កសិករ​ស្ត្រី​ឆ្នើម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​ចំនួន​៣​ក្នុង​វិស័យ​កសិកម្ម

តំណាង​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​កសិកម្ម​មក​ពី ២៥​ខេត្ត-ក្រុង លើក​ឡើង​ថា បញ្ហា​ប្រឈម​ចំនួន​៣ គឺ​លទ្ធភាព​ទទួល​បាន​ទឹក ទុន និង​ទីផ្សារ​សម្រាប់​ផលិតកម្ម​កសិកម្ម គឺ​ជា​មូលហេតុ​សំខាន់​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន ដែល​ជំរុញ និង​កំពុង​គំរាម​កំហែង​ដល់​ដំណើរ​ការ​ផលិតកម្ម​កសិកម្ម។

ទន្ទឹម​គ្នា​នេះ តំណាង​កសិករ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ​ជា​បន្ទាន់។

តំណាង​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​កសិកម្ម​ទាំង​នោះ បារម្ភ​ថា ប្រសិន​បើ​លទ្ធភាព​ទទួល​បាន​ទឹក ទុន និង​ទីផ្សារ​សម្រាប់​ផលិតកម្ម​កសិកម្ម​នេះ នៅ​តែ​បន្ត​ប្រឈម អាច​នឹង​បង្ក​ជា​ក្តី​បារម្ភ​ដល់​លទ្ធភាព​ផ្គត់ផ្គង់​ស្បៀង​អាហារ និង​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា។

បញ្ហា​នេះ ត្រូវ​បាន​លើក​ឡើង​ក្នុង​វេទិកា​កសិករ​ថ្នាក់​ជាតិ​លើក​ទី​៦ ក្រោម​ប្រធានបទ «កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​កសិកម្ម» ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា។ វេទិកា​នេះ​រៀបចំ​ឡើង​ដើម្បី​កំណត់​បញ្ហា​សំខាន់ៗ ការ​ចែក​រំលែក​បទពិសោធន៍​ចំណេះ​ដឹង និង​ការ​កំណត់​រក​នូវ​អនុសាសន៍​ដើម្បី​ស្វែងរក​អន្តរាគមន៍​ឲ្យ​បាន​ត្រឹមត្រូវ និង​សមស្រប។

តំណាង​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​កសិកម្ម​មក​ពី ២៥​ខេត្ត-ក្រុង លោកស្រី ឡៅ ចាន់រ៉េត លើក​ឡើង​ថា ឆ្លង​កាត់​ការ​ពិភាក្សា​វេទិកា​កសិករ​ថ្នាក់​ក្រោម​ជាតិ​ជាច្រើន​លើក​ច្រើន​សា​កន្លង​មក បាន​រក​ឃើញ​កត្តា​បី​សំខាន់ គឺ​កង្វះ​ទុន កង្វះ​ទឹក និង​កង្វះ​ទីផ្សារ បាន​ក្លាយ​ជា​ឧបសគ្គ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ផលិតកម្ម ពិសេស​ជំរុញ​ឲ្យ​គ្រួសារ​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា មួយ​ចំនួន កាន់​តែ​ក្រីក្រ​ទៅៗ៖ «ការ​ធ្វើ​មុខ​របរ​ស្រែ ការ​ដាំ​ដុះ​ដំណាំ​បន្លែ​ក្តី តែង​ជួប​ប្រទះ​បញ្ហា​ទុន ទឹក និង​ទីផ្សារ។ ចឹង​ហេតុ​នេះ ធ្វើ​ការ​សិក្សា​ធ្វើ​ការ​ដាំ​ដុះ​មិន​បាន​ជោគជ័យ ព្រោះ​ដាំ​បាន​ផល​ហើយ តែ​លក់​បាន​តម្លៃ​ថោក ហើយ​បើ​ទឹក​វិញ​ទាល់​តែ​ខែ​៧ ឬ​ខែ​៨ បាន​សាបព្រោះ ហើយ​បើ​ទុន​វិញ ខ្ចី​ធនាគារ​ការប្រាក់​ខ្ពស់​ទៀត។ ចឹង​វា​មិន​អាច​ឲ្យ​កសិករ​យើង​ជោគជ័យ​បាន​ទេ»

