សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា ដឹកនាំ​ផ្លូវ​ទៅ​ឧស្សាហកម្ម​កាន់​តែ​មាន​ស្ថិរភាព​ និង​បទ​ពិសោធន៍​កាន់​តែ​មាន​សុវត្ថិភាព​សម្រាប់​អតិថិជន

​រយៈពេល​៥​ទៅ​១០​ឆ្នាំ​មុន កម្ពុជា​ប្រែប្រួល​យ៉ាងខ្លាំង​។ ចេញ​ពី​អគារ​ខ្ពស់ៗ​ទៅ​ផ្សារ​ទំនើបៗ ភ្នំពេញ​កំពុង​វិវឌ្ឍ​ទៅ​ជា​ទីក្រុង​អន្តរជាតិ​។ ផ្លូវ​នានា​គឺជា​ភស្តុតាង​ដ៏​ល្អ​បំផុត ដែល​ពោរពេញ​ដោយ​រថយន្ត​ទំនើបៗ​ធ្វើ​ដំណើរ​។

ឧស្សាហកម្ម​រថយន្ត​នៅ​កម្ពុជា បាន​លូតលាស់​យ៉ាង​ឆាប់​រហ័ស និង​យ៉ាង​រឹងមាំ​។ ឆ្នាំ ២០១៣ គេ​ឃើញ​យានយន្ត​កើន​ឡើង​១៥% ពី​ការ​នាំចូល​។ ការ​នាំ​ចូល​រថយន្ត​ថ្មី មាន​សរុប​ប្រហែល ៤០០០ គ្រឿង​ក្នុង​ឆ្នាំ ២០១៤ ក្នុងនោះ​មាន​រថយន្ត​គ្រប់​ប្រភេទ ​ដូចជា ​រថយន្ត​តូច ភីកអាប់ និង​រថយន្ត​ដឹក​ជញ្ជូន​។ ១ភាគ​៣​នៃ​រថយន្ត​ទាំងនោះ គឺ​ជា​រថយន្ត​ទំនើប ស្រប​តាម​ការ​និយម​ និង​បែប​ផែន​ជីវិត​របស់​សង្គម​កម្ពុ​ជា​។

 

​លោក Peter Brongers ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា CAIF មាន​ប្រសាសន៍​ថា “​កំណើន​ដ៏​ឆាប់រហ័ស​ដូច្នេះ ក៏​នាំ​មក​នូវ​បញ្ហា​ប្រឈម​ និង​បញ្ហា​ថ្មីៗ​សម្រាប់​តួអង្គ​សំខាន់ៗ​ក្នុង​ឧស្សាហកម្ម​នេះ និង​អាជ្ញាធរ រដ្ឋាភិបាល (ការ​ការពារ​ និង​សុវត្ថិភាព​អ្នក​ប្រើប្រាស់ ការ​នាំ​ចូល​រថយន្ត​មិន​មាន​សុវត្ថិភាព ទីផ្សារ​ងងឹត​ជាដើម)​។ CAIF មាន​គោលបំណង​ពង្រឹង​ និង​ការពារ​គោល​ដៅ​របស់​ឧស្សាហកម្ម​យានយន្ត និង​ជួយ​កែ​លម្អ​សុវត្ថិភាព​ផ្លូវ​ថ្នល់ ការពារ​អ្នកប្រើប្រាស់ សុវត្ថិភាព​យានយន្ត និង​ការយល់ដឹង​របស់​អ្នកបើកបរ​”។

 

សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា ដឹកនាំ​ផ្លូវ​ទៅ​ឧស្សាហកម្ម​កាន់​តែ​មាន​ស្ថិរភាព​ និង​បទ​ពិសោធន៍​កាន់​តែ​មាន​សុវត្ថិភាព​សម្រាប់​អតិថិជន

 

​ការ​អប់រំ​អ្នក​ប្រើប្រាស់

​ប្រជាជន​កម្ពុជា​ធ្លាប់​ចាត់​ទុក​ថា តម្លៃ​គឺ​ជា​កត្តា​សំខាន់​សម្រាប់​សម្រេច​ចិត្ត ហើយ​មើល​រំលង​គុណភាព​ និង​គុណ​តម្លៃ​។ នៅ​ពេល​នោះ អ្នក​ប្រើប្រាស់​ជា​ច្រើន​មិន​ទាន់​យល់​ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការធានា និង​មជ្ឈមណ្ឌល​សេវាកម្ម​ដែល​ទទួល​បាន​សិទ្ធិ ផ្ដល់​ដោយ​អ្នក​ចែកចាយ​ផ្លូវការ​។

