ផ្ទុះ​ក្នុង​អណ្តូងរ៉ែ​រុ​ស្ស៊ី​នៅ​អាក់​ទិ​ក​ស្លាប់​36​នាក់

ការ​ផ្ទុះ​ជា​ច្រើន​រយៈពេល​៣​ថ្ងៃ​ក្នុង​អណ្តូងរ៉ែ​រុ​ស្ស៊ី​មួយ​នៅ​តំបន់​អាក់​ទិ​ក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣៦​នាក់ ដែល​នេះ​ជា​គ្រោះថ្នាក់​ស្លាប់​មនុស្ស​យ៉ាងច្រើន​ក្នុង​ប្រទេស​នេះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ បន្ទាប់​ពី​ការ​ប្រកាស​នា​ថ្ងៃ​ទី​២៨ កុម្ភៈ របស់​ក្រុមហ៊ុន​រ៉ែ ដែល​ថា កម្មករ​រ៉ែ​ទាំង​២៦​នាក់​ដែល​បាត់​ខ្លួន​ពេល​នេះ​ចាត់​ទុក​ថា ស្លាប់​អស់ហើយ​មក។

គ្រោះថ្នាក់​ក្នុង​អណ្តូងរ៉ែ SEVERNAIA ស្ថិត​នៅ​សាធារណរដ្ឋ​រុ​ស្ស៊ី KOMIS ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​ខាងជើង​ប៉ូ​ល​ផែនដី​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​រុ​ស្ស៊ី​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​២០១០​មក ។

កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ ការ​ផ្ទុះ​២​លើក​ក្នុង​អណ្តូងរ៉ែ នេះ​ស្ថិត​នៅ​ជិត​ទីក្រុង VORKOUTA បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់ ចំណែក​កម្មករ​រ៉ែ​២៦​នាក់​បាត់​ខ្លួន ។ បន្ទាប់​មក​មានការ​ផ្ទុះ​មេតាន​លើក​ទី​៣ កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦​នាក់​ទៀត ក្នុង​នោះ​មាន​អ្នក​ជួយ​សង្គ្រោះ​៥​នាក់ ខណៈ​មនុស្ស​៧៧​នាក់​ស្ថិត​នៅ​បាត​អណ្តូង ។ ក្នុង​ចំណោម​មនុស្ស​៧១​នាក់ ដែល​ឡើង​មក​លើ​វិញ នៅ​រស់រាន​មានជីវិត​១១​នាក់​រង​របួស ។ ពួក​អ្នក​ជួយ​សង្គ្រោះ​ចុះ​ទៅ​បាត​អណ្តូង​តាម​រក​កម្មករ​រ៉ែ​២៦​នាក់​ដែល​បាត់​ខ្លួន​។ អ្នក​ទាំងនេះ​ត្រូវ​បាន​ប្រកាស​ថា ស្លាប់​អស់​ហើយដោយ​រដ្ឋមន្ត្រី​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូត​កូវ ។ លោក​ថ្លែង​ទៅ​កាន់​ទូរទស្សន៍​រុ​ស្ស៊ី VGTRK ថា ក្នុង​សីតុណ្ហភាព​ខ្ពស់​បែប​នេះ ហើយ​គ្មាន​ខ្យល់​អុកស៊ីហ្សែន​ទៀត មិន​អាច​ឱ្យ​មនុស្ស​នៅរ​ស់បាន​ទេ ក្នុង​ចំណោម​កម្មករ​រ៉ែ​ដែល​បាត់​ខ្លួន​ទាំងនេះ ៕