ធនាគារជាតិ​វៀតណាម​សម្រេច​រក្សា​អត្រា​ការ​ប្រាក់​ឱ្យ​មាន​ស្ថិរភាព​នៅ​ឆ្នាំ​នេះ

ប្រទេស​វៀតណាម ៖ ទោះបីជា​ក្រុម​អ្នកជំនាញ​បាន​ព្យាករ​ថា អត្រា​ការ​ប្រាក់​កម្ចី​នឹង​កើនឡើង​ក្នុង​ឆ្នាំ​២០១៦​នេះ​ក្តី ក៏​មន្ត្រី​ធនាគារជាតិ​វៀតណាម​មួយ​រូប​ជឿជាក់​ថា ការ​រក្សា​អត្រា​ការ​ប្រាក់​ឲ្យ​មាន​ស្ថិរភាព​នោះ​នឹង​អាច​កាត់​បន្ថយ​បន្តិច​ម្តង​ៗ គឺជា​រឿង​មួយ​ដែល​សំខាន់​ទៅ​វិញ ។

លោក Bui Quoc Dung អគ្គនាយក​ផ្នែក​គោលនយោបាយ​រូបិយប័ណ្ណ​នៃ​ធនាគារជាតិ​វៀតណាម ឲ្យ​ដឹង​ថា ៖ « ទោះបីជា​ធនាគារជាតិ​បាន​សម្រេច​រក្សា​អត្រា​ការ​ប្រាក់​របស់​ខ្លួន​ឲ្យ​មាន​ស្ថិរភាព​នៅ​ឆ្នាំ​នេះ​ក្តី ក៏​ធនាគារ​ត្រូវ​មាន​វិធានការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​រយៈពេល​មធ្យម និង​រយៈពេល​វែង​ក្នុងឆ្នាំនេះ​ដែរ ហើយ​នៅ​មាន​កត្តា​ជា​ច្រើន​ទៀត​នឹង​ដាក់​សម្ពាធ​លើ​អត្រា​ការ​ប្រាក់​នេះ ។ កត្តា​ទី​១ គឺ​អត្រា​អតិផរណា​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​មាន​ប្រមាណ​ពី​៤% ទៅ​៥%​នៅ​ឆ្នាំ​នេះ បើ​ធៀប​នឹង​ឆ្នាំ​មុន​បាន​កើនឡើង​០,៦% ពោល​គឺ​វា​អាច​ដាក់​សម្ពាធ​ដល់​អត្រា​ការ​ប្រាក់​បញ្ញើ​តែ​ម្តង » ។

លោក​បន្ត​ថា ៖ « តម្រូវការ​ឥណទាន ក៏​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​មានការ​កើនឡើង​ដែរ​នៅ​ឆ្នាំ​នេះ ខណៈ​គោលដៅ​កំណើន​ផលិតផល​ក្នុងស្រុក​របស់​រដ្ឋាភិបាល​មាន​៦,៧% បើ​ធៀប​នឹង​ឆ្នាំ​មុន​ស្មើនឹង​៦,៦៨% និង​៥,៨៨% ជា​មធ្យម​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១១-២០១៥ » ។

លើស​ពី​នេះ​ទៀត នឹង​មាន​សម្ពាធ​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត​ទៅ​លើ​អត្រា​ការ​ប្រាក់​រយៈពេល​មធ្យម និង​រយៈពេល​វែង​នៅ​ឆ្នាំ​នេះ ខណៈ​អត្រា​ការ​ប្រាក់​បំណុល​របស់​រដ្ឋាភិបាល​មាន​រយៈពេល​៥​ឆ្នាំ ដែល​ផុតកំណត់​កាលពី​ឆ្នាំ​មុន បាន​កើនឡើង​យ៉ាង​ខ្លាំង​ពី​៥,៤% ដល់​ជិត​៧% ។ ក្នុង​នោះ​ដែរ តម្រូវការ​បំណុល​រដ្ឋាភិបាល​ក្នុងឆ្នាំនេះ​ត្រូវ​គេ​រំពឹង​ថា មាន​អត្រា​ខ្ពស់​បើ​ធៀប​នឹង​ឆ្នាំ​មុន ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Bui Quoc Dung ។

ទន្ទឹម​នឹង​នេះ ដើម្បី​កាត់​បន្ថយ​ការ​ប្រាក់​ឲ្យ​ធ្លាក់​ចុះ​បន្តិច​តាម​គោលដៅ​ដែល​បាន​កំណត់​នោះ គឺ​ត្រូវធ្វើ​កំណែទម្រង់ និង​អនុវត្ត​តាម​វិធានការ​ដូច​នៅ​ឆ្នាំ​២០១៥​ដែរ ។ ធនាគារកណ្តាល​ក៏​បាន​អនុវត្ត​វិធានការ​ផ្សេង​ទៀត​ដែរ​ដើម្បី​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ស្រប​នឹង​គោលដៅ​គោលនយោបាយ​រូបិយប័ណ្ណ ។

