វាយប្រហារ​ភេរវកម្ម​2​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្លាប់​25​នាក់

មនុស្ស​២៥​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​២​នៅ​ភាគ​ខាងកើត​ប្រទេស និង​នៅ​ក្នុង​រដ្ឋធានី ។ ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​ថ្មី​ទាំងនេះ​កើត​មាន​ពេល​ក្រុង​កា​ប៊ុល​ប៉ុនប៉ង​បញ្ចុះបញ្ចូល​ពួក​តា​លី​បង់​ឱ្យមក​កាន់​តុ​ចរចា ។

ពួក​តា​លី​បង់​ដែល​ជា​អ្នកធ្វើការ​វាយប្រហារ​ភេរវកម្ម​ជា​រឿយ​ៗ​នៅ​ក្រុង​កា​ប៊ុល​នោះ​លើក​នេះ​បាន​បញ្ជូន​ជន​អត្តឃាត​ម្នាក់​ឱ្យមក​បំផ្ទុះ​គ្រាប់បែក​នៅ​មុខក្រសួង​ការពារ​ប្រទេស​នា​កណ្តាល​រដ្ឋធានី​តែ​ម្តង ។ ក្រសួង​ការពារ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​សេចក្តី​ប្រកាស​មួយគូ​សបញ្ជាក់​ថា មនុស្ស​១២​នាក់ ក្នុង​នោះ​មាន​ទាហាន​២​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​មនុស្ស​៨​នាក់​ទៀត​រង​របួស ក្នុង​នោះ​មាន​នារី និង​កុមារ ។

សាក្សី​ម្នាក់​រៀបរាប់​ថា ខ្ញុំ​បានឃើញ​បណ្តាជន​ស៊ី​វិល និង​ពួក​ទាហាន​រង​របួស ។ ភាគច្រើន​នៃ​ជន​រង​គ្រោះជា​ជន​ស៊ី​វិល​ដែល​ចេញពី​ធ្វើការ ។

យោង​តាម​ពួក​អ្នកវិភាគ​ថា ពួក​តា​លី​បង់​បង្កើន​ការ​វាយប្រហារ​នៅ​កណ្តាល​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​ទាញ​យក​ប្រៀប​ក្នុង​ការ​ចរចា​សន្តិភាព​ជាមួយ​ក្រុង​កា​ប៊ុល ។

ទោះបី​យ៉ាងណា ពួក​តា​លី​បង់​ពុំ​បាន​ប្រកាស​ទ​ទួ​ួ​ល​ខុស​ត្រូវ​លើ​ការ​វាយប្រហារ​ភេរវកម្ម​មួយទៀត​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នៅ​ទីក្រុង​អាសា​ដា​បា​ដ ទីប្រជុំជន​ខេត្ត​គូ​ណា ភាគ​ខាងកើត​ប្រទេស​ឡើយ ។ នៅ​ទីនោះ​ជន​ស៊ី​វិល​១៣​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​៤០​នាក់​ទៀត​រង​របួស ក្នុង​ការ​វាយប្រហារ ដែល​សំដៅលើ​ប្រមុខ​កុលសម្ព័ន្ធ​មួយ​ដែល​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ពួក​បះបោរ ។  ប្រមុខ​កុលសម្ព័ន្ធ​រូប​នោះ​លោក HAJI KHAN JAN បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់​ជន​អត្តឃាត​ម្នាក់​ដែល​ជិះ​ម៉ូតូ​នៅ​មុខ​ផ្សារ​មួយ ។

ពួក​តា​លី​បង់​ជា​ទូទៅ​មិន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​ទាំងឡាយ​ដែល​សម្លាប់​ជន​ស៊ី​វិល​យ៉ាងច្រើន​ឡើយ ព្រោះ​ពួក​គេ​តែង​ប្រកាស​ថា វាយប្រហារ​តែ​លើ​ពួក​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ពួក​ទាហាន​បរទេស ដែល​ចាត់​ទុក​ថា​ជា​ពួក​ឈ្លានពាន​ប៉ុណ្ណោះ ៕