តំណាង​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​កសិកម្ម​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន កសិករ​នៅ​ទី​ជនបទ​នៅ​តែ​ធ្វើ​ស្រែ​តាម​ទម្លាប់​បុរាណ ធ្វើ​កសិកម្ម​រំពឹង​ទឹក​ភ្លៀង ឬ​ហៅ​ថា កសិកម្ម​ប្រវាស់​មេឃ​នោះ។ លោកស្រី​បន្ត​ថា ទម្លាប់​ទាំង​នេះ​មិន​បាន​ផ្តល់​ផល​ចំណេញ និង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​នោះ​ទេ វា​កាន់​តែ​ឲ្យ​កសិករ​បែរ​ចេញ​ពី​ការងារ​នេះ ពិសេស​ក្លាយ​ជា​កូន​បំណុល​របស់​ធនាគារ​កាន់​តែ​ច្រើន​ទៅ​វិញ។ ហេតុ​នេះ លោកស្រី​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​គិតគូរ និង​ដោះស្រាយ​បញ្ហា​ទាំង​បី​នេះ​ជា​បន្ទាន់៖ «ចង់​ឲ្យ​រដ្ឋាភិបាល​ចូលរួម​ស្ដារ​ប្រឡាយ​ទឹក ព្រោះ​បើ​មាន​ប្រឡាយ យើង​អាច​នាំ​ទឹក​ទៅ​ស្រោចស្រព​ស្រូវ និង​ដំណាំ​បាន​ខ្លះ។ ចំណែក​ទុន​វិញ ប្រជាពលរដ្ឋ​គាត់​បង្កើត​សហគមន៍​រួម​គ្នា គាត់​មាន​ខ្លះ​ហើយ តែ​មិន​មាន​និរន្តរភាព​នៅ​ឡើយ ហេតុ​នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់»

ទីប្រឹក្សា​ផ្នែក​គោល​នយោបាយ​កសិកម្ម​នៃ​អង្គការ​អុកស្វាម (Oxfam) កញ្ញា កែវ កណ្ណិកា មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​ទាំង​បី​រួម​មាន កង្វះ​ទឹក ទុន និង​កង្វះ​ទីផ្សារ គឺ​ជា​មូលហេតុ​ចម្បង​ជំរុញ​ឲ្យ​មាន​ការ​ថយ​ចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម ពិសេស​យុវជន​ផង​ដែរ។ បញ្ហា​នេះ នឹង​ប៉ះពាល់​ដល់​ការ​ធានា​តុល្យភាព​ស្បៀង​ទៅ​ថ្ងៃ​មុខ។ ហេតុ​នេះ កញ្ញា​ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រូវ​មាន​គោល​នយោបាយ​ច្បាស់លាស់ ពិសេស​កញ្ចប់​ទុន​ជាក់លាក់​ណា​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ៖ «ក្រសួង​កសិកម្ម ត្រូវ​តែ​ដាក់​ទុន​បន្ថែម​ទៀត​ទៅ ចំណាយ​ពេលវេលា ទាំង​ថវិកា​ដើម្បី​ធានា​ថា កសិករ​ដែល​នៅ​ឆ្ងាយៗ កសិករ​តូចតាច ពិសេស​បង្កើត​គោល​នយោបាយ​ច្បាស់លាស់​ដោះស្រាយ​រឿង​នេះ»

