បុរស​ម្នាក់​បាញ់ប្រហារ​លើ​បណ្តា​សហសេវិក​នៅ​រដ្ឋ​កាន់​សាស់​ស្លាប់​3​នាក់ របួស​14​នាក់

យោង​តាម​ប៉ូលិស​ថា បុរស​ម្នាក់​កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ បាន​ប្រើ​កាំភ្លើង​វាយលុក​បាញ់ប្រហារ​លើ​បណ្តា​សហសេវិក​របស់​ខ្លួន​ក្នុង​ក្រុមហ៊ុន​ផលិតក​ន្ទ្រៃ​តុង​ដឺ ក្នុង​ទីក្រុង​តូច​មួយ​នៃ​រដ្ឋ​កាន់​សាស់ ភាគ​កណ្តាល សហរដ្ឋ​អា​មេ​រិ​ក ដោយ​សម្លាប់​មនុស្ស​៣​នាក់ និង​ធ្វើ​ឱ្យ​របួស​១៤​នាក់ មុន​ពេល​ជន​នេះ​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់ ។

ប្រមុខ​ប៉ូលិស​មូលដ្ឋាន លោក T. WALTON ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​តាម​ទូ​​រ​ទស្សន៍​បញ្ជាក់​ថា មនុស្ស​៥​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​លោក​បន្ថយ​តុល្យការ​មុន​នេះ ដែល​ថា មាន​អ្នក​របួស​ដល់​៣០​នាក់ និង​ស្លាប់​៧​នាក់ ។

អាជ្ញាធរ​ពុំ​បាន​ប្រាប់​ឈ្មោះ​របស់​ខ្មាន់កាំភ្លើង​ឡើយ តែ​សារព័ត៌មាន​ក្នុងស្រុក​និយាយ​ថា ជន​នេះ​ឈ្មោះ CEDRIC FORD អាយុ​៣៨​ឆ្នាំ ។ រូបគេ​ធ្វើការ​នៅ​ក្រុមហ៊ុន EXCEL INDUSTRIES ជា​ក្រុមហ៊ុន​គ្រួសារ​មួយ​នៅ​ទីក្រុង HESSION មាន​ប្រជាជន​៣.៧០០​នាក់ ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង WICHITA ជាទី​ក្រុង​ធំ​បំផុត​នៃ​រដ្ឋ​កាន់​សាស់ ។

បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​អះអាង​ថា  FORD មាន​ជាប់ចោទ​របស់​តុលាការ​ពិសេស​ទាក់ទិន​នឹង​រឿង​ប្លន់ ហើយ​ប៉ូលិស​ពុំ​បាន​ផ្តល់​ភាព​លម្អិត​លើ​មូលហេតុ​នៃ​ការ​បាញ់ប្រហារ​របស់​ខ្មាន់កាំភ្លើង​រូប​នេះ ក៏​ប៉ុន្តែ​អះអាង​ថា អាជ្ញា​ធរមាន​ព័ត៌មាន​នានា​ដែល​គូសបញ្ជាក់​ថា​មានរឿង​មួយ​ចំនួន​ដែល​ជំរុញ​បុរស​នោះ​ឱ្យ​ប្រព្រឹត្ត​បែប​នេះ តែ​មិន​ផ្តល់​ភាព​លម្អិត​ឡើយ ។

ខ្មាន់កាំភ្លើង​ដែល​មាន​កាំភ្លើង​វាយលុក​មួយ និង​កាំភ្លើងខ្លី​មួយ​ដើម​ទៀត ត្រូវ​ប៉ូលិស​ម្នាក់​បាញ់​ស្លាប់​ក្នុង​បរិវេណ​ក្រុមហ៊ុន​EXCEL​។ ជន​នេះ​ហាក់​មិន​បាញ់ប្រហារ​លើ​មនុស្ស​ពិសេស​ណា​ឡើយ គឺ​បាញ់​ពាស​វាល​ពាស​កាល​ដោយ​បាញ់​លើ​មនុស្ស​មួយ​ចំនួន​ដែល​កំពុង​បើករថយន្ត ។

ការ​បាញ់ប្រហារ​ថ្មី​នេះ​នៅ​សហរដ្ឋ​អា​មេ​រិ​កកើត​មាន បន្ទាប់​ពី​ការ​បាញ់ប្រហារ​នៅ​រដ្ឋ​មី​ជី​ហ្គេ​ន​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ របស់​អ្នកបើកបរ​រថយន្ត​ម្នាក់​នៃ​ក្រុមហ៊ុន UBER សម្លាប់​មនុស្ស​៦​នាក់ និង​ធ្វើ​ឱ្យ​របួស​២​នាក់ ។ រួច​កាលពី​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០១៥ ប្តី​ប្រពន្ធ​សាសនិក​អ៊ិ​ស្លា​ម​និយម​ជ្រុល​មួយគូ​មាន​ប្រភព​ដើម​មក​ពី​ប៉ា​គី​ស្ថាន​បាន​បាញ់​សម្លាប់​មនុស្ស​១៤​នាក់ និង​ធ្វើ​ឱ្យ​របួស​២២​នាក់​នៅ SAN BERNARDINO រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ៕