ម៉ា​ឡេ​ស៊ី​បញ្ជូន​ក្រុម​មួយ​មក​ពិនិត្យ​បំណែក​រក​ឃើញ​នៅ​ម៉ូ​ហ្សំ​ប៊ិក

រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ម៉ា​ឡេ​ស៊ី លោក LIOW TIONG LAI ថ្លែង​កាលពី​ថ្ងៃ​ទី​៣ មីនា ថា ក្រុម​មួយ​នឹង​បញ្ជូន​មក​កាន់​ប្រទេស​ម៉ូ​ហ្សំ​ប៊ិក ដើម្បី​ស៊ើបអង្កេត​លើ​បំណែក​យន្តហោះ​ដែល​ទើប​រក​ឃើញ​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ប្រទេស​នៅ​អាហ្វ្រិក​នេះ ដែល​បំណែក​នោះ​សង្ស័យ​ថា​ជា​បំណែក​យន្តហោះ​ជើងហោះហើរ MH 370 ។

លោក LIOW បញ្ជាក់​ថា ក្រុម​នេះ​នឹង​រួម​មាន​សមាជិក​នាយកដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ម៉ា​ឡេ​ស៊ី ក្រុមហ៊ុន​អាកាសចរណ៍ MALAYSIA AIRLINES និង​ក្រុម​ស៊ើបអង្កេត​លើ​ការ​បាត់ដាន​យន្តហោះ​នេះ ។ បំណែក​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ដើម្បី​ពិនិត្យ ព្រោះ​មនុស្ស​របស់​អូស្ត្រាលី​មួយ​ក្រុម​ស្ថិត​នៅ​ប្រទេស​ម៉ូ​ហ្សំ​ប៊ិក​រួច​ហើយ ។ លោក​បន្ត​ថា ខ្ញុំ​ពុំ​ដឹង​ពី​ភាព​លម្អិត​ទាក់ទិន​នឹង​កាលបរិច្ឆេទ​នៃ​ការ​បញ្ជូន​បំណែក​នេះ​ដល់​ប្រទេស​អូស្ត្រាលី​ឡើយ ក៏​ប៉ុន្តែ​ច្បាស់​ណាស់ នឹង​ប្រគល់​ឱ្យ​ដល់​ម៉ា​ឡេ​ស៊ី ។

ប្រសិនបើ​បំណែក​នេះ​ពិតជា​មក​ពី​យន្តហោះ MH 370 មែន នោះ យន្តហោះ​នេះ​អាច​ស្ថិត​នៅ​ក្នុង​ភាគ​ខាងត្បូង​នៃ​មហាសមុទ្រ​ឥណ្ឌា ។

លោក LIOW គូសបញ្ជាក់​ទៀត​ថា កិច្ចប្រជុំ​ត្រីភាគី​មួយ​រវាង​ម៉ា​ឡេ​ស៊ី អូស្ត្រាលី និង​ចិន គ្រោង​ធ្វើ​នា​ខែមិថុនា ដោយ​នា​ឱកាស​នោះ បណ្តា​អ្នក​ជំនាញការ​នឹង​ផ្តល់​បណ្តា​ទីកន្លែង​សម្រាប់​ការ​តាម​រុករក​នា​ពេល​អនាគត ៕