វិស័យ​កសិកម្ម​បាន​បង្កើត​នូវ​ផលិតផល​ក្នុង​ស្រុក​សរុប ៣២​ភាគរយ និង​បាន​ផ្តល់​ការងារ​ប្រហែល ៨០​ភាគរយ​នៃ​កម្លាំង​ពលកម្ម​របស់​ប្រទេស។ វិស័យ​នេះ ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​កសិករ​ខ្នាត​តូច ដែល​ត្រូវ​បាន​ចូលរួម​យ៉ាង​សំខាន់​នៅ​ក្នុង​ផលិតកម្ម​គ្រួសារ។ លើស​ពី​នេះ​ទៀត ភាគ​ច្រើន​នៃ​អ្នក​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​កសិកម្ម គឺ​ជា​សមាជិក​ក្រុម​គ្រួសារ​ខ្លួន​ឯង ដែល​ធ្វើ​ការ​ដោយ​គ្មាន​ប្រាក់​ខែ និង​ធ្វើ​ការងារ​នៅ​លើ​ដី​ស្រែ​គ្រួសារ។ ហេតុ​នេះ ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​គាំទ្រ​ដល់​កសិករ​ខ្នាត​តូច គឺ​ជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចូលរួម​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​កសិករ​កម្ពុជា។

របាយការណ៍​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ស្ដីពី​ការ​លុប​បំបាត់​ឧបសគ្គ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា បង្ហាញ​ថា នៅ​កម្ពុជា វិស័យ​កសិកម្ម​បាន​ផ្តល់​ស្បៀង​អាហារ​ដល់​ប្រជាជន​ជិត ១៥​លាន​នាក់ ដែល​កំពុង​កើន​ឡើង និង​កើន​ចំណាយ​ប្រើប្រាស់​ក្នុង​មនុស្ស​ម្នាក់ៗ។ ដូច​នេះ ការ​ធានា និង​រក្សា​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ឲ្យ​មាន​ស្ថិរភាព ដើរ​តួនាទី​សំខាន់​ខ្លាំង​ណាស់​សម្រាប់​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា ទៅ​ថ្ងៃ​អនាគត។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ រដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ទី សុគន្ធ ទទួល​ស្គាល់​ពី​បញ្ហា​ប្រឈម​ដែល​បាន​លើក​ឡើង​នេះ ថា​ពិត​ជា​កើត​ឡើង​ក្នុង​វិស័យ​កសិកម្ម ប៉ុន្តែ​បញ្ហា​នេះ​លោក​ថា ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា។ យ៉ាង​ណា​លោក​អះអាង​ថា ក្រសួង​កសិកម្ម កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​កសិកម្ម ក្នុង​នោះ​មាន បញ្ហា​ខ្វះ​ទឹក និង​បញ្ហា​ខ្វះ​ទុន កង្វះ​ទីផ្សារ​ដែល​កំពុង​តែ​ជា​បញ្ហា​ប្រឈម​ខ្លាំង​របស់​កសិករ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ថវិកា​សរុប​សម្រាប់​ចំណាយ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ទាំង​បី​នេះ​នោះ​ឡើយ៖ «យើង​មាន​ការ​ជួយ​បន្ត​គាំទ្រ​ដោះស្រាយ​បញ្ហា​នេះ ធ្វើ​យ៉ាង​ណា​បង្កើត​ជា​ការ​ចងក្រង​សហគមន៍ ដោះស្រាយ​បញ្ហា​ទុន ទឹក និង​ទីផ្សារ ដើម្បី​លើក​តម្កើង​សេដ្ឋកិច្ច​គ្រួសារ​គាត់»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​កសិកម្ម​មក​ពី ២៥​ខេត្ត-ក្រុង អង្គការ​សង្គម​ស៊ីវិល ម្ចាស់​ជំនួយ​ដែល​បាន​ចូលរួម​វេទិកា​កសិករ​ថ្នាក់​ជាតិ​លើក​ទី​៦ នេះ បាន​ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​បាន​ជោគជ័យ រដ្ឋាភិបាល​ត្រូវ ពង្រឹង​ភាព​អង់អាច​ដល់​កសិករ​ខ្នាត​តូច ដើម្បី​ពិភាក្សា​រួម​គ្នា ធ្វើ​យ៉ាង​ណា​ឈាន​ទៅ​តាក់តែង​គោល​នយោបាយ​លើ​បញ្ហា​ទុន ទឹក និង​ទីផ្សារ​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​ការ​ពង្រឹង​សិទ្ធិ​អំណាច​កសិករ​ខ្នាត​តូច គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត សម្រាប់​ចូលរួម​ក្នុង​ការ​បង្កើន​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។