អា​មេ​រិ​ក​កាន់​តំណែង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​ជាមួយ​វៀតណាម

ប្រទេស​វៀតណាម ៖ សហរដ្ឋអាមេរិក បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​នាំមុខ​គេ​របស់​វៀតណាម ។ នេះ​គឺជា​តឹកតាង​មួ​ួ​យ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ ប្រទេស​ទាំង​ពីរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ការ​ធ្វើ​ពា​ណិ​ជ្ម​កម្ម​ទ្វេភាគី​នេះ បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន​ចាប់ពី​ចំណុចសូន្យ ។ សហរដ្ឋអាមេរិក និង​វៀតណាម​បាន​ចាប់ផ្តើម​មិត្តភាព​ការទូត​សា​ជា​ថ្មី​កាលពី​២០​ឆ្នាំ​មុន ។ ចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅ​ឆ្នាំ​២០១៤ មាន​ទឹកប្រាក់​សរុប​ចំនួន​៣៦,៣​ប៊ី​លាន​ដុល្លារ ខណៈ​ឆ្នាំ​២០១៥ ត្រូវ​គេ​រំពឹង​ថា នឹង​កើនឡើង​ក្រោម​ទឹកប្រាក់​សរុប​៤០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

បើ​យោង​តាម​រដ្ឋមន្ត្រី​មក​ពី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បានឱ្យ​ដឹង​ថា ៖ « ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​វៀតណាម​បាន​ចុះហត្ថលេខា គឺ​កិច្ចព្រមព្រៀង​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក​ត្រូវ​គេ​រំពឹង​ថា នឹង​ផ្តល់​លក្ខណៈ​អំណោយផល​ដល់​ការ​នាំ​ចេញ​របស់​វៀតណាម » ។

លោក Nguyen Duy Khien ប្រធាន​ផ្នែក​ស្រាវជ្រាវ​អា​មេ​រិ​ក ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ៖ « នៅ​ឆ្នាំ​២០១៤ វៀតណាម​បាន​នាំ​ចេញ​ទំនិញ​ទៅ​កាន់​អា​មេ​រិ​ក សរុប​ជា​ទឹកប្រាក់​ចំនួន​៣០,៦​ប៊ី​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន កើនឡើង​២៤% » ។

ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ក៏​បាន​បង្ហាញ​ដែរ​ថា វៀតណាម​ចាប់ផ្តើម​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក​តាំងពី​ឆ្នាំ​១៩៩៥ មក​ម្ល៉េះ​។ ជាក់ស្តែង កាលពី​ឆ្នាំ​២០០០ ការ​នាំ​ចេញ​របស់​វៀតណាម​មាន​ផល​លើស​៨០០​លាន​ដុល្លារ ខណៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​អា​មេ​រិ​ក​-​វៀតណាម​ត្រូវ​បាន​ចុះហត្ថលេខា ។ អា​មេ​រិ​ក គឺជា​អ្នក​នាំ​ចូល​ទំនិញ​វៀតណាម​ធំ​ជាងគេ​បំផុត​នូវ​ផលិតផល​សម្លៀក​បំពាក់​វាយនភ័ណ្ឌ ស្បែកជើង គ្រឿង​អេ​ឡិច​ត្រូ​និក អង្ករ និង​ត្រី ។

ចំពោះ​វិស័យ​វិនិយោគ​វិញ វៀតណាម​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៧ ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​បាន​បោះទុន​វិនិយោគ​ផ្ទាល់​ធំ​ជាងគេ​ក្រោម​ទឹកប្រាក់​១០,៧​ប៊ី​លាន​ដុល្លារ​នា​ខែមិថុនា​ឆ្នាំ​នេះ ។ ទន្ទឹម​នឹង​នេះ​ដែរ វៀតណាម​ក៏​បាន​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​វាយនភ័ណ្ឌ​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​ផង​ដែរ ។

ទោះជា​យ៉ាងណា ចំពោះ​វិស័យ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​រង​នូវ​ភាព​រង្គោះរង្គើ ដោយសារ​តែ​វៀតណាម​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី  ខណៈ​ដែល​អា​មេ​រិ​ក​កំពុង​តែ​បង្កើត​គោលការណ៍​ប្រចាំ​តំបន់ ។

ជាង​នេះ​ទៀត ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ការ​លុប​ពន្ធ​នាំ​ចូល ក្រុមហ៊ុន​វៀតណាម​ត្រូវ​តែ​ប្រើប្រាស់​វត្ថុធាតុដើម​នាំ​ចូល​ពី​បណ្តា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រម​ព្រៀង TPP ។ ហេតុនេះ​ហើយ​បានជា​វៀតណាម​ត្រូវ​ជួបនឹង​ផលវិបាក​យ៉ាង​ខ្លាំង ដោយសារ​តែ​វត្ថុធាតុដើម​ដែល​រោងចក្រ​វៀតណាម​ប្រើ​សព្វថ្ងៃ នេះ បាន​នាំ​ចូល​ពី​បរទេស​ជាង​៧០% ជា​ពិសេស ប្រទេស​ចិន​តែ​ម្តង ។

ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី TPP នេះ ក្រុមហ៊ុន​អា​មេ​រិ​ក​គ្រោង​នឹង​បង្កើន​នៃ​ការ​បញ្ជា​ទិញ​ផលិតផល​ស្បែកជើង ខណៈ​ដែល​ក្រុមហ៊ុន​ដទៃ​ទៀត គ្រោង​នឹង​វិនិយោគ​លើ​គម្រោង​តម្បាញ និង​លាប​ពណ៌​នៅ​ប្រទេស​វៀតណាម ។ និន្នាការ​នេះ​នឹង​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាច​ជួយ​ជំរុញ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​ឧបនាយករដ្ឋមន្ត្រី លោក Tran Tuan Anh ។

ក្រុម​សេដ្ឋវិទូ​ក៏​បាន​សង្កត់ធ្ងន់​ទៀត​ថា ប្រទេស​ទាំង​ពីរ​ចាំបាច់​ត្រូវ​តែ​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​ដូច​ជា តាំងពិព័រណ៍ សិក្ខា​សិលា និង​ស្រាវជ្រាវ​ទីផ្សារ​បន្ថែម​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អា​មេ​រិ​ក​មាន​គម្រោង​ជា​ច្រើន​ក្នុង​ការ​វិនិយោគ​នៅ​ប្រទេស​វៀតណាម ពោល​គឺ​រហូត​ដល់​ទៅ​៧២០​គម្រោង​ឯណោះ​។ ជាមួយ​គ្នា​នេះ​ដែរ នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៥ វិនិយោគិន​អា​មេ​រិ​កបាន​បោះទុន​ចំនួន​៦៩​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​គម្រោង​ថ្មី​ៗ​ចំនួន​៨ ៕