រក​ឃើញ​បំណែក​យន្តហោះ​មួយ​នៅ​ម៉ូ​ហ្សំ​ប៊ិក​សង្ស័យ​បំណែក​យន្តហោះ​MH370

អស់​ពេល​២​ឆ្នាំ​ហើយ ស្រាប់តែ​មានការ​ប្រកាស​ពី​ការ​រក​ឃើញ​នា​ឆ្នេរសមុទ្រ​ម៉ូ​ហ្សំ​ប៊ិក​នូវ​បំណែក​យន្តហោះ​មួយ​កាលពី​ថ្ងៃ​ទី​២ មីនា នាំ​ឱ្យ​អាថ៌​កំបាំង​នៃ​ការ​បាត់ដាន​យន្ត​ហោះ​ប៊ូ​អីុ​ង​៧៧៧​ជើងហោះហើរ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី MALAYSIA AIRLINES ក្លាយជា​រឿង​បច្ចុប្បន្នភាព​ទៀត ។

លោក LIOW TIONG LAI រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ម៉ា​ឡេ​ស៊ី​ថ្លែង​ថា យោង​តាម​ព័ត៌មាន​ដំបូង​ៗ វា​មាន​លទ្ធភាព​ខ្ពស់​ដែល​បំណែក​រក​ឃើញ​នៅ​ប្រទេស​ម៉ូ​ហ្សំ​ប៊ិក​ជា បំណែក​មក​ពី​យន្តហោះ​ប៊ូ​អីុ​ង​មួយ​គ្រឿង ប្រភេទ​យន្តហោះ​បាត់ដាន ។

កាលពី​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០១៤ អ្នកដំណើរ និង​សមាជិក​ក្រុម​យានិក​២៣៩​នាក់ ស្ថិត​លើ​យន្តហោះ​ដែល​ហោះ​ចេញពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង ។ ២​ឆ្នាំ​មក​ហើយ ការ​បាត់ដាន​យន្តហោះ​នេះ​នៅ​តែ​ជា​អាថ៌​កំបាំង​ធំ​មួយ​នៃ​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​ស៊ី​វិល ។

អាជ្ញាធរ​ម៉ូ​ហ្សំ​ប៊ិក​អះអាង​ថា បំណែក​មួយ​របស់​យន្តហោះ​ដែល​នៅ​ពុំ​ទាន់​កំណត់​អត្តសញ្ញាណ​ឡើយ ត្រូវ​បាន​ប្រគល់​ឱ្យ​ខ្លួន​ដោយ​អ្នកទេសចរ​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ លោក BLAINE GIBSON ។ អ្នកទេសចរ​រូប​នេះ​និយាយ​ថា រូបគេ​ដើរ​លេង​លើ​ឆ្នេរ​ខ្សាច់​កាលពី​២​ថ្ងៃមុន ហើយ​ប្រទះ​ឃើញ​បំណែក​មួយ​នៅ​ជិត VILANKULO លើ​ឆ្នេរ​ខ្សាច់​ដែល​គេ​ហៅ​ថា តំបន់ PALUMA ជិត​កោះ BENGUERRA ក្នុង​ប្រជុំ​កោះ BAZARUTO ជា​តំបន់​ទេសចរណ៍​មាន​ប្រជាប្រិយ​មួយ ។ លោក GIBSON ដែល​កាន់ BLOG មួយ​ពី​ការ​តាម​រក​យន្តហោះ MH370 ក៏​ជា​អ្នក​តាម​រក​បំណែក​យន្តហោះ​បាត់ដាន​នេះ​ដែរ ។

លោក JOAO DE ABREU ប្រធាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​ម៉ូ​ហ្សំ​ប៊ិក IACM និយាយ​ថា បំណែក​នេះ​មាន​ទំហំ​៥៧​សង្ទីម៉ែត្រ​លើ​៩០​សង្ទីម៉ែត្រ ហើយ​មាន​ពណ៌​ប្រផេះ។ លោក​បន្ត​ថា វា​ជា​ការ​ប្រញាប់​ពេក​ក្នុង​ការ​និយាយ​ថា បំណែក​នេះ​ពិតជា​បំណែក​យន្តហោះ​ប៊ូ​អីុ​ង​មួយ ឬ​ក៏​បំណែក​យន្តហោះ AIRBUS ឬ​យន្តហោះ​ឯទៀត ។ លោក​គូស​បញ្ជាក់​ថា ម៉ូ​ហ្សំ​ប៊ិក​នឹង​ហៅ​ពួក​អ្នក​ជំនាញការ​ដើម្បី​យក​វា​ទៅ​ធ្វើការ​វិភាគ ។

យោង​តាម​ទូរទស្សន៍​អា​មេ​រិ​ក NBC ដែល​ដកស្រង់​សម្តី​ពួក​អ្នកស៊ើប​អង្កេត​អា​មេ​រិ​ក ម៉ា​ឡេ​ស៊ី និង​អូស្ត្រាលី ដែល​អាច​បានឃើញ​រូបថត​នៃ​បំណែក​នេះ​ថា បំណែក​នោះ​អាច​ជា​បំណែក​នៃ​ស្លាប​កន្ទុយ​សម្រាប់​ប្រើ​ជា​ចង្កូត ឬ​ឱ្យ​យន្តហោះ​មាន​លំនឹង​នៃ​យន្តហោះ​ប៊ូ​អីុ​ង​៧៧៧​មួយ​គ្រឿង​។

រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ម៉ា​ឡេ​ស៊ី​ថ្លែង​ទៀត​ថា ប្រទេស​របស់​លោក​នឹង​ធ្វើការ​ជាមួយ​អូស្ត្រាលី ដែល​ជា​អ្នកសម្របសម្រួល​ការ​តាម​រុករក​យន្តហោះ​បាត់ដាន​នេះ​នៅ​ក្នុង​មហា​សមុទ្រ​​ឥណ្ឌា ដើម្បី​យក​បំណែក​នេះ​ទៅ​កំណត់​ប្រភព ។ លោក​អំពាវនាវ​ឱ្យ​ចៀសវាង​កុំ​បំ​ផ្លោង​ពាក្យ​ចចាមអារ៉ាម​ឥតប្រយោជន៍​នានា ព្រោះ​សម្រាប់​ពេល​នេះ យើង​នៅ​ពុំ​ទាន់​ធ្វើការ​សន្និដ្ឋាន​ថា បំណែក​នោះ​ពិតជា​មក​ពី​យន្តហោះ MH 370 នៅឡើយ ។

រហូត​មក​ទល់​ពេល​នេះ មាន​តែ​បំណែក​ស្លាប​តែ​មួយ​គត់​នៃ​យន្តហោះ​នោះ​ត្រូវ​បាន​រក​ឃើញ កាលពី​ខែកក្កដា ឆ្នាំ​២០១៥ នៅ​កោះ REUNION បារាំង​ក្នុង​មហាសមុទ្រ​ឥណ្ឌា ក៏​ប៉ុន្តែ​លក្ខខណ្ឌ​នៃ​ការ​បាត់ដាន​យន្តហោះ​ប៊ូ​អីុ​ង​នេះ​នៅ​តែ​ពុំ​ទាន់​ដឹង​នៅឡើយ ៕