នៅ​អា​មេ​រិ​ក​មនុស្ស​14​នាក់​អាច​ឆ្លង​វីរុស​ZIKA​តាម​ការ​រួម​ភេទ

អាជ្ញាធរ​សុខាភិបាល​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ពី​ការ​ស៊ើបអង្កេត​លើ​មនុស្ស​១៤​នាក់ ដែល​អាច​ឆ្លង​វីរុស ZIKA តាម​ការ​រួម​ភេទ ។ មនុស្ស​ទាំងនេះ​ជានា​រី​ដែល​ពុំ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​តំបន់​រង​ការ​ប៉ះពាល់​ដោយសារ​ការ​ឆ្លង​ផ្ទុយ​ពី​បុរស​ជា​ដៃគូ​រួម​ភេទ ។ បុរស​ទាំងនេះ​មាន​រោគ​សញ្ញា​នៃ​ការ​ឆ្លង​វីរុស​នេះ​២​ស​ប្តា​ហ៍​មុន​ដៃគូ​នារី​រួម​ភេទ ។

មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​អា​​មេ​រិ​ក CDC រៀបរាប់​លម្អិត​ថា ការ​ឆ្លង​រក​ឃើញច្បាស់​ចំពោះ​នារី​២​នាក់ ក្នុង​ចំណោម​នារី​ទាំងនេះ ។ ការ​ពិនិត្យ​លើ​បណ្តា​បុរស​ជា​ដៃគូ​នៅ​បន្ត ។ សម្រាប់​នារី​៤​នាក់​ទៀត ការ​ធ្វើតេស្ត​ដំបូង​មាន​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស ZIKA ។ ការ​វិភាគ​បន្ថែម​ទៀត​ត្រូវធ្វើ ។

កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​នេះ មាន​សេចក្តីរាយការណ៍​ពី​លទ្ធភាព​ឆ្លង​វីរុស ZIKA តាម​រយៈ​ការ​រួម​ភេទ នៅ​រដ្ឋ​តិច​សាស់ គឺ​នារី​ម្នាក់​ដែល​បុរស​ជា​គូស្នេហ៍​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ។

ដោយ​គិត​ទៅ​ដល់​គ្រោះថ្នាក់ CDC កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ បាន​ផ្តល់​ការ​ណែនាំ​ដល់​បណ្តា​មនុស្ស​ដែល​វិល​ត្រឡប់​មក​ពី​បណ្តា​តំបន់​រង​ការ​ប៉ះពាល់​ដោយសារ​ការ​ឆ្លង​វីរុស​នេះ​ឱ្យ​ប្រើប្រាស់​ស្រោមអនាម័យ ឬ​ផ្អាក​រួម​ភេទ​សិន ។ ការ​ណែនាំ​នេះ​សំដៅ​ជា​ពិសេស​ចំពោះ​បណ្តា​នារី​មាន​ផ្ទៃពោះ និង​បណ្តា​ដៃគូ ។

ពួក​អ្នក​ស្រាវជ្រាវ​អង់គ្លេស​អះអាង​នា​ពេល​ថ្មី​ៗ​នេះ​ថា វីរុស​ប្រហែលជា​នៅ​មានជីវិត​យូរ​ថែម​ទៀត​ក្នុង​ប្រដាប់បន្តពូជ​របស់​បុរស​ក្រោយ​បាត់​រោគ​សញ្ញា ។ ការ​នៅ​រស់រាន​របស់​វីរុស​ត្រូវ​បាន​រក​ឃើញ​ក្នុង​ទឹកកាម​បុរស​ម្នាក់​៦២​ថ្ងៃក្រោយ​ការ​ឆ្លង​នៅ​ប្រជុំ​កោះ COOK កាលពី​ឆ្នាំ​២០១៤៕