វាយប្រហារ​ភេរវកម្ម​ប្រឆាំង​ពួក​ស៊ី​អីុត​នៅ​អីុ​រ៉ា​ក់​ស្លាប់​40​នាក់

ប្រភព​ព័ត៌មាន​ប៉ូលិស និង​មន្ទីរពេទ្យ​រាយការណ៍​ថា ការ​វាយប្រហារ​អត្តឃាត​មួយ​ប្រកាស​ទទួលខុសត្រូវ​ដោយ​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤០​នាក់ កាលពី​ថ្ងៃ​ទី​២៩ កុម្ភៈ ក្នុង​ពិធី​បុណ្យសព​ជន​ស៊ី​អីុ​តម្នាក់​ក្នុង​ខេត្ត​ឌី​យ៉ា​ឡា​ភាគ​ខាងកើត​អីុ​រ៉ា​ក់ ។

ជន​អត្តឃាត​នេះ បាន​ចុច​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​នៅ MOKDADIA ចម្ងាយ​៨០​គីឡូម៉ែត្រ​ភាគ​ឦសាន​ក្រុង​បា​ដា​ដ ។ បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​សន្តិសុខ​បញ្ជាក់​ថា ការ​វាយប្រហារ​នេះ​សំដៅលើ​មេបញ្ជាការ​មូលដ្ឋាន​២​រូប​របស់​ក្រុម HACHID CHAABI ជា​សម្ព័ន្ធមិត្ត​របស់​ពួក​ជីវពល​ស៊ី​អីុត​អីុ​រ៉ា​ក់​ដែល​មក​ចូលរួម​ក្នុង​ពិធី​បុណ្យសព​នោះ។

ប្រភព​ព័ត៌មាន​សន្តិសុខ និង​ប៉ូលិស​ខេត្ត​ឌី​យ៉ា​ឡា​អះអាង​ថា មេបញ្ជាការ​មូលដ្ឋាន​នៃ​ក្រុម​ជីវពល​នោះ​៦​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​នេះ ហើយ​មនុស្ស​៥៨​នាក់​ទៀត​រង​របួស ។

កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ការ​វាយប្រហារ​អត្តឃាត​មួយទៀត​ប្រឆាំង​ពួក​ស៊ី​អីុ​ត​អីុ​រ៉ា​ក់​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែរ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧៨​នាក់ និង​ជាង​១០០​នាក់​រង​របួស​នៅ​សង្កាត់ SADR CYTY ក្រុង​បា​ដា​ដ ៕