កន្លង​មក ក្រុម​អ្នកជំនាញ​បាន​ព្រួយបារម្ភ​ថា អត្រា​ការ​ប្រាក់​អាច​នឹង​កើនឡើង​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ធ្លាក់​ចុះ​ទាប​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​កន្លង​មក ។ នេះ​គួរតែ​អរគុណ​ដល់​ប្រព័ន្ធ​ធនាគារ​ដែល​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​កម្ចី​មក​នៅ​ត្រឹម​ពាក់កណ្តាល ពោល​គឺ​បាន​កាត់​បន្ថយ​ពី​២០% ក្នុង​ឆ្នាំ​២០១១ មក​នៅ​ត្រឹម​៩%-១១% នៅ​ឆ្នាំ​នេះ សម្រាប់​កម្ចី​ធម្មតា និង​៦,៥%​សម្រាប់​កម្ចី​ចាំបាច់ ដែល​ស្មើនឹង​អត្រា​ការ​ប្រាក់​នៅ​ក្នុង​ឆ្នាំ​២០០៦ ។

បើ​យោង​តាម​របាយការណ៍​ចុះ​ផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន ក្រុមហ៊ុន​មូល​ប​ត្រ MBS បាន​ព្យាករ​ថា តម្រូវការ​ឥណទាន​ខ្ពស់​អាច​នឹង​ធ្វើ​ឲ្យ​អត្រា​ការ​ប្រាក់​នៅ​ខែ​ក្រោយ​កើនឡើង​បន្តិច​។ អត្រា​ការ​ប្រាក់​អន្តរ​ធនាគារ​នៅ​ពាក់កណ្តាល​ខែមករា និង​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៦ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​នៃ​ប្រព័ន្ធ​ធនាគារ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ចិន ។

ជាង​នេះ​ទៀត ទោះបីជា​ធនាគារជាតិ​បាន​ផ្តល់​ប្រាក់​ជា​ច្រើន​ទៅ​កាន់​ទីផ្សា​អន្តរ​ធនាគារ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ចិន​ក្តី ក៏​ការ​ប្រែប្រួល​របស់​ប្រព័ន្ធ​ធនាគារ​បាន​បង្ហាញ​នូវ​សញ្ញា​តឹង​រឹ​ុ​ង​ថា អត្រា​ការ​ប្រាក់​របស់​អន្តរ​ធនាគារ​នៅ​តែ​មាន​អត្រា​ខ្ពស់​៥,២%​ក្នុង​មួយ​ឆ្នាំ បើ​ធៀប​នឹង​រយៈពេល​២​ស​ប្តា​ហ៍​មុន​បាន​កើនឡើង​៥,១% ។

យោង​តាម​ស្ថិតិ​របស់​ធនាគារជាតិ​វៀតណាម​បង្ហាញ​ថា គ្រឹះស្ថាន​ឥណទាន​ចំនួន​១៤​គ្រឹះស្ថាន​បាន​ដំឡើង​អត្រា​ការ​ប្រាក់​បញ្ញើ​របស់​ខ្លួន​ពី​០,១% ទៅ​០,៥%​ក្នុង​មួយ​ឆ្នាំ ដោយ​បែក​ចែក​តាម​ដំណាក់កាល ដែល​អាច​ធ្វើ​ឲ្យ​អត្រា​ការ​ប្រាក់​កម្ចី​កើនឡើង​នៅ​ពេល​ក្រោយ​ទៀត​ផង ។

ចំពោះ​ធនាគារ​វិញ ចាំបាច់​ត្រូវ​តែ​បង្កើន​អត្រា​ការ​ប្រាក់​បញ្ញើ​ដើម្បី​ទាក់ទាញ​អតិថិជន​របស់​ខ្លួន ។ ទោះជា​យ៉ាងណា ប្រសិនបើ​ធនាគារ​គ្មាន​តុល្យភាព​ចំពោះ​តម្លៃ​ចេញ​-​ចូល​ទេ​នោះ ពួក​គេ​អាច​នឹង​ដំឡើង​ការ​ប្រាក់​កម្ចី​ជាក់​ជា​មិន​ខាន ។ ជាក់ស្តែង អត្រា​ការ​ប្រាក់​ទាប​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ធនាគារ​ប្រឈម​មុខ​នឹង​ហានិភ័យ ។

បើ​តាម​អ្នកជំនាញ​ផ្នែក​ធនាគារ លោក Nguyen Tri Hieu ឲ្យ​ដឹង​ថា ៖ « លោក​មិនឃើញ​សញ្ញា​ណាមួយ​បញ្ជាក់​ថា អត្រា​ការ​ប្រាក់​នៅ​ឆ្នាំ​នេះ​អាច​នឹង​ធ្លាក់​ចុះ​ឡើយ ខណៈ​អត្រា​ការ​ប្រាក់​ដែល​បាន​ព្យាករ​អាច​នឹង​កើនឡើង​យ៉ាង​ហោច​ណាស់​ក៏​១% ដែរ ។ ហេតុផល​មួយទៀត​ដែល​ធ្វើ​ឱ្យ​អត្រា​ការ​ប្រាក់​កើនឡើង​នោះ ដោយសារ​តែ​គេ​ព្យាករ​ថា វា​នឹង​មាន​ស្ថិរភាព ដូច្នេះ គម្លាត​រវាង​អត្រា​ការ​ប្រាក់​ដុ​ង និង​ដុល្លារ ត្រូវ​តែ​មាន​កម្រិត​ខ្ពស់​គួរសម​ដើម្បី​ទាក់ទាញ​ឲ្យ​មាន​កំណើន​ប្រាក់​បញ្ញើ​ដុ​ង ។ កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ អាច​ជំរុញ​ដល់​មូលធន​តម្រូវការ​ឱ្យ​កាន់តែ​ខ្ពស់ ដែល​នឹង​ធ្វើ​ឲ្យ​អត្រា​ការ​ប្រាក់​កើនឡើង » ៕