មេដឹកនាំជាប់​​​ទោស​​​អះអាង​​​ថា​​​​​​ខ្លួន​​​ស្វែង​​​រក ​​​​​​អូសាម៉ា ប៊ិនឡាដិន

ក្នុង​​​សវនាការ​​​​​​នៅ​​​ឯ​​​តុលាការ​​​កំពូល​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ សមាជិក​​​ក្រុម​​​​​​ដែល​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​ពី​​​បទ​​​ប៉ុនប៉ង​​​​​​ផ្តួល​​​រំលំ​​​រដ្ឋា​​​ភិបាល​​​​​​ បាន​​​អះអាង​​​ថា ពួក​​​គេ​​​​​​គិត​​​ថា​​​​​​ ពួក​​​គេ​​​មាន​​​បេសកកម្ម​​​​​​ដែល​​​មាន​​​​​​ទឹក​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​​​​ដើម្បី​​​​​​ស្វែង​​​រក និង​​​សម្លាប់​​​ អូសាម៉ា ប៊ិន​​​ឡាដិន។​​​

បុរស​​​ទាំង​​​៦​​​នាក់​​​ត្រូវ​​​បាន​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​​​​ក្នុង​​​ឆ្នាំ​​​២០១១​​​ពី​​​បទ​​​ប៉ុនប៉ង​​​​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ ដែល​​​ជា​​​ក្រុម​​​​​​ចលនា​​​សុវណ្ណ​​​ភូមិ។​​​ សាលា​​​ឧទ្ធរណ៍​​​​​​បាន​​​តម្កល់​​​សាល​​​ក្រម​​​​​​តុលាការ​​​ក្រុង​​​ក្នុង​​​​​​ឆ្នាំ​​​២០១៣ ដែល​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ពី​​​១៥​​​ឆ្នាំ​​​ទៅ​​​១៧​​​ឆ្នាំ។

​​​​​​ក្នុង​​​សវនាការ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ អតីត​​​ទាហាន លោក ជា​​​ សារ៉ាន់ ជា​​​មេដឹក​​​នាំ​​​​​​បាន​​​អះ​​​អាង​​​​​​​​​ជា​​​លើក​​​ដំបូង​​​ថា មាន​​​បុរស​​​ម្នាក់​​​ឈ្មោះ ថាត ថៃ​​​ បាន​​​មក​​​ជួប​​​ខ្លួនក្នុង​​​ឆ្នាំ​​​២០០៧ ហើយ​​​លោក​​​គិត​​​ថា គេ​​​បាន​​​ជ្រើស​​​រើស​​​លោក​​​ឲ្យ​​​ស្វែង​​​រក​​​អតីត​​មេដឹក​​​នាំ​​​តាលីបង់​​​គឺ​​​​​​ លោក អូសាម៉ា ប៊ិន​​​ឡាដិន ដែល​​​​​​​​​សង្ស័យ​​​ថា​​​លាក់​​​ខ្លួន​​​ក្នុង​​​ប្រទេស​​​កម្ពុជា។

ទណ្ឌិត លីវ សុខសុវណ្ណ (ឆ្វេង) និង ជុំ វិជ័យ មកដល់​​​តុលាការកំពូល​​​ក្នុងក្រុងភ្នំពេញ កាលពី​​​ថ្ងៃពុធ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Cambodia Daily

ទណ្ឌិត លីវ សុខសុវណ្ណ (ឆ្វេង) និង ជុំ វិជ័យ មកដល់​​​តុលាការកំពូល​​​ក្នុងក្រុងភ្នំពេញ កាលពី​​​ថ្ងៃពុធ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Cambodia Daily

លោក សារ៉ាន់ បាន​​​ប្រាប់​​​តុលាការ​​​ថា “​​​ខ្ញុំ​​​មិន​​​អាច​​​ផ្តួល​​​រំលំ​​​រដ្ឋា​​​ភិបាល​​​បាន​​​ទេ ពីព្រោះ​​​ខ្ញុំ​​​បម្រើ​​​លោកនាយ​​​ក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន រយៈ​​​ពេល​​​​​​១២​​​​​​ឆ្នាំ​​​​​​មក​​​ហើយ​​​ក្រោយ​​​ពី​​​របប ​​​ប៉ុល ពត។ ខ្ញុំ​​​ទទួល​​​បាន​​​ព័ត៌មាន​​​​​​ពី​​​មនុស្ស​​​ម្នាក់​​​​​​ឈ្មោះ​​​ ថាត ថៃ ដែល​​​បាន​​​ប្រាប់​​​ខ្ញុំ​​​​​​ឲ្យ​​​​​​បង្កើត​​​ចលនា​​​មួយ ដើម្បី​​​រក​​​ ប៊ិន​​​ឡាដិន​​​ ហើយ​​​គាត់​​​នឹង​​​ឲ្យ​​​លុយ​​​ខ្ញុំ​​​២០​​​លាន​​​ដុល្លារ”។​​​​​​

