ភ្លើង​ឆាបឆេះ​លើ​នាវា​ផ្ទុក​យន្តហោះ​ឥណ្ឌា​ស្លាប់​ម្នាក់​របួស​4​នាក់

នា​ព្រឹក​ថ្ងៃ​ទី​៧ មីនា កង​ម៉ា​រី​ន​ឥណ្ឌា​អះអាង​ថា នាវិក​ម្នាក់​បាន​ត្រូវ​ស្លាប់​ហើយ​៤​នាក់​ទៀត​រង​របួស​ដោយសារ​មាន​ភ្លើង​ឆាបឆេះ​មិន​ខ្លាំងក្លា​ប៉ុន្មាន​ឡើយ​ក្នុង​នាវា​ផ្ទុក​យន្តហោះ​ឥណ្ឌា INS   VIRAAT កាលពី​ថ្ងៃ​ទី​៦ មីនា នៅ​កំពង់​ផែ GOA​។

យោង​តាម​អ្នកនាំពាក្យ​ម្នាក់​របស់​កង​ម៉ា​រី​ន​ឥណ្ឌា​ថា អគ្គិភ័យ​នោះ​បណ្តាល​មក​ពី​ការ​ធ្លាយ​ចំហាយ​ពី​ឡ​ដុត​នៃ​នាវាចម្បាំង​ដែល​នឹង​ត្រូវ​ដក​ចេញ​លែង​ប្រើ​ក្នុង​ពេល​បន្តិចទៀត​នោះ ។

នាវា​ផ្ទុក​យន្តហោះ INS   VIRAAT ដាក់ ឱ្យ​ប្រើប្រាស់​ចាប់តាំងពី​៣​ទស​វត្ស​មក​ហើយ បន្ទាប់​ពី​ចក្រភព​អង់គ្លេស​លក់​ឱ្យ​ឥណ្ឌា​កាលពី​ឆ្នាំ​១៩៨៧ ។ នាវា​នោះ​ជានា​វា​ផ្ទុក​យន្តហោះ​មួយ​ក្នុង​ចំណោម​នាវា​ផ្ទុក​យន្តហោះ​២​គ្រឿង​ដែល​ប្រទេស​ឥណ្ឌា​កំពុង​ប្រើ ។

កង​ម៉ា​រី​ន​ឥណ្ឌា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជួប​ប្រទះ​នឹង​ឧប្បត្តិហេតុ​មួយ​ចំនួន​ក្នុង​នោះ​មានការ​ផ្ទុះ​និង​លិច​នាវាមុជទឹក​មួយ​គ្រឿង​នៅ​ទីក្រុង​មុម​បៃ កាលពី​ខែសីហា ឆ្នាំ​២០១៣ បណ្តាល​ឱ្យ​ស្លាប់​នាវិក​១៨​នាក់ ៕