ពួក​ចោរ​សមុទ្រ​វាយប្រហារ​នាវា​មួយ​គ្រឿង​នៅ​នី​ហ្សេ​រី​យ៉ា

កង​ម៉ា​រី​ន​នេ​ហ្សេ​រី​យ៉ា​អះអាង​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ថា នាវា​ផ្គត់ផ្គង់​មួយ​គ្រឿង​ដែល​មាន​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​ជិះ​ក្នុង​នោះ​ផង​បាន​ត្រូវ​ពួក​ចោរ​សមុទ្រ​វាយប្រហារ​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ BONNY ISLAND ភាគ​ខាងត្បូង​រដ្ឋ RIVERS របស់​នី​ហ្សេ​រី​យ៉ា​ដែល​សម្បូរ​ដោយ​ប្រេងកាត ។

ជនជាតិ​រុ​ស្ស៊ី​នោះ​ដែល​នៅ​ពុំ​ទាន់​ស្គាល់ឈ្មោះ​ត្រូវ​ចាប់ពង្រត់​ជាមួយ​សមាជិក​ក្រុម​នាវិក​ម្នាក់​ទៀត​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា ដោយ​ពួក​ចោរ​សមុទ្រ​ដែល​ចាប់​នាវា​ពួក​គេ​ឈ្មោះ MV BOURBON កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​កង​ម៉ា​រី​ន​នី​ហ្សេ​រី​យ៉ា​ថា នាវា​នេះ​ត្រូវ​ប្រទះ​ឃើញ​ដោយ​បុគ្គលិក​នៃ​នាវា​មួយ​ដែល​ស្ថិត​នៅ​ចម្ងាយ​៥៥​ម៉ា​យ​ពី​ដែនទឹក​ក្រុង BRAS ក្នុង​រដ្ឋ BAYELSA ។ ក្នុង​នាវា MV BOURBON ពេល​ប្រទះ​ឃើញ​ពុំ​មាន​មនុស្ស​ក្នុង​នោះ​ឡើយ ។ កង​ម៉ា​រី​ន​នី​ហ្សេ​រី​យ៉ា​គូសបញ្ជាក់​ថា ការ​ខិតខំ​ប្រឹងប្រែង​នានា​កំពុង​ធ្វើ​ដើម្បី​ឱ្យ​ដឹង​ថា​តើ​មាន​អ្វី​កើត​មាន​ជាមួយ​ក្រុម​នាវិក​របស់​នាវា​នេះ ។

កាលពី​៥​ឆ្នាំ​មុន កង​ម៉ា​រី​ន​នី​ហ្សេ​រី​យ៉ា​បាន​ជួយ​សង្គ្រោះ​នាវា​ដឹក​ប្រេង​មួយ​គ្រឿង និង​ក្រុម​នាវិក​ដែល​រង​ការ​វាយប្រហារ​ដោយ​ពួក​ចោរ​សមុទ្រ​នៅ​ជិត​ប្រជុំ​កោះ​សាវ​តូ​មេ ៕