 

​ក្រៅ​ពី​នេះ អ្នក​ប្រើប្រាស់​ជា​ច្រើន​មិន​ដឹង​ថា​អ្នក​ផលិត ឌីហ្សាញ និង​ផលិត​រថយន្ត​ផ្សេងគ្នា​សម្រាប់​ប្រទេស​ផ្សេង​គ្នា​នៃ​ពិភពលោក​ឡើយ​។ រថយន្ត​ដែល​ទទួល​បាន​សិទ្ធិ ត្រូវ​បាន​នាំ​ចូល​ ដោយ​គេ​បាន​គិត​ពិចារណា​ទៅ​លើ​លក្ខខណ្ឌ​ក្នុង​ស្រុក​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់​នៅ​កម្ពុជា​។ ឧទាហរណ៍ រថយន្ត​ដែល​ទទួល​បាន​សិទ្ធិ ត្រូវ​បាន​លៃ​តម្រូវ​សម្រាប់​ស្ថានភាព​ប្រើប្រាស់​ប្រេង​នៅ​កម្ពុជា បូម ក៏​ត្រូវ​បាន​លៃ​តម្រូវ​ទៅ​តាម​ផ្លូវ​នៅ​កម្ពុជា​ដែរ ក្រៅពី​នេះ​កុំ​ប្រើ​ម៉ាស៊ីន​ត្រជាក់​ធំ​សម្រាប់​អាកាសធាតុ​ត្រូពិច​។

 

​ជាមួយ​នឹង​ទីផ្សារ​ងងឹត​ដែល​មាន​ទំហំ​ធំ​ជាង​អ្នក​ចែកចាយ​ផ្លូវការ ១០ ដង អ្នក​ប្រើប្រាស់​ពិត​ជា​ពុំ​ទទួល​បាន​ការ​ការពារ​ទេ​។ CAIF កំពុង​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​។​

 

​លោក Peter Brongers បន្តថា “​សហព័ន្ធ​ត្រៀមខ្លួន​ផ្ដល់​ប្រឹក្សា​ដល់​រដ្ឋាភិបាល​អំពី​វិធានការ​ពាក់ព័ន្ធ​ដើម្បី​ហាមឃាត់​រថយន្ត​នាំ​ចូល​ថ្មី​ដោយ​អ្នក​ចែកចាយ​ដែល​មិន​មាន​សិទ្ធិ និង​បង្កើន​ពន្ធ ១៥០% សម្រាប់​រាល់​ទីផ្សារ​ងងឹត​។ ក្នុង​នាម​ជា​តួអង្គ​មាន​ការ​ទទួល​ខុសត្រូវ សហព័ន្ធ​នឹង​ធ្វើ​យុទ្ធនាការ​លើក​កម្ពស់​ការ​យល់​ដឹង​នៅ​ក្នុង​ឆ្នាំ​នេះ ដើម្បី​អប់រំ​អ្នក​ប្រើប្រាស់​ជា​បណ្ដើរៗ​អំពី​ហានិភ័យ​នៃ​ការ​ទិញ​ពី​អ្នក​ចែក​ចាយ​ដែល​មិន​មាន​សិទ្ធិ​។​”

 

ការ​កសាង​ឧស្សាហកម្ម​កាន់តែ​មាន​ស្ថេរភាព ស្រប​តាម​សមាហរណកម្ម​អាស៊ាន​របស់​​កម្ពុជា​

សមាហរណកម្ម​អាស៊ាន​កំពុងតែ​នាំ​កម្ពុជា​ទៅ​មុខ ហើយ​កម្ពុជា​កំពុង​ធ្វើ​សមាហរណកម្ម​ចូល​។ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​សមាហរណកម្ម​ដោយ​រលូន កម្ពុជា​គួរ​ប្រុងប្រយ័ត្ន​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​មួយ​ឲ្យ​មាន​លក្ខណៈ​ស្រប​គ្នា​។

 

ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ មាន ៧ ប្រទេស​ បាន​ហាម​ការ​នាំ​ចូល​រថយន្ត​ជជុះ​។ បច្ចុប្បន្ន​ មីយ៉ានម៉ា និង​កម្ពុជា​ មិន​មាន​កំណត់​ការ​នាំ​ចូល​ទេ ធ្វើឲ្យ​មាន​ទិដ្ឋភាព​ជា “​កន្លែង​ចោល​របស់​ចាស់​” នៃ​អាស៊ាន​។ កាល​ពី​ឆ្នាំ ២០១៣ ឡាវ​បាន​ស្ដាប់​តាម​និន្នាការ​នៅ​ក្នុង​អាស៊ាន ហើយ​បាន​ហាម​ការនាំ​ចូល​រថយន្ត​ជជុះ​។

