ឥណ្ឌូ​ណេ​ស៊ី និង​ថៃ​ប្តេជ្ញា​ចិត្ត​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ការ​ធ្លាក់​ចុះ​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី គឺ​ត្រូវ​បាន​លើកយក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រវាង​មន្ត្រី​ឥណ្ឌូ​ណេ​ស៊ី និង​ថៃ ដោយ​ប្តេជ្ញា​ថា​នឹង​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​គោលបំណង​លើក​ស្ទួយ​ដល់​សេដ្ឋកិច្ចជាតិ ។

រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូ​ណេ​ស៊ី លោកស្រី Retno LP Marsudi បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក Don Pramudwinai ដោយ​លោកស្រី​បាន​ថ្លែង​ថា ៖ « ឥណ្ឌូ​ណេ​ស៊ី និង​ថៃ​បាន​យល់ព្រម​លើ​កិច្ច​សហប្រតិបត្តិការ​បង្កើន​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​សក្តានុពល​កាន់តែ​ខ្លាំង​ថែម​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ » ។

លោកស្រី​មាន​ប្រសាសន៍​បន្ត​ថា ៖ « ជំនួប​នៃ​កិច្ច​ពិភាក្សា​របស់​យើង​នឹង​ផ្តោត​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ អាកាសចរណ៍ និង​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ និង​ជំនាញ​ពលករ​នៅ​ក្នុង​ឧស្សាហកម្ម​ផលិតផល​អាហារ ។ ជាក់ស្តែង សម្រាប់​វិស័យ​អាកាសចរណ៍ ប្រទេស​ថៃ​ធ្លាប់​បាន​ទិញ​យន្តហោះ​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដូច្នេះ​ហើយ​បានជា​ឥណ្ឌូ​ណេ​ស៊ី​ស្នើ​ឲ្យ​ថៃ នៅ​តែ​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​នេះ » ។

បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ឥណ្ឌូ​ណេ​ស៊ី និង​ថៃ មាន​ទឹកប្រាក់​ចំនួន​១២,៥៥​ប៊ី​លាន​ដុល្លារ​នៅ​អំឡុង​ខែមករា​-​វិច្ឆិកា កាលពី​ឆ្នាំ​មុន ។ ទោះជា​យ៉ាងណា ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្លាក់​ចុះ​១៣% កាលពី​ឆ្នាំ​២០១៤ ។

ចំណែក​លោក Don Pramudwinai លើក​ឡើង​ថា ៖ « ខ្ញុំ​សង្ឃឹមថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ នឹង​កើនឡើង​ពី​១៦ ទៅ​២០​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ។ មិនតែប៉ុណ្ណោះ ពួក​យើង​នឹង​អាច​បង្ហាញ​ពី​ការ​សហការ​ដ៏​ជោគជ័យ​នេះ​ទៅ​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ឲ្យ​ធ្វើ​ជា​គំរូ​ទៀត​ផង » ។

ក្រៅពី​កិច្ច​ពិភាក្សា​លើ​ការ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​បង្កើន​សេដ្ឋកិច្ចជាតិ​នេះ លោកស្រី Retno LP Marsudi ឱ្យ​ដឹង​ទៀត​ថា ៖ « ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​សមុទ្រ គឺជា​ប្រធានបទ​ដែល​បានពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​នេះ ។ ប្រទេស​ទាំង​ពីរ​បាន​យល់ព្រម​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​សមុទ្រម្តង​រួច​មក​ហើយ នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ឆ្នាំ​មុន ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​បាងកក ។ ដូច្នេះ​នៅ​ខែកុម្ភៈ និង​ខែមីនា​ឆ្នាំ​នេះ លោកស្រី​នឹង​បន្ត​ចរចា​ទៅ​លើ​បញ្ហា​នេះ​ម្តងទៀត » ។

ចំពោះ​បញ្ហា​ចុង​ក្រោយ​ដែល​ត្រូវ​លើកយក​មក​ពិភាក្សា​នោះ​រួម​មាន បញ្ហា​ភេ​វរ​កម្ម ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស និង​ការ​ជួញដូរ​សត្វព្រៃ ។

លោកស្រី​បញ្ជាក់​ថា ៖ « ឥណ្ឌូ​ណេ​ស៊ី និង​ថៃ ក៏​បាន​យល់ព្រម​ក្នុង​ការ​គាំទ្រ និង​សហការ​គ្នា ដើម្បី​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​សហប្រជាជាតិ ផង​ដែរ ដែល​ប្រទេស​ថៃ​នឹង​ចូលរួម​នៅ​ឆ្នាំ​២០១៧-២០១៨ ចំណែក​ឥណ្ឌូ​ណេ​ស៊ី​នឹង​ចូលរួម​នៅ​ឆ្នាំ​២០១៩-២០២០ » ៕