ក្នុង​ខែកុម្ភៈ អំពើ​ហិង្សា​នៅ​អីុ​រ៉ា​ក់​សម្លាប់​មនុស្ស​670​នាក់

ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ មីនា បេសកកម្ម​ជំនួយ​របស់ អ​.​ស​.​ប សម្រាប់​អីុ​រ៉ា​ក់ UNAMI ថ្លែង​ថា ជនជាតិ​អីុ​រ៉ា​ក់​សរុប​៦៧០​នាក់​ស្លាប់ និង​១.២៩០​នាក់​រង​របួស​ក្នុង​អំពើ​ភេរវកម្ម​អំពើ​ហិង្សា និង​ជម្លោះ​ដោយ​អាវុធ​ក្នុង​ខែកុម្ភៈ នៅ​ប្រទេស​អីុ​រ៉ា​ក់ ។

យោង​តាម​សេចក្តី​ប្រកាស​នេះ​ថា ជនជាតិ​អីុ​រ៉ា​ក់​៦៧០​នាក់​ស្លាប់ ក្នុង​នោះ​៤១០​នាក់ ជា​ជន​ស៊ី​វិល ហើយ​ក្នុង​ចំណោម​អ្នក​របួស​១.២៩០​នាក់ ១.០៥០​នាក់​ជា​ជន​ស៊ី​វិល ។

លោក JAN KUBIS តំណាង​របស់ អ​.​ស​.​ប ប្រចាំ​អីុ​រ៉ា​ក់ និង​ជា​ប្រមុខ UNAMI បាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​វាយប្រហារ​អត្តឃាត​សំដៅលើ​ពិធីបុណ្យ​សព​នៅ​ទីក្រុង MAQDADIYAH ខេត្ត​ឌី​យ៉ា​ឡា និង​ការ​វាយប្រហារ​ឯទៀត​ៗ​នៅ​សង្កាត់​អា​ប៊ូ​ហ្គ្រា​អីុប និង​លើ​ផ្សារ​មួយ​នៅ​សង្កាត់ SADR CITY ក្រុង​បា​ដា​ដ ។ លោក​គូសបញ្ជាក់​ថា ការ​វាយប្រហារ​ដ៏​សាហាវ​ទាំងនេះ​នៅ MAQDADIYAH ប្រឆាំង​ពិធី​បុណ្យសព ការ​វាយប្រហារ​នៅ​អា​ប៊ូ​ហ្គ្រា​អីុ​ប និង​លើ​ផ្សារ​មួយ​នៅ​សង្កាត់ SADR CITY ព្រមទាំង​នៅ​តាម​កន្លែង​បូជា​ឯទៀត​ៗ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​សិប​នាក់ ហើយ​ច្រើន​នាក់​ទៀត​រង​របួស​មាន​ទិស​ដៅ​បំផ្លាញ​ឯកភាព​អីុ​រ៉ា​ក់  ។

ពលរដ្ឋ​អីុរ៉ា​ក់​ត្រូវ​តែ​រារាំង​ពួក​ភេរវ​ករ​កុំឱ្យ​សម្រេច​បាន​ទិស​ដៅ​របស់​ពួក​គេ​គឺ​បំផ្លាញ​ឯកភាព​អីុ​រ៉ា​ក់ និង​ប្រជាជន​អីុ​រ៉ា​ក់ ។ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​អីុ​រ៉ា​ក់​ឱ្យ​ធានា​ថា ពួក​អ្នក​វាយប្រហារ​នឹង​ត្រូវ​ចាប់​មក​ផ្តន្ទាទោស​ឱ្យ​បាន​ឆាប់ ។

ក្នុង​ខែមករា UNAMI រៀបរាប់​ពី​មនុស្ស​ស្លាប់​៨៤៩​នាក់ និង​របួស​១.៤៥០​មនាក់ ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម និង​អំពើ​ហិង្សា​ក្នុង​ប្រទេស​នេះ ។

ប្រទេស​អីុ​រ៉ា​ក់ បច្ចុប្បន្ន​ជួប​ប្រទះ​នឹង​រលក​នៃ​អំពើ​ហិង្សា​ចាប់តាំងពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ត្រួតត្រា​មួយ​ផ្នែក​ធំ​នៃ​តំបន់​ភាគ​ខាងជើង និង​ភាគ​ខាងលិច​ប្រទេស​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៤ មក ៕