ការ​នាំ​ចេញ​វិស័យ​ជលផល​ព្រៃឈើ​កើនឡើង​4,2​ប៊ី​លាន​ដុល្លារ

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​ផលិតផល​ជលផល​ត្រូវ​បាន​គេ​ព្យាករ​ថា ស្មើនឹង​ចំនួន​៤,២​ប៊ី​លាន​ដុល្លារ​ក្នុងអំឡុងពេល​២​ខែ​ដំបូង កើនឡើង​៥,៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ស្ថិតិ​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ ។

ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​សរុប​របស់​វៀតណាម​មាន​ទឹកប្រាក់​១,៩​ប៊ី​លាន​ដុល្លារ កើនឡើង​៤,២% បើ​ធៀប​នឹង​ឆ្នាំ​មុន ។ ក្នុង​នោះ​ការ​នាំ​ចេញ​គ្រឿង​សមុទ្រ មាន​ទឹកប្រាក់​៩៣៨​លាន​ដុល្លារ ខណៈ​ការ​នាំ​ចេញ​ផលិតផល​ព្រៃឈើ​មាន​អត្រា​៨,២% ។

សម្រាប់​នៅ​ខែកុម្ភៈ​ទាំងមូល វៀតណាម​រក​ចំណូល​បាន​១,៨៨​ប៊ី​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ផលិតផល​ជលផល​ព្រៃឈើ ។ លើស​ពី​នេះ​ទៀត ការ​នាំ​ចេញ​ស្រូវ​អង្ករ​ទៅ​ក្រៅប្រទេស​មាន​ចំនួន​៥២៣.០០០​តោន និង​ទទួល​បាន​ចំណូល​២២៨​លាន​ដុល្លារ​អា​មេ​រិ​ក ។

ជាមួយ​គ្នា​នេះ ឥណ្ឌូ​ណេ​ស៊ី គឺជា​ប្រទេស​ដែល​នាំ​ចូល​អង្ករ​ធំ​ជាងគេ ស្មើនឹង​អត្រា​២៥,២% នៃ​ចំណែក​ទីផ្សារ​សរុប ។ រីឯ​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​២ មាន​អត្រា​១២,៥១%។ នេះ​ដោយសារ​តែ​ការ​កាត់​បន្ថយ​កម្រិត​នាំ​ចូល​៣,១៦% និង​តម្លៃ​នាំ​ចូល​៧,៥៦% ។ ចំណែក​ទីផ្សារ​នាំ​ចូល​ធំ​បន្ទាប់​ទៀត​រួម​មាន ហ្វ៊ី​លី​ពី​ន ម៉ា​ឡេ​ស៊ី និង​តៃវ៉ាន់ ខណៈ​អត្រា​ប្រើប្រាស់​ស្រូវ​អង្ករ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ឈូង​សមុទ្រ​កូត​ឌី​វ័​រ ហុងកុង និង​អា​មេ​រិ​ក ។

កាហ្វេ​ចំនួន​១២៥.០០០​តោន​ត្រូវ​បាន​នាំ​ចេញ​ទៅ​ក្រៅប្រទេស​នៅ​ក្នុង​ខែកុម្ភៈ ដែល​ទទួល​បាន​ចំណូល​សរុប​២១០​លាន​ដុល្លារ ។ ចំណែក​ការ​នាំ​ចេញ​កាហ្វេ​ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយ​មាន​ចំនួន​២៩៥.០០០​តោន ស្មើនឹង​៥០៥​លាន​ដុល្លារ ពោល​គឺ​កើនឡើង​២៦,៧% និង​តម្លៃ​កើនឡើង​២,៩% ។

ចំពោះ​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​សហរដ្ឋអាមេរិក​វិញ នៅ​តែ​ជា​ប្រទេស​នាំ​ចូល​កាហ្វេ​ធំ​ជាងគេ​បំផុត​ពី​វៀតណាម ដែល​ស្មើនឹង​អត្រា​១៨,៦៨% និង​១៣,០៧% នៃ​ចំណែក​ទីផ្សារ​សរុប ។

ទន្ទឹម​នឹង​នេះ នៅ​ខែកុម្ភៈ វៀតណាម​បាន​លក់​កៅស៊ូ​ទៅ​ឲ្យ​បរទេស​ចំនួន​៣៥.០០០​តោន គិត​ជា​ទឹកប្រាក់​ចំនួន​៣៨​លាន​ដុល្លារ ។ ទោះជា​យ៉ាងណា ការ​នាំ​ចេញ​កៅស៊ូ​ក្នុង​រយៈពេល​២​ខែ​ដំបូង​បាន​ធ្លាក់​ចុះ​៣,៧% និង​មាន​អត្រា​២៤,៦%​នៃ​តម្លៃ ក្នុង​ចំនួន​១២៨.០០០​តោន គិត​ជា​ទឹកប្រាក់​១៤៣​លាន​ដុល្លារ សម្រាប់​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន ឥណ្ឌា ម៉ា​ឡេ​ស៊ី ដែល​ប្រើប្រាស់​ជ័រកៅស៊ូ​វៀតណាម ។

ក្នុង​នោះ​ដែរ វៀតណាម​បាន​ចំណាយ​ប្រាក់​ចំនួន​១,១៥​ប៊ី​លាន​ដុល្លារ​នៃ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ជលផល ។ ការ​នាំ​ចូល​សរុប​ក្នុង​រយៈពេល​២​ខែ​ដំបូង ស្មើនឹង​៣,០៨​ប៊ី​លាន​ដុល្លារ ពោល​គឺ​ស្មើនឹង​៨% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ៕