ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ដោយ រ័​ត្ន ធី​យ៉ា

មានការ​ត្អូញត្អែរ​យ៉ាងច្រើន ​អំពី​ការ​ខុស​ក្រម​សីលធម៌​របស់​គ្រូពេទ្យ​ ទាក់ទង​នឹង​ការ​ផ្តល់​ថ្នាំ​បក​សម្បក​ចេញ​ ដែល​ធ្វើ​ឱ្យ​​អ្នកជំងឺ​ឆ្ងល់​ថា​ តើ​ខ្លួនឯង​កំពុង​តែ​ប្រើ​ថ្នាំ​អ្វី​ ។ ប៉ុន្តែ​ខាង​គ្រូពេទ្យ​វិញ​ការពារ​ខ្លួន​​ថា នេះ​មក​ពី​ពួក​គេ​បារម្ភ​ថា​ អ្នកជំងឺ​អាច​ទិញ​ថ្នាំ​ប្រើប្រាស់​ផ្តេស​ផ្តាស​ គ្មាន​វេជ្ជបញ្ជា​​ត្រឹមត្រូវ ​។

ម្រាមដៃ​ត្រូវ​បាន​ចង្អុល​ដាក់​គ្នា​​ទៅ​វិញ​ទៅ​មក រ​វាង​គ្រូពេទ្យ ​និង​អ្នកជំងឺ​ ឬ​សាធារណជន​ ។ ជា​ទូទៅ​ ការ​បកសម្បក​ថ្នាំ​ចេញ​បែប​នេះ​មិន​ត្រឹម​ត្រូវ​ទេ ពីព្រោះ​វា​អាច​​ធ្វើ​ឱ្យ​​អ្នកជំងឺ​ឆ្ងល់​ថា ​តើ​ថ្នាំ​ដែល​គេ​ប្រើ​នោះ ​គឺជា​ថ្នាំ​អ្វី​ពិតប្រាកដ​ ។ បើសិនជា​មានរឿង​ប្រតិកម្ម​ថ្នាំ​កើត​មាន ​តើ​គ្រូពេទ្យ​នឹង​ត្រូវ​ទទួលខុសត្រូវ​របៀប​​ណា​ ។ ម្យ៉ាងទៀត វា​ជា​សិ​ទ្ធិ​របស់​អ្នកជំងឺ​ ដែល​ត្រូវ​ដឹង​ច្បាស់​ថា ​តើ​ជំងឺ​របស់​ពួក​គេ​ត្រូវ​បាន​​ព្យាបាល​ដោយ​របៀប​ណា​ ។ ដូច្នេះ​ហើយ​បានជា​មានការ​រិះគន់​ខ្លាំង​ ទៅ​លើ​គ្រូពេទ្យ​ដែល​បាន​បកសម្បក​ថ្នាំ​ចេញ​​បែប​​នេះ​ ។

ប៉ុន្តែ​នៅ​ខាង​គ្រូពេទ្យ​​វិញ ពួក​គេ​ក៏​មាន​ហេតុផល​ សម្រាប់​ការពារ​ចំពោះ​ការ​បកសម្បក​ថ្នាំ​នេះ​ ។ គ្រូពេទ្យ​ជា​ច្រើន​និយាយ​ថា​ ពួក​គេ​បក​សម្បក​ ដោយសារ​តែ​មិន​ចង់ឱ្យ​​អ្នកជំងឺ​ប្រើប្រាស់​ថ្នាំ​ផ្តេសផ្តាស​ ដែល​នាំ​ដល់​គ្រោះថ្នាក់​ ។ ពួក​គេ​និ​យា​យ​ថា ​អ្នកជំងឺ​ជា​ច្រើន​នៅ​ពេល​ដែល​បាន​ថ្នាំ​ពី​គ្រូពេទ្យ​ហើយ​ ពួក​គេ​តែងតែ​យក​សម្បក​ថ្នាំ​នោះ​​ទៅ​ទិញ​ថ្នាំ ​នៅ​តាម​ឱស​ថ​ស្ថាន​នានា ​ក៏​មាន​បញ្ហា​ដែរ ​ដោយ​មិន​ទាមទារ​​វេជ្ជបញ្ជា​ពី​អ្នក​ដែល​មក​រក​ទិញ​ថ្នាំ​​ដែរ ​។ ដូច្នេះ ពួក​គេ​បារម្ភ​ថា ​អ្នកជំងឺ​ចេះ​ធ្វើ​ពេទ្យ​ខ្លួនឯង​ ដោយ​បង្ក​គ្រោះថ្នាក់​សម្រាប់​ខ្លួន​ឯង​ផង ​និង​សម្រាប់​អនាគត​សុខភាព​មនុស្ស​ទូទៅ​​ នៅ​ពេល​ដែល​ថ្នាំ​បាត់​ប្រ​សិ​ទ្ធ​ភាព (resistant) នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​។ ដូច្នេះ គ្រូពេទ្យ​និយាយ​ថា អ្នកជំងឺ​ត្រូវ​បោះបង់​​ទម្លាប់​អាក្រក់​នេះ​ចោល ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​បកសម្បក​ថ្នាំ​នេះ​ ។

ជា​សរុប​មក ​ទាំង​គ្រូពេទ្យ ​និង​សាធារណជន​ សុទ្ធ​​តែ​មាន​ចំណុចខ្សោយ​រៀង​ខ្លួន ​។ ដូច្នេះ គ្រូពេទ្យ​ត្រូវ​ចាប់ផ្តើម​កែ​​ទម្លាប់​បកសម្បក​ថ្នាំ​​នេះ ចំណែក​​សាធារណជន​ មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្តេសផ្តាស​ឡើយ​ ។ ពេល​ឈឺ​ចាំបាច់​ ត្រូវឱ្យ​​គ្រូពេទ្យ​ពិនិត្យឱ្យ​​បាន​ត្រឹមត្រូវ​ ដោយ​លើក​លែងតែ​ជំងឺ​ផ្តាសាយ​​បន្តិចបន្តួច ​។ សាធារណជន ​ត្រូវ​បញ្ចប់​ការ​ប៉ុនប៉ង​ព្យាបាល​ជំងឺ​​ដោយ​ខ្លួនឯង​ ។ ឱស​ថ​ស្ថាន​នានា​វិញ​ មិន​ត្រូវ​លក់​ថ្នាំ​​ដល់​អ្នកទិញ​ថ្នាំ​ណា​ ដែល​គ្មាន​វេជ្ជបញ្ជា​​ត្រឹមត្រូវ​ឡើយ​ សម្រាប់​ថ្នាំ​ដែល​ត្រូវការ​មាន​វេជ្ជបញ្ជា​។

នៅ​ពេល​ដែល​ទាំង​បី​ផ្នែក​នេះ ​បំពេញ​ការ​ទទួលខុសត្រូវ​រៀង​ៗ​ខ្លួន បញ្ហា​បកសម្បក​ថ្នាំ​នេះ ​នឹង​កាត់​បន្ថយ​បាន​ច្រើន​។ ដូច្នេះ​ មនុស្ស​គ្រប់​គ្នា​ មាន​កាតព្វកិច្ច​ចូលរួម​កំណែទម្រង់​វិស័យ​សុខាភិបាល ​៕