ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ អគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ ​លោកនាយឧត្តមសេនីយ នេត សាវឿន ​បានបញ្ជាឲ្យស្នងការនិងអធិការនគរបាលស្រុកខណ្ឌទាំងអស់ ​បើកយុទ្ធនាការ​ទ្រុងទ្រាយធំ​ត្រូតពិនិត្យគ្រប់ច្រកល្ហក​ទាំងអស់ស្រាវជ្រាវរកឲ្យឃើញ​ការប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ ។

លោកមេប៉ូលិសជាតិបញ្ជាខាងលើបែបនេះ​ បានធ្វើឡើងនៅល្ងាចថ្ងៃទី០៩ មីនា ២០១៦​ ខណៈលោកបានអញ្ជើញជាអធិបតីបើកសន្និបាត​ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៥ ​ និងលើកទិសដៅ​ឆ្នាំ២០១៦ ​របស់គណៈបញ្ជាការដឹកនាំអនុវត្តន៍ផែនការ​យុទ្ធសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ដោយ​សំណល់ជាតិផ្ទុះពីសង្គ្រាម​ នៅទីស្តីការក្រសួងមហាផ្ទៃ។

បើតាមលោកនាយឧត្តមសេនីយ ​នេត សាវឿន ​គ្រប់អាវុធជាតិផ្ទុះដែលប្រើប្រាស់​នៅក្នុងអង្គភាពជួរកងកំលាំងនគរបាល​ កងយោធពលខេមរភូមិន្ទ ​និងកងរាជអាវុធហត្ថ ​មានច្បាប់អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ត្រឹមត្រូវគឺយើងគ្រប់គ្រងបាន​ ប៉ុន្តែអាវុធជាតិផ្ទុះខុសច្បាប់ដែលកំពុង​បានប្រើប្រាស់ដោយក្រុមជនល្មើស​ រហូតដល់មានការប្លន់ប្រដាប់អាវុធ ​បាញ់សម្លាប់គឺយើង​មិនទាន់គ្រប់គ្រង​បានទេ ៕