 

​នៅ​ប្រទេស​ផ្សេង​ទៀត ដូចជា​វៀតណាម រក្សា​តុល្យភាព​។ ប្រទេស​នេះ​អនុញ្ញាត​ឲ្យ​នាំ​ចូល​រថយន្ត​អាយុ​ត្រឹម​៥​ឆ្នាំ​។ រថយន្ត​ទាំង​នោះ​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​សុវត្ថិភាព​មុន​ពេល​ចូល​ក្នុង​ប្រទេស ហើយ​ត្រូវ​ពិនិត្យ​ជា​ប្រចាំ (​រាល់ ៦ ខែម្ដង​)​។

 

​លោក Peter Brongers និយាយ​ថា “​សហព័ន្ធ​ចូលរួម​នៅ​ក្នុង​ក្រុម​ការងារ​យានយន្ត​អាស៊ាន ហើយ​បាន​ដឹង​ច្បាស់​អំពី​និន្នាការ​នៅក្នុង​តំបន់។ យើង​កំពុង​ចូលរួម​ជួយ​កម្ពុជា​ដើម្បី​សម្រប​តាម​ប្រទេស​ជិត​ខាង​ក្នុង​អាស៊ាន ហើយ​នឹង​ព្យាយាម​លើក​កម្ពស់​មុខ​មាត់​ក្នុង​តំបន់​។​”

 

​ជា​ចុងក្រោយ ប្រធាន CAIF បាន​មាន​ប្រសាសន៍​ថា “ជាថ្មី​ម្ដងទៀត យើង​ត្រៀម​ខ្លួន​សម្រាប់​ការ​អនុវត្ត​ឆាប់​រហ័ស​នៃ​វិធានការ​ពាក់ព័ន្ធ​។ សហព័ន្ធ​ផ្ដល់​អនុសាសន៍​ថា គួរ​បិទ​ទាំងស្រុង​ការនាំ​ចូល​រថយន្ត​ជជុះ ឬ​បិទ​ការ​នាំ​ចូល​រថយន្ត​ដែល​មាន​អាយុ​លើស​១០​ឆ្នាំ ដើម្បី​ការពារ​អ្នកប្រើប្រាស់ និង​បរិស្ថាន ព្រម​ទាំង​បង្កើន​ចំណូល​ពន្ធដារ​សម្រាប់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ជួយ​ដល់​ពួកគេ​វិនិយោគ​ក្នុង​ហេដ្ឋា រចនាសម្ព័ន្ធ​”​។

 

អំពី​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា

សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា តំណាង​ឲ្យ​អ្នក​ចែកចាយ​ដែល​មាន​សិទ្ធិ រួម​មាន Audi, BMW, Chevrolet, Ford, Fuso, Great Wall, Honda, Isuzu, Jaguar, Kia, Land Rover, Mazda, Mercedes Benz, Mitsubishi, Nissan, Porsche, Subaru, Suzuki, Toyota និង Volkswagen​។ គោល​បំណង​គឺ​ដើម្បី​លើកកម្ពស់​ឧស្សាហកម្ម​យានយន្ត បញ្ចេញ​សំឡេង​តែ​មួយ​ និង​រួមគ្នា ពី​វិស័យ​ឯកជន​អំពី​បញ្ហា​នេះ​ជាមួយ​រដ្ឋាភិបាល ចូលរួម​ធ្វើជា​តំណាង​ឲ្យ​វិស័យ​ឯកជន​នៅក្នុង​ក្រុមការ​ងារ​អាស៊ាន បង្កើន​ការ​ងារ ផ្ដល់​ការ​បណ្ដុះបណ្ដាល បង្កើន​សុវត្ថិភាព​ផ្លូវ​ថ្នល់ លើក​កម្ពស់​ការ​យល់ដឹង និង​ការ​ការពារ​ដល់​អ្នក​ប្រើប្រាស់​។

 

​សម្រាប់​ព័ត៌មាន​បន្ថែម​ ឬ​ស្នើ​សុំ​សម្ភាស សូម​ទាក់ទង៖

 

Nicolas Trinquier
Email: [email protected]
Phone: +855 (0)89 823 860

 

Naden Khem
Email: [email protected]
Phone: +855 (0)95 411 136

 

អត្ថបទ៖ ពាណិជ្ជកម្ម​