បោះ​ឆ្នោត​សម្រាំង​បេក្ខជន​ប្រធានាធិបតី​អា​មេ​រិ​ក​ក្នុង​រដ្ឋ 12​លោក​TRUMP និង​លោកស្រី​ហ៊ីល​ឡា​រី​នាំមុខ

ពលរដ្ឋ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១ មីនា បាន​បោះ​ឆ្នោត​សម្រាំង​បេក្ខជន​ប្រធានាធិបតី​ក្នុង​រដ្ឋ​១២ ដែល​នោះ​ជា​ទិវា​សំខាន់​បំផុត​មួយ​នៃ​ការ​សម្រាំង​បេក្ខជន​ប្រធានាធិបតី​នៃ​គណ​បក្ស​ទាំង​២​ដោយ​លទ្ធផល​ដំបូង​ៗ​បង្ហាញ​ថា​លោក DONALD TRUMP ខាង​គណបក្ស​សាធារណរដ្ឋ និង​លោកស្រី​ហ៊ី​ល​ឡា​រី​គ្លី​ន​តុ​នខា​ង​គណបក្ស​ប្រជាធិបតេយ្យ​ជា​អ្នក​មាន​​ប្រៀប ។

ក្រោយ​ពេល​បិទ​ការិយាល័យ​បោះ​ឆ្នោត​អ្នក​ទាំង​២​នោះ​ក្នុង​ការ​ប្រជែង​គ្នា​ដើម្បី​ក្លាយជា​អ្នក​បន្តវេន ពី​លោកប៉ា​រ៉ា​ក់ អូ​បា​ម៉ា ហាក់​ទទួល​បាន​ជ័យជម្នះ​ក្នុង​រដ្ឋ​ធំ​ច​ច​ជៀ ។ ភ្លាម​ៗ​តាម TWEETER លោក DONALD TRUMP មហាសេដ្ឋី​ខាង​អចលនទ្រព្យ​អាយុ​៦៩​ឆ្នាំ សរសេរ​ថា ខ្ញុំ​សូម​អរគុណ​រដ្ឋ​ច​ច​ជៀ ។ លោក​ក៏​ឈ្នះ​នៅ​រដ្ឋ​អា​កាន់​សាស់ តេ​នឺ​ស៊ី អា​ឡា​បា​ម៉ា  វៀ​ជឺ​នៀ វ័​រ​ម៉ុង និង​ម៉ា​សាជូ​សេត ។

ចំណែក​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន​វិញ យោង​តាម​ទូរទស្សន៍​អា​មេ​រិ​ក​ទាំងឡាយ​ថា ជា​អ្នក​ឈ្នះ​នៅ​រដ្ឋ​វៀជី​នៀ ។ គូប្រជែង​តែ​ម្នាក់​គត់​របស់​លោកស្រី​ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន ខាង​គណបក្ស​ប្រជាធិបតេយ្យ​ព្រឹទ្ធ​សមាជិក លោក BERNIE SANDERS ឈ្នះ​នៅ​រដ្ឋ​វ័​រ​ម៉ុង​របស់​លោក ។

យោង​តាម​ទូរទស្សន៍​អា​មេ​រិ​ក​ទាំងឡាយ​ថា ដូច​ការ​គិត​ទុក​លោកស្រី​ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន ឈ្នះ​ការ​បោះ​ឆ្នោត​សម្រាំង​នៅ​រដ្ឋ​ច​ច​ជៀ អា​ឡា​បា​ម៉ា តេ​នឺ​ស៊ី វៀ​ជឺ​នៀ  អា​កាន់​សាស់ តិច​សាស់ និង​ម៉ា​សាជូ​សេត ខណៈ​លោក  BERNIE SANDERS ឈ្នះ​ក្នុង​រដ្ឋ​វ័​រ​ម៉ុង អូ​ក្លា​ហូ​ម៉ា កូ​ឡា​រ៉ា​ដូ និង​មី​នី​សូ​តា ។ ដូច​នៅ​រដ្ឋ​ការ៉ូ​លី​ន ខាងត្បូង ដែរ លោកស្រី​ហុ​ី​ល​ឡា​រី ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​ពួក​ស្បែក​ខ្មៅ នៅ​រដ្ឋ​វៀ​ជឺ​នៀ ដល់​ទៅ​៨២% ។

ចំពោះ​ប្រៀប​រវាង​លោក DONALD TRUMP និង​លោកស្រី​ហ៊ីល​ឡា​រី យោង​តាម​ការ​ស្ទាបស្ទង់​មតិ​មួយ​របស់ CNN ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ មីនា​ថា បេក្ខជន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មាន​ប្រៀប​ជាង​លោក DONALD TRUMP គឺ​៥៥% សម្រាប់​លោក SANDERS ទល់​នឹង​៤៣% សម្រាប់​លោក TRUMP ហើយ​សម្រាប់​លោកស្រី​ហ៊ី​ល​ឡា​រី​៥២% ទល់​៤៤% ។

ពួក​អភិរក្សនិយម​មួយ​ចំនួន​នៃ​គណបក្ស​សាធារណរដ្ឋ​អះអាង​ថា ពួក​គេ​នឹង​មិន​បោះ​ឆ្នោត​ឱ្យ​លោក TRUMP ធ្វើ​ប្រធានាធិបតី​ឡើយ បើ​លោក TRUMP ជា​បេក្ខជន​សម្រាំង​នៃ​គណបក្ស​ពួក​គេ ៕