ទិន្នផល​មាស​ចិន​ប្រចាំឆ្នាំ​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង

ប្រទេស​ចិន ៖ ទិន្នផល​មាស​ប្រចាំឆ្នាំ​របស់​ចិន​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៥ ដោយសារ​តែ​តម្លៃ​ទីផ្សារ​មាស​សកល​បាន​ធ្លាក់​ចុះ​។ នេះ​បើ​យោង​តាម​តួលេខ​ឧស្សាហកម្ម ដែល​បាន​រាយការណ៍​កាលពី​ពេល​កន្លង​មក ។

យោង​តាម​សមាគម​មាស​ចិន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​មុន ចិន​ផលិត​បាន​មាស​ចំនួន​៤៥០​តោន ពោល​គឺ​ធ្លាក់​ចុះ​០,៣៩% ។ តម្លៃ​មាស​សកល​បាន​ធ្លាក់​ចុះ​៤០% គិត​តាំងពី​ខែមេសា ឆ្នាំ​២០១៣​មក ។ ទោះជា​យ៉ាងណា ចិន​នៅ​តែ​រក្សា​តំណែង​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​ដែល​ផលិត​មាសធំ​ជាងគេ​លើ​ពិភពលោក​ក្នុង​រយៈពេល​៩​ឆ្នាំ​ជាប់​ៗ​គ្នា ខណៈ​ការ​ប្រើប្រាស់​មាស​របស់​ចិន​បាន​រើប​ឡើង​វិញ ។ ចិន​បាន​ប្រើប្រាស់​មាស​ចំនួន​៩៨៦​តោន​នៅ​ឆ្នាំ​២០១៥ ពោល​គឺ​កើនឡើង​៣,៧% បើ​ធៀប​នឹង​ឆ្នាំ​មុន និង​ធ្លាក់​ចុះ​២៤,៧% ធៀប​នឹង​ឆ្នាំ​២០១៤ ។

សមាគម​មាស​ចិន​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើន​ទីផ្សារ​មាស និង​ការ​លក់​គ្រឿងអលង្ការ​ធ្វើ​ពី​មាស ។ បើ​តាម​ការ​ព្យាករ​ឱ្យ​ដឹង​ថា ចិន​នឹង​អាច​រក្សា​តំណែង​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​ដែល​ប្រើប្រាស់​មាសធំ​ជាងគេ​នៅ​លើ​ពិភពលោក​។ សមាគម​ឲ្យ​ដឹង​ទៀត​ថា មាស​ដែល​ស្តុក​ទុក​មាន​ចំនួន​១.៧៦២​តោន​នៅ​ដំណាច់ឆ្នាំ​២០១៥ ៕