សេដ្ឋកិច្ច​អា​មេ​រិ​កបាន​កើនឡើង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​អត្រា​1% នៅ​ត្រីមាស​ទី​4

សហរដ្ឋអាមេរិក ៖ សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​ខ្សោយ​កាលពី​ត្រីមាស​ទី​៤ ឆ្នាំ​២០១៥​កន្លង​មក ដែល​ការ​ធ្លាក់​ចុះ​នេះ​មិនអាក្រក់​ដូច​អ្វី​ដែល​គេ​រំពឹង​ទុក​ឡើយ ។
ផលិតផល​ក្នុងស្រុក​សរុប​បាន​កើនឡើង​១% នៅ​ត្រីមាស​ទី​៤ ពោល​គឺ​មាន​អត្រា​ខ្ពស់​ជាង​ការ​ព្យាករ ដែល​ព្យាករ​មាន​ត្រឹមតែ​០,៧%​ប៉ុណ្ណោះ​។ អត្រា​នេះ​ទាប​ជាង​ពាក់កណ្តាល បើ​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ត្រីមាស​ទី​៣ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួងពាណិជ្ជកម្ម ។

ទោះបីជា​សហរដ្ឋអាមេរិក​រង​នូវ​ព្យុះ​បោកបក់​នៃ​សេដ្ឋកិច្ច​សកល និង​ទីផ្សារ​ហិរញ្ញវត្ថុ​ធ្លាក់​ចុះ​ក្តី ក៏​ក្រុម​សេដ្ឋវិទូ​នៅ​តែ​ជឿជាក់​ថា សេដ្ឋកិច្ច​នឹង​រើប​ឡើង​វិញ​នៅ​ត្រីមាស​ទី​១ ក្នុងឆ្នាំនេះ​។ ការ​រើប​ឡើង​វិញ​នេះ គឺជា​កត្តា​រួមចំណែក​នៃ​ស្ថិរភាព​ការងារ និង​កំណើន​ប្រាក់ខែ ដែល​បាន​ចំណាយ​ច្រើន​ជាង​២​ភាគ​៣ នៃ​សេដ្ឋកិច្ច​ទាំងមូល​របស់​អា​មេ​រិ​ក ។
ជាមួយ​គ្នា​នេះ តួលេខ​នៅ​ត្រីមាស​ទី​៤ ជា​តួលេខ​ទាប​បំផុត​ក្នុង​រយៈពេល​៦​ខែ​នេះ ពោល​គឺ​ចាប់តាំងពី​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​ត្រឹម​០,៦% នៅ​ត្រីមាស​ដំបូង​កាលពី​ឆ្នាំ​មុន​មក។ ចំណែក​នៅ​ត្រីមាស​ទី​២​ឆ្នាំ​មុន បាន​រើប​ឡើង​វិញ​យ៉ាង​ខ្លាំង ស្មើនឹង​អត្រា​៣,៩% ។

ឱនភាព​ពាណិជ្ជកម្ម​បាន​ធ្លាក់​ចុះ​០,៣% គឺ​ទាប​ជាង​ការ​ធ្លាក់​ចុះ​ក្នុង​របាយការណ៍​ទី​១​ទៅ​ទៀត ដែល​មាន​អត្រា​០,៥% ។ ចំណែក​ការ​នាំ​ចេញ​វិញ​នៅ​តែ​ធ្លាក់​ចុះ​ដដែល ដែល​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ត្រដាបត្រដួស​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​បាន​រង​នូវ​ព្យុះ​បោកបក់ ដោយសារ​តែ​ប្រាក់​ដុល្លារ​ថ្លៃ​ជាង​មុន ។ ការ​នាំ​ចូល​របស់​អា​មេ​រិ​ក​មាន​អត្រា​ខ្សោយ​ជាង​ការ​រំពឹង​ទុក​លើក​ដំបូង​ទៅ​ទៀត ។

ជាក់ស្តែង អត្រា​ចំណាយ​បាន​កើនឡើង​២% នៅ​ត្រីមាស​ទី​៤ ជា​អត្រា​ទាប​ជាង​ការ​ព្យាករ​២,២% ទៅ​ទៀត ។ ទោះជា​យ៉ាងណា អត្រា​ចំណាយ​បាន​កើនឡើង​នៅ​ត្រីមាស​ទី​៣ ហើយ​ក្រុម​សេដ្ឋវិទូ​សន្មត​ថា នេះ​ជា​ការ​រើប​ឡើង​វិញ​ប្រចាំត្រីមាស ។

ទន្ទឹម​នឹង​នេះ សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ហិរញ្ញវត្ថុ លោក Gus Faucher  ជឿជាក់​ថា ៖ « កំណើន​ផលិតផល​ក្នុងស្រុក​សរុប​នឹង​កើនឡើង​២,៣% នៅ​ឆ្នាំ​នេះ។ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ភាគហ៊ុន គឺជា​សញ្ញា​អវិជ្ជមាន​ដែល​គួរ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ប៉ុន្តែ​ការ​ចំណាយ​ប្រើប្រាស់​ត្រូវ​បាន​គាំទ្រ​ដោយ​តម្លៃ​លំនៅ​ឋាន​ឡើងថ្លៃ ដែល​កំពុង​តែ​បង្កើន​ទ្រព្យ​របស់​ពលរដ្ឋ ក៏​ដូច​ជា​ផ្តល់​ស្ថិរភាព​ការងារ និង​បង្កើន​ប្រាក់ខែ​បុគ្គលិក​ផង​ដែរ » ៕