ហ្វ៊ី​លី​ពី​ន​ជំរុញ​ការ​បង្កើត​ធនាគារ​ថ្មី​ដើម្បី​ទាក់ទាញ​វិនិយោគិន​ក្នុងស្រុក

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ហ្វ៊ី​លី​ពី​ន​នឹង​អនុវត្ត​គោលការណ៍​ថ្មី​ដើម្បី​បន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ ដែល​បាន​ហាមប្រាម​មិន​ឲ្យ​បង្កើត​ធនាគារ​ថ្មី ក្នុង​គោលបំណង​ទាក់ទាញ​វិនិយោគិន​ក្នុងស្រុក​ឱ្យ​ដាក់​ទុន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ដែល​កំពុង​តែ​បើកចំហ​ដល់​វិនិយោគិន​បរទេស ។

ធនាគារកណ្តាល​ហ្វ៊ី​លី​ពី​ន​បាន​ផ្តល់់​សិទ្ធិ​ឲ្យ​មានការ​បង្កើត​ធនាគារ​ថ្មី ។ នៅ​ដំណាក់កាល​ដំបូង ធនាគារកណ្តាល​នឹង​អនុញ្ញាត​ឱ្យ​ធនាគារ​ដែល​ផ្តល់​សេវាកម្ម​កម្ចី និង​បញ្ញើ​សន្សំ​ទិញ​ផ្ទះ អាច​ដាក់​ពាក្យសុំ​សិទ្ធិ​ក្លាយជា​ធនាគារពាណិជ្ជ  ដែល​នឹង​ផុតកំណត់​នៅ​ដំណាច់ឆ្នាំ​២០១៧ ខាង​មុខ​នេះ​។ ចំណែក​ដំណាក់​ទី​២ នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៨​បន្ទាប់​ទៀត ដែល​គោលនយោបាយ​ហាម​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​ការ​បង្កើត​ធនាគារ​ថ្មី​នោះ នឹង​ត្រូវ​ដក​ចេញ​ទាំងស្រុង​តែ​ម្តង ។

ធនាគារ​បរទេស​ដូច​ជា ធនាគារ​ជប៉ុន Sumitomo Mitsui Financial Group Inc និង​ធនាគារ​សិង្ហ​បុរី United Overseas Bank Ltd ត្រូវ​បាន​ទទួល​អាជ្ញាប័ណ្ណ​សម្រាប់​បើក​សាខា​ថ្មី បន្ទាប់​ពី​ធនាគារកណ្តាល​ហ្វ៊ី​លី​ពី​ន​បាន​បន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ​របស់​ខ្លួន ចំពោះ​ធនាគារ​ណា​ដែល​មាន​ម្ចាស់​បរទេស​នៅ​ឆ្នាំ​២០១៤ ។ ជាមួយ​គ្នា​នេះ កាលពី​ខែ​មុន ធនាគារ Security Bank Corp ជា​ធនាគារ​ផ្តល់​កម្ចី​ក្នុងស្រុក បាន​យល់ព្រម​លក់​ភាគហ៊ុន​របស់​ខ្លួន​២០% ស្មើនឹង​ទឹកប្រាក់​ចំនួន​៧៧៣​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ឲ្យ​ធនាគារ Mitsubishi UFJ Financial Group Inc ជា​ធនាគារ​ធំ​ជាងគេ​បំផុត​របស់​ជប៉ុន ។

ដោយឡែក ធនាគារ​ក្នុងស្រុក​ធំ​ៗ​របស់​ហ្វ៊ី​លី​ពី​ន​មួយ​ចំនួន គួរតែ​ទាក់ទាញ​មូលធន​បរទេស​បន្ថែម​ទៀត និង​ស្វែង​យល់​ពី​របៀប​ដែល​ធនាគារ​បរទេស​អាច​រក្សា​សក្តានុពល​របស់​ខ្លួន ទោះបីជា​មានការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ជាមួយ​ធនាគារ​ដទៃ​ទៀត​ក្តី ។ ម្យ៉ាងទៀត ធនាគារ​ក្នុងស្រុក​គួរតែ​ចៀសវាង​នូវ​ការ​អសកម្ម​ក្នុង​មុខ​ជំនួញ​របស់​ខ្លួន​ផង​ដែរ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Nestor Espenilla ទេសាភិបាល​រង​នៃ​ធនាគារកណ្តាល​ហ្វ៊ី​លី​ពី​ន បាន​ឲ្យ​ដឹង​កាលពី​ខែមករា​កន្លង​មក ។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ឆ្នាំ​១៩៩៩ ធនាគារកណ្តាល​ហ្វ៊ី​លី​ពី​ន​បាន​ហាម​ប្រាណ​មិន​ឲ្យ​បង្កើត​ធនាគារ​ថ្មី​នោះ​ទេ ក្នុង​គោលបំណង​លើក​ស្ទួយ និង​គាំទ្រ​ដល់​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​ធនាគារ​ជា​ច្រើន ឲ្យ​ក្លាយជា​ស្ថាប័ន​ដ៏​មាន​សក្តានុពល​ក្នុង​ការ​ផ្តល់​ឥណទាន​កម្រិត​ខ្ពស់ ៕