចាស់ អះអាង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក ភ្លើង​ឆេះ​ព្រៃ​ក្នុង​ឃុំ​នេះ​អស់​ប្រមាណ ៣០​ភាគរយ ក្នុង​ចំណោម​ផ្ទៃដី​ជាង ១​ម៉ឺន​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។