តុល្យការ​នៃ​ព្យុះ​នៅ​ហ្វ៊ីជី​អ្នក​ស្លាប់​ឡើង​ដល់​36​នាក់

កាកបាទក្រហម​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ថា តុល្យការ​នៃ​ព្យុះ​ស៊ីក្លូន WINSTON ដែល​បោកបក់​លើ​ប្រទេស​ដែន​កោះ​ហ្វ៊ីជី ជា​ព្យុះ​ខ្លាំង​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​នេះ អ្នក​ស្លាប់​ឡើង​ដល់​៣៦​នាក់​ហើយ ។

លោក AHMAD SAMI អ្នក​ទទួល ខុស ត្រូវ​កាកបាទក្រហម​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ថ្លែងប្រាប់ AFP ថា តុល្យការ​ផ្លូវការ​នា​ពេល​នេះ​អ្នក​ស្លាប់​ឡើង​ដល់​៣៦​នាក់ ។ លោក​គិត​ថា តួលេខ​នេះ​នឹង​បន្ត​ឡើង​ទៀត ពេល​ទទួល​បាន​ព័ត៌មាន​នានា​ពី​បណ្តា​តំបន់​ដាច់​ស្រយាល ។

ព្យុះ WINSTON ដែល​មាន​កម្លាំង​ខ្យល់​រហូត​ដល់​៣២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង កាលពី​យប់​ថ្ងៃ​ទី​២០ មក​២១ កុម្ភៈ បាន​បំផ្លាញ​ផ្ទះ​ជា​ច្រើន​ខ្នង បំផ្លាញ​បណ្តា​ហេដ្ឋា​រចនា​សម្ព័ន្ធ ហើយ​បង្ខំ​ឱ្យ​ប្រជាជន​ដែល​មានការ​ភ័យ​ខ្លាច​ភៀសខ្លួន​ទៅ​កាន់​មជ្ឈមណ្ឌល​ជម្លៀស​មនុស្ស​ចេញ​បន្ទាន់​នានា ។

កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ នាយក​រដ្ឋមន្ត្រី​ប្រទេស​នេះ លោក VOREQE BAINIMARAMA បាន​ស្នើ​ដល់​បណ្តាជន​រង​គ្រោះ ដោយសារ​ព្យុះ​នេះ​ឱ្យ​អត់ធ្មត់ ។ លោក​មាន​ប្រសាសន៍​​ថា យើង​ដឹង​ថា​តើ​លោក​អ្នក​ស្ថិត​ក្នុង​សភាពការណ៍​សោកនាដកម្ម​បែប​ណា និង​ថា​តើ​គ្រួសារ​លោក​អ្នក​ជួប​ការ​លំបាក​បែប​ណា ក៏​ប៉ុន្តែ​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី ខ្ញុំ​សូម​ជម្រាប​ថា យើង​មិន​សម្រាក​ឡើយ បើ​ដរាបណា គេ​មិន​ទាន់​អាច​ចូល​ទៅ​ដល់​កន្លែង​លោក​អ្នក ៕