នូ​វែ​ល​ហ្សេ​ឡង់​បោះ​ប្រជាមតិ​ជ្រើសរើស​ទង់ជាតិ​ថ្មី

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​៣ មីនា ធ្វើការ​បោះ​ប្រជាមតិ​មួយ​ដើម្បី​ជ្រើសរើស​ទង់ជាតិ​ថ្មី​របស់​ប្រទេស ដែល​ការ​បោះ​ប្រជាមតិ​នេះ​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី លោក JOHN KEY ចាត់​ទុក​ថា ជា​ឱកាស​ដើម្បី​លុប​បំបាត់​ចោល​ទង់ជាតិ​បច្ចុប្បន្ន​ដែល​ជា​និមិត្តរូប​នេះ​អាណានិគម​អង់គ្លេស ។

បន្ទាប់​ពី​ការ​ជជែក​ដេញដោល​គ្នា រយៈពេល​១៨​ខែ​មក​ហើយ បណ្តា​អ្នកបោះឆ្នោត​នៃ​ប្រទេស ដែន​កោះ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ភាគ​ខាងត្បូង​នេះ​ត្រូវ​ធ្វើការ​ជ្រើសរើស​រវាង​ទង់ជាតិ​បច្ចុប្បន្ន ដែល​លោក JOHN KEY ថា ជា​និមិត្តរូប​នៃ​អាណានិគម និង​ទង់ជាតិ​ថ្មី​មួយ​ដែល​ត្រូវ​ប្រើ​ជំនួស ។

សន្លឹក​ឆ្នោត​ប្រមាណ​ជា​៣​លាន​សន្លឹក​ត្រូវ​បាន​ចែកចាយ​ក្នុង​ទូ​ទាំង​ប្រទេស ដែល​មាន​ប្រជាជន​៤,៥​លាន​នាក់​នេះ ។ អាជ្ញាធរ​នឹង​ទទួលយក​គំរូ​ទង់ជាតិ​ណា​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាងគេ ។

លោក JOHN KEY គូសបញ្ជាក់​ថា ការ​បោះ​ប្រជាមតិ​នេះ​ជា​ឱកាស​ដ៏​កម្រ​មួយ​សម្រាប់​អ្នកបោះឆ្នោត​ជ្រើសរើស​យក​និមិត្តរូប​ថ្មី​របស់​ជាតិ​ជា​លើក​ដំបូង​ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ពី​ឆ្នាំ​១៩៣១​មក ។ លោក​បន្ត​ថា ប្រសិនបើ​យើង​មិន​អនុម័ត​ឱ្យ​មានការ​ផ្លាស់​ប្តូរ​នា​ពេល​នេះ នោះ​យើង​នឹង​ពុំ​មានឱកាស​ផ្សេង​មុន​ពេល​យើង​ក្លាយជា​សាធារណរដ្ឋ​មួយ​ឡើយ ៕