លោក សារ៉ាន់ ដែល​​​បាន​​​បង្កើត​​​ចលនា​​​សុវណ្ណ​​​ភូមិ​​​ក្នុង​​​ឆ្នាំ​​​២០០៦ ក្នុង​​​ពេល​​​ដែល​​​លោក​​​​​​​​​ជា​​​កង​​​សន្តិសុខ​​​របស់​​​គណបក្ស​​​ សម រង្ស៊ី បាន​​​និយាយ​​​ថា លោក ថាត​​​ ថៃ ដែល​​​មិន​​​បាន​​​បង្ហាញ​​​ថា​​​ មាន​​​តួនាទី​​​​​​អ្វី​​​ក្រៅ​​​តែ​​​ពី​​​ឈ្មោះ​​​​​​នោះ ក៏​​​បាន​​​ផ្តល់​​​សក្តិ​​​​​​ជា​​​ឧត្តម​​​សេនីយ៍​​​ត្រី​​​ឲ្យ​​​លោក​​​ដែរ។​​​​​

ចៅ​​​ក្រម គីម សត្ថាវី បាន​​​សួរ​​​ថា “​​​តើ​​​លោក​​​ជឿ​​​ថា ប៊ិន​​​ឡាដិន មក​​​កម្ពុជា​​​ឬទេ?”។

លោក សារ៉ាន់ បាន​​​ឆ្លើយ​​​ថា “​​​ខ្ញុំ​​​មិន​​​ច្បាស់​​​ថា ប៊ិន​​​ឡាដិន​​​​​​ នៅ​​​ក្នុង​​​កម្ពុជា​​​ទេ ប៉ុន្តែ​​​​​​ គេ​​​សន្យា​​​​​​ឲ្យ​​​លុយ​​​ខ្ញុំ​​​ច្រើន អ៊ី​​​ចឹង​​​ខ្ញុំ​​​ក៏​​​​​​ចង់​​​មាន​​​គម្រោង​​​​​​ជួយ​​​គ្រួសារ​​​ខ្ញុំ”។

លោក សារ៉ាន់​​​ បាន​​​និយាយ​​​ថា “​​​ខ្ញុំ​​​សូម​​​អំពាវ​​​នាវ​​​ថ្ងៃ​​​នេះ ពី​​​ព្រោះ​​​​​​តុលាការ​​​ក្រុង​​​​​​គឺ​​​ខុស។​​​ យើង​​​គ្រាន់​​​តែ​​​ជា​​​​​​អ្នកស៊ើប​​​ប៉ុណ្ណោះ មិន​​​មែន​​​ជា​​​​​​ចលនា​​​ផ្តួល​​​​​​រំលំ​​​រដ្ឋាភិបាល​​​ទេ”។​​​​​​​​​

អូសាម៉ា ប៊ិនឡាដិន ត្រូវ​​​សម្លាប់​​​​​​ដោយ​​​​​​​​​ទាហាន​​​​​​អាមេរិក​​​មួយ​​​ក្រុម​​​​​​ក្នុង​​​​​​ប្រទេស​​​ប៉ាគីស្តាន​​​ក្នុង​​​​​​ខែ​​​ឧសភា ឆ្នាំ​​​២០១១។

ចុង​​​ចោទ​​​ម្នាក់​​​ទៀត គឺ​​​លោក ជុំ វិជ័យ បាន​​​និយាយ​​​ថា លោក​​​ សារ៉ាន់​​​ បាន​​​ជ្រើស​​​រើ​​​សរូប​​​គាត់​​​ឲ្យ​​​ស្រាវ​​​ជ្រាវ​​​​​​​​​មនុស្ស​​​មួយ​​​ចំនួន ហើយ​​​ថា លោក ថាត ថៃ បាន​​​ប្រាប់​​​គាត់​​​ថា បេសកកម្ម​​​នោះ​​​គាំទ្រ​​​ដោយ​​​លោក ឱម យ៉ិន​​​ទៀង ដែល​​​នៅ​​​ពេល​​​នោះ​​​ជា​​​ទី​​​ប្រឹក្សា​​​លោក ហ៊ុន សែន ហើយ​​​បច្ចុប្បន្ន​​​​​​ជា​​​ប្រធាន​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​។ លោក វិជ័យ បាន​​​ប្រាប់​​​តុលាការ​​​ថា លោក​​​មាន​​​ជំងឺ​​​សរសៃ​​​ប្រសាទ។​​​​​​​​​

ចៅ​​​ក្រម សត្ថាវី បាន​​​និយាយ​​​ថា គ្មាន​​​ភ័ស្តុ​​​តាង​​​​​​ណា​​​ដែល​​​បញ្ជាក់​​​ថា​​​ ពួក​​​គេ​​​មាន​​​បេសកកម្ម​​​ស្រាវ​​​ជ្រាវ​​​ធម្មតានោះ​​​ទេ។​​​​​​

លោក នូ ចន្ថា ជា​​​មេធាវី​​​ការ​​​ពារ​​​ក្តី​​​​​​ក្រុម​​​នេះបាន​​​ផ្តល់​​​ទឡ្ហីករណ៍​​​ថា ក៏​​​គ្មាន​​​ភ័ស្តុតាង​​​បង្ហាញ​​​ថា ពួកគេ​​​​​​មាន​​​បេសកកម្ម​​​ប្រដាប់​​​អាវុធ​​​ក្នុង​​​ការ​​​ផ្តួល​​​រំលំ​​​រដ្ឋា​​​ភិបាល​​​​​​ដែរ។​​​​​​

មេធាវី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “បើ​​​គេ​​​ចង់​​​ផ្តួល​​​រដ្ឋា​​​ភិបាល គេ​​​​​​ត្រូវ​​​មាន​​​មូល​​​ដ្ឋានទ័ព ឬ​​​យុទ្ធ​​​ភ័ណ្ឌ។ បើ​​​គេ​​​​​​​​ចង់​​​ប្រឆាំង​​​រដ្ឋាភិបាល គេ​​​នឹង​​​មិន​​​មាន​​​ត្រឹម​​​តែ​​​កាំ​​​ភ្លើង​​​ពីរ​​​បី​​​ដើ​​​ម​​​ប៉ុណ្ណោះ​​​ទេ”។​​​​​​

នៅ​​​ពេល​​​ដែល​​​បុរស​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ខែ​​​មីនា ឆ្នាំ​​​២០១១ មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ម្នាក់​​​បាន​​​និយាយ​​​ថា ពួកគេ​​​ក៏​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​អាវុធ​​​ខុស​​​ច្បាប់​​​ដែរ ប៉ុន្តែ​​​ មិន​​​បាន​​​បញ្ជាក់​​​​​​ថា​​​តើ​​​នគរ​​​បាល​​​​ពិត​​​ជា​​​បាន​​​រក​​​ឃើញ​​​​​​អាវុធនោះ​​​​​​ទេ។​​​​​​

មាន​​​ចុង​​​ចោទ​​​​​​ផ្សេង​​​ទៀត​​​គឺ​​​លោក លីវ សុខសុវណ្ណ លោក ផ្លត រី លោក យុំ ហេវ និង​​​លោក​​​ ផត ផ។ ក្នុង​​​សវនាការ​​​នៅ​​​សាលា​​​ឧទ្ធរណ៍​​​កាលពី​​​ឆ្នាំ​​​២០១៣ ព្រះ​​​រាជ​​​អាជ្ញា​​​បាន​​​និយាយ​​​ថា លោក ហេវ និង​​​លោក ផ គឺ​​​ទំនង​​​មិន​​​មាន​​​ទោស​​​ទេ ហើយ​​​គួរ​​​តែ​​​ដោះ​​​លែង។​​​ តុលាការ​​​កំពូល​​​បាន​​​និយាយ​​​ថា សាល​​​ដីកា​​​នឹង​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​ពុធ៕ រើន

 

 

The post មេដឹកនាំជាប់​​​ទោស​​​អះអាង​​​ថា​​​​​​ខ្លួន​​​ស្វែង​​​រក ​​​​​​អូសាម៉ា ប៊ិនឡាដិន appeared first on ខេមបូឌា